អន្តរជាតិ
ស៊ី ជី​ង​ភីង ៖ សមរ​ភូមិ ដែល​សំខាន់ និង​ពិបាក​បំផុត គឺ​សមរភូមិ​ប្រឆាំង​ភាពក្រីក្រ​
17, Feb 2018 , 8:00 pm        
រូបភាព
ដោយ:
​ប្រមុខរដ្ឋ​ចិន ស៊ី ជិន​ភីង បាន​អះអាងថា ការកាត់បន្ថយ​ភាពក្រីក្រ គឺជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​អាទិភាព ដែល​រដ្ឋាភិបាល​របស់​លោក បាន​និង​កំពុងតែបន្ត​កិច្ចប្រឹងប្រែង ។ សម្រាប់​លោក ការកាត់បន្ថយ​ភាពក្រីក្រ​ពី​សង្គម ដែលមាន​ប្រជាជន​រាប់ពាន់​លាន​នាក់​របស់​ចិន គឺជា​រឿង ដែល​ពិបាក​បំផុត ក៏ប៉ុន្តែ ក៏​ជា​រឿង​ដែល​សំខាន់បំផុត ដែល​រដ្ឋាភិបាល​របស់​លោក​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ផងដែរ ។

 
 
​នា​សន្និសីទ​ស្តី​ការកាត់បន្ថយ​ពី​ភាពក្រីក្រ លោក​ប្រធានាធិបតី ស៊ី ជិន​ភីង នៅ​ថ្ងៃ​១២ កុម្ភៈ កន្លងទៅ បានចាត់ទុក​ការអនុវត្ត​គោលនយោបាយ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​សង្គម​ចិន គឺ​ប្រៀប​ដូច​ទៅនឹង​ការចូល​សមរភូមិ​មួយ​យ៉ាង​ដូច្នេះ​ឯង ។ ពោលគឺ បញ្ហា​នេះ ជា​កិច្ចការ​ដ៏​លំបាក និង​ទាមទារ​ឲ្យ​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ទៀតផង ។​
 
« ការកាត់បន្ថយ​ភាពក្រីក្រ គឺជា​សមរភូមិ​មួយ ដ៏​លំបាក​មួយ​ក្នុងចំណោម​សមរភូមិ​ទាំងបី​របស់​ចិន ហើយ​បញ្ហា​នេះដែរ គឺជា​កិច្ចការ​ដ៏​សំខាន់​ណាស់​ក្នុង​ការកសាង​សង្គម​មួយ​ដែល​ប្រកបដោយ​ភាពរុងរឿង ... ។ ហើយ​សមរភូមិ​មួយ​នេះ ក៏​ទាមទារ​ឲ្យ​មានការ​អនុវត្ត​គោលនយោបាយ​ទៅមុខ ដោយ​មិនត្រូវ​ផ្អាក​ឡើយ » ។ នេះ​គឺជា​ការលើកឡើង​របស់​លោក​ប្រធានាធិបតី ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​ចិន People’s Daily  ។​
 
​លោក ស៊ី ជិន​ភីង ដែលជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ផងដែរ​នោះ បានលើកឡើង​ពី​បញ្ហា​ប្រឈម និង​ផល​លំបាក​ក្នុងការ​អនុវត្ត​គោលនយោបាយ​កន្លងមក រួមទាំង ការិយាល័យ​ធិបតេយ្យ ការអនុវត្ត​ក្លែងក្លាយ និង​ភាព​ខ្ចិ​ល​ច្រអូស ដែល​លោក ទទូច​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដើម្បី​អាច​ធានាបាន​ភាពជោគជ័យ​គោលដៅ​កាត់បន្ថយ​ភាព​ក្រី​ក្រី​របស់​ប្រជាជន ៣០​លាន​នាក់ នៅក្នុង​រយពេល​បី​ឆ្នាំ​ខាងមុខ ។ 

​ជាមួយគ្នា​នោះ ប្រមុខ​កំពូល​ចិន​រូបនេះ ក៏បាន​ទទូច​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​អនុវត្ត​គោលនយោបាយ ជាពិសេស​មូលនិធិ​កាត់បន្ថយ​ភាពក្រីក្រ​ប្រកបដោយ​តម្លាភាព ហើយ​ប្រសិន​មាន​អំពើពុករលួយ​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​នេះ នោះ​ភាគី​ពាក់ព័ន្ធ​ទាំងនោះ នឹងត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល​ហើយ ។ 

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន Xinhua គិត​ចាប់ពី ១៩៧៨ ដល់​ឆ្នាំ​២០១៦ មាន​ប្រជាជន​ចិន​ជាង ៧៣០​លាន​នាក់​ហើយ បាន​រួច​ផុតពី​ភាព​ក្រី​ក្រី ។ ហើយ​តាម​ផែនការ​ជាតិ ចិន បានដាក់​គោលដៅ​ក្នុងការ​សម្រេច​កែប្រែ​សង្គម​ចិន​ឲ្យ​ក្លាយជា​សង្គម​មួយ​ដ៏​រុងរឿង​នៅត្រឹម​ឆ្នាំ​២០២០ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​លុបបំបាត់​ភាពក្រីក្រ​ឲ្យ​អស់ពី​សង្គម​តែម្តង ៕ 
 

Tag:
 ចិន​
  ភាពក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com