ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងមហាផ្ទៃ ប្តឹង​លោក សម រង្ស៊ី និង​អតីត​មេដឹកនាំ​បក្សប្រឆាំង​៤​រូប​ទៀត ពីបទ​ធ្វើ​នយោបាយ​ខុសច្បាប់​
15, Feb 2018 , 6:03 pm        
រូបភាព
លោក សម រង្ស៊ី ឡើងថ្លែងសារ ពេលប្រកាសជាផ្លូវការនៃចលនាសង្គ្រោះជាតិ ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា នៃ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨
លោក សម រង្ស៊ី ឡើងថ្លែងសារ ពេលប្រកាសជាផ្លូវការនៃចលនាសង្គ្រោះជាតិ ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា នៃ​សហរដ្ឋអាមេរិក កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានធ្វើ​ជាដើម​បណ្តឹង ក្នុងការ​ប្តឹង​អតីត​មេដឹកនាំ​ជាន់ខ្ពស់​៥​រូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួងមហាផ្ទៃ បាន​ប្តឹង​ពួកគេ ចំនួន​ពីរបទ​ល្មើស គឺ​បទ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដោយ​ខុសច្បាប់ និង​បទ​ធ្វើ​សកម្មភាព​នយោបាយ ដោយ​រំលោភបំពាន​សាលដីកា​របស់​តុលាការ​កំពូល​។


 
​លោក ខៀវ សុភ័គ អះអាងថា តុលាការ​កំពូល បានប្រកាស​សាលដីកា​រួចហើយ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២0១៧ ដោយ​សម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ​ចោល ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​គណបក្ស​នេះ នៅតែ​ធ្វើ​សកម្មភាព​ដដែល​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ចាត់ទុក​ទង្វើ​នេះ ថា ជាការ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល​នៅ​កម្ពុជា​។ 
 
​លោក ខៀវ សុភ័គ បន្តថា ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ក៏​ជា​អំពើ​ខុសច្បាប់​ដែរ​។ លោក ប្រាប់​ត្រង់ៗ​ថា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ប​ច្ចុច​ប្បន្ន ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ គឺជា​មនុស្ស​ម្នាក់ ដែល​ត្រូវ​រង​បណ្តឹង​ពី​ក្រសួងមហាផ្ទៃ​។ យ៉ាងណា លោក មិន​បង្ហាញ​នោះទេ​ថា ថ្នាក់​ដឹ​កនាំ​៤​នាក់​ទៀត នៃ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកណាខ្លះ​។ 
 
​បើតាម Swift News អ្នក​ទាំង​៤​នាក់​នោះ គឺ​លោកស្រី ជូ​ឡុង សូ​មួ​រ៉ា ជា​ភរិយា​របស់លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខ​ហួរ និង​កញ្ញា កឹម មនោ​វិទ្យា ជា​កូនស្រី​របស់លោក កឹម សុខា​។​
 
​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកកាសែត​តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​ថា ព្រះរាជអាជ្ញា បានទទួល​បណ្តឹង​រប​ស់​ក្រសួងមហាផ្ទៃ​ហើយ ហើយ​កំពុង​ចាត់ការ​តាម​នីតិវិធី​។​
 
​ថ្មីៗ​នេះ លោក សម រង្ស៊ី រួមទាំង​សហការី​មួយចំនួន បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​សកម្មភាព​នៅក្រៅ​ប្រទេស​។ គោលបំណង​ធំ​បំផុត​របស់​ពួកគេ គឺ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត ក្នុង​ឆ្នាំ​២0១៨​។ 
 
​ទោះជា​យ៉ាងណាក្តី មកដល់ពេលនេះ សញ្ញា​វិជ្ជមាន ដែល​នាំ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ មិនទាន់​បង្ហាញ​នៅឡើយ​ទេ សូម្បី​បន្តិច​៕
 
 

Tag:
 ​ខៀវ សុភ័គ​
  សម រង្ស៊ី​
  តុលាការ​
  ប្តឹង​
© រក្សាសិទ្ធិដោយ thmeythmey.com