ជាតិ
គ.ជ.ប៖ គ្មានអ្នកណាម្នាក់ អាចរារាំងការងារបោះឆ្នោតបានឡើយ លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំនាពេលកន្លងមក
× ភ្នំពេញ៖ ក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបញ្ជាក់ជាថ្មីថា ខ្លួន ជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ហើយត្រូវប្រកាន់ជំហរ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ការប្រកាសជំហរបែបនេះរបស់គ.ជ.ប គឺធ្វើឡើងក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ ដោយអះអាងថា មិនគាំទ្រការរៀបចំបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២0១៨។
សេចក្តីថ្លែងការណ៍របស់គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖«គ្មាននរណាម្នាក់មានសិទ្ធិមករារាំងការងាររបស់ គ.ជ.ប បានទេ ជាពិសេស គ.ជ.ប កំពុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នេះ»។
ដើម្បីអាចធានាបាននូវភាពត្រឹមត្រូវតាមគន្លងច្បាប់ និងទទួលបានការជឿទុកចិត្ត ចំពោះការបោះឆ្នោត គ.ជ.ប ត្រូវអនុវត្តគោលការណ៍មួយចំនួន ដូចជា ឯករាជ្យភាព អព្យាក្រឹតភាព សុចរិតភាព តម្លាភាព ប្រសិទ្ធភាព វិជ្ជាជីវៈ និងភាពជាអ្នកបម្រើសេវា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គ.ជ.ប ដដែល។
ជុំវិញការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មុនគ.ជ.ប។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន អតីតគណបក្សសង្គ្រោះជាតិ បានប្រកាសមិនគាំទ្រការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយសារតែខ្លួន អវត្តមាន។ ម្យ៉ាងទៀត អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ បានលើកហេតុផលថា តំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត មិនមែនជាតំណាងឆន្ទៈប្រជាពលរដ្ឋនោះទេ។
យ៉ាងណាក៏ដោយ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤នេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក។ ទាំងរដ្ឋាភិបាល និងគ.ជ.ប សុទ្ធតែបញ្ជាក់បែបនេះ។
ការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានដំណើរការអស់រយៈពេលបី-បួនថ្ងៃហើយ។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលលេចធ្លោជាងគេក្នុងការឃោសនានេះ។ រីឯ គណបក្សយុជជនកម្ពុជា ទើបនឹងចេញធ្វើយុទ្ធនាការ រកសំឡេងឆ្នោត នៅថ្ងៃទី១៣ ខែកុម្ភៈនេះ។ ចំណែក គណបក្សពីរទៀត គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មិនទាន់ចេញធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនោះទេ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានតែគណបក្សបួននេះទេ ដែលចូលរួម៕
© រក្សាសិទ្ធិដោយ thmeythmey.com