ពីនេះ ពីនោះ
ខ្មែរមានជំនឿលើរូបចម្លាក់សត្វតោ និងខ្លា ដែលជួយបណ្តេញឧបទ្រពចង្រៃ
× បុព្វបុរសខ្មែរបានចាត់ទុករូបចម្លាក់សត្វតោ និងខ្លា ជាសត្វព្រៃមានភាពកាចសាហាវ មានកម្លាំងខ្លាំងក្លា មាំមួន និងមានភាពអង់អាចក្លាហាន។ ក្នុងទស្សនៈខ្មែរសត្វតោ និងខ្លា ជាឆ្នាំ ជានិមិត្តរូបនៃអំណាច ដែលជួយបណ្តេញឧបទ្រពចង្រៃ។ សត្វទាំងពីរ ជានិមិត្តសញ្ញានៃឥទិ្ធពលមានមកពីធម្មជាតិ គួរឱ្យកោតខ្លាច លាយឡំជាមួយការគោរពផងដែរ។
ទីកន្លែងដែលគេតែងរូបដាក់ចម្លាក់ តោ ឬខ្លា នៅមុខផ្ទះ ឬនៅចំខ្លោងទ្វារប្រាសាទ វត្ត ខ្មែរមានជំនឿថា មិនដែលមានអ្វីមកហ៊ានចូលទៅក្បែរ បង្កជាឧបសគ្គ និងយាយីឡើយ។ ចម្លាក់រូបទាំងពីរនេះ ដោយយកចង្កូមរបស់វាមកស្រោបធ្វើជាបន្តោងខ្សែកពាក់ បន្តោងរូបនោះ ដើម្បីការពារខ្លួនកុំឱ្យចៀសផុតពីភាពចង្រៃផ្សេងៗ ដូចជា ខ្មោច ព្រាយ បិសាច ជាដើម។
គំនិតរបស់ខ្មែរបុរាណយល់ថា នរណាដែលមានសាក់ជាសញ្ញារូបតោ ឬខ្លា អ្នកនោះប្រៀបដូចជាសត្វទាំងពីរនេះជាមិនខាន ហើយជួយឱ្យមានចិត្តស្រាល ឬទន់ខ្សោយ ប្រែក្លាយជាមនុស្សមានចិត្តអង់អាចក្លាហាន និងស្វាហាប់។
ក្នុងពុទ្ធសាសនា តោ ជាជំនិះរបស់ព្រះពោធិសត្វមញ្ចុស្រី ដែលជាពោធិសត្វតំណាងដី យុត្តិធម៌ និងតុលាការ។ ចំណែកឯ ខ្លា ជាឈ្មោះឆ្នាំទីមួយ ក្នុងចំណោមឆ្នាំទាំង១២ នៃចន្ទគតិ។ ទាក់ទងនឹងឆ្នាំខាលនេះ មានធាតុឈើ ពង្សយកិ្ខណី ដែលទាក់ទងនឹងជោគវាសនា និងជោគជតារាសីរបស់មនុស្សដែលកើតនៅក្នុងឆ្នាំខាលឬ ខ្លានេះផងដែរ៕
ដកស្រង់ពី៖ សៀវភៅជំនឿផ្សេងៗនៃជនជាតិខ្មែរ របស់លោកឈិន ឃួន
© រក្សាសិទ្ធិដោយ thmeythmey.com