កូរ៉េខាងត្បូង​៖ អតីត​មនុស្ស​ជំនិត​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ជាប់គុក​២០​ឆ្នាំ​ក្នុង​សំណុំរឿង​ពុករលួយ​
អន្តរជាតិ
កូរ៉េខាងត្បូង​៖ អតីត​មនុស្ស​ជំនិត​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ជាប់គុក​២០​ឆ្នាំ​ក្នុង​សំណុំរឿង​ពុករលួយ​
13, Feb 2018 , 9:19 pm        
រូបភាព
លោកស្រី Choi Soon-sil ពេលបញ្ជូនទៅកាន់តុលាការ (រូបភាព៖ AFP)
លោកស្រី Choi Soon-sil ពេលបញ្ជូនទៅកាន់តុលាការ (រូបភាព៖ AFP)
​តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​កាត់ទោស​លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល (Choi Soon-sil) ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​២០​ឆ្នាំ​លើ​សំណុំរឿង​ពុករលួយ​។ លោកស្រី ឆ​យ មនុស្ស​ជំនិត​របស់​លោកស្រី ប៉ាក ហ្គឺ​ន​ហេ គឺជា​បុគ្គល​នៅ​ចំ​កណ្ដាល​រឿងអាស្រូវ​ពុករលួយ​រវាង​នយោបាយ និង​សេដ្ឋី​នៅ​កូរ៉េខាងត្បូង​រហូត​ធ្វើ​ឲ្យ​លោកស្រី ប៉ាក អស់តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំមុន និង​កំពុង​រង់ចាំ​ការកាត់ទោស​។



​តុលាការក្រុង​សេ​អ៊ូ​ល​បានប្រកាស​សាលក្រម​ដាក់ទោស​លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល មនុស្ស​ជិតស្និទ្ធ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ពីបទ​បំពាន​អំណាច​រដ្ឋ ការទទួល​សំណូក និង​ការបង្ខិតបង្ខំ​។ តុលាការ​ដដែល​ក៏បាន​បញ្ជា​ឲ្យ​លោកស្រី ឆ​យ បង់ប្រាក់​ពិន័យ​ចំនួន​១៦,៦​លាន​ដុល្លារ​ផងដែរ​។ លោកស្រី ឆ​យ ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៧ និង​ការចោទប្រកាន់​ចំនួន​១៨​ករណី​ឯណោះ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua តុលាការ​រកឃើញថា លោកស្រី ឆ​យ បានទទួល​សំណូក​ចំនួន​៦,៧​លាន​ដុល្លារ​ពី​លោក Lee Jae-yong អ្នក​ស្នង​តំណែង​ក្រុមហ៊ុន Samsung ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​របស់​កូរ៉េខាងត្បូង ដើម្បី​ផលប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។ តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោកស្រី ប៉ាក លោកស្រី ឆ​យ ក៏​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ទៀត​បង់ប្រាក់​រាប់​សិន​លាន​ដុល្លារ​ទៅកាន់​មូលនិធិ​ផ្ទាល់ខ្លួន​។​

​ជាមួយគ្នា​នោះ លោកស្រី ឆ​យ ក៏​រកឃើញ​កំហុស​ពាក់ព័ន្ធ​នឹង​ការ​លូកដៃ​ក្នុង​កិច្ចការរដ្ឋ និង​ទទួល​ព័ត៌មាន​សម្ងាត់​ជាតិ ទាំង​ខ្លួនឯង​មិនមែនជា​មន្ត្រី​រដ្ឋ​ផង​នោះ​។ ចៅក្រម​តុលាការក្រុង​សេ​អ៊ូ​ល​និយាយថា កំហុស​របស់​លោកស្រី ឆ​យ ពិតជា​ធ្ងន់​ណាស់ តែ​ជនជាប់ចោទ​រូបនេះ​មិនបាន​បង្ហាញ​ការ​ស្ដាយក្រោយ​អ្វី​ឡើយ​។ តាមពិតទៅ រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បានស្នើ​ដាក់ទោស​២៥​ឆ្នាំ តែ​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ប៉ុណ្ណោះ​។ 

​ក្រៅពី​លោកស្រី ឆ​យ តុលាការ​ក៏បាន​កាត់​អ្នក​ជាប់​ពាក់ព័ន្ធ​ពីរ​នាក់​ទៀត​ក្នុង​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​នេះ​។ លោក Shin Dong-bin ប្រធាន​ក្រុមហ៊ុន Lotte ដែលជា​ក្រុមហ៊ុន​ធំ​ទី​៥ របស់​កូរ៉េខាងត្បូង ត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​២​ឆ្នាំកន្លះ ពីបទ​ផ្ដល់​សំណូក​ទៅ​ឲ្យ​លោកស្រី ឆ​យ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ក្នុងការ​រកស៊ី ហើយ​លោក​ត្រូវបាន​ចាប់ឃុំខ្លួន​ភ្លាម​តែម្ដង​។ លោក An Chong-bum អតីត​ទីប្រឹក្សា​លោកស្រី ប៉ាក ម្នាក់ ជាប់ពន្ធនាគារ​៦​ឆ្នាំ និង​ត្រូវ​បង់ប្រាក់​ពិន័យ​ជាង​៩​ម៉ឺន​ដុល្លារ​។​

​ដោយឡែក លោក Lee Jae-yong ដែល​ជាប់​វា​ក់វិន​ក្នុង​សំណុំ​រឿងនេះ​ដែរនោះ ទើបត្រូវ​បាន​តុលាការ​ដោះលែង​កាលពី​សប្ដាហ៍​មុន​។ ងាក​ទៅរក​លោកស្រី ប៉ាក វិញ បន្ទាប់ពី​អស់តំណែង​ប្រធានាធិបតី​កាលពី​ឆ្នាំមុន ក៏ត្រូវ​ជាប់ឃុំ​ខ្លួន​រហូត ខណៈ​តុលាការ​អាច​ប្រកាស​សាលក្រម​លោកស្រី​នៅមុន​ខែមេសា ដែលជា​ពេល​កំណត់​ចុងក្រោយ​នៃ​ការឃុំខ្លួន​។ លោកស្រី ប៉ាក បាន​បដិសេធ​រាល់​ការចោទប្រកាន់​ទាំងអស់ និង​ហៅ​ការកាត់ទោស​នេះ​ជា​រឿង​នយោបាយ​៕


Tag:
 ​កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ​
  Choi Soon-sil
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 61704 [1] => 10 [2] => កូរ៉េខាងត្បូង​៖ អតីត​មនុស្ស​ជំនិត​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ជាប់គុក​២០​ឆ្នាំ​ក្នុង​សំណុំរឿង​ពុករលួយ​ [3] => content [4] => [5] => ​កូរ៉េខាងត្បូង​, ប៉ាក ហ្គឺ​ន​ហេ​, Choi Soon-sil, ពុករលួយ [6] => 70 [7] => 0 [8] => )