កីឡាជាតិ
ជាតិ
អាស៊ាន​ដេញថ្លៃ​រៀប World Cup 2034? ប្រធាន FIFA ថា សុបិន​ដ៏​ធំ​នេះ អាចទៅរួច​
18, Feb 2018 , 4:21 pm        
រូបភាព
ប្រធាន FIFA លោក Gianni Infantino បានថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជាកាលពីថ្ងៃទី៩ ខែកុម្ភៈ
ប្រធាន FIFA លោក Gianni Infantino បានថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជាកាលពីថ្ងៃទី៩ ខែកុម្ភៈ
​លោក Gianni Infantino ហាក់ដូចជា​មិន​យល់​ទាស់​នោះឡើយ​ចំពោះ​ការ​បំផុសគំនិត​របស់​សមា​គម​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ (​អាស៊ាន​) ក្នុងការ​រួមគ្នា​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក (FIFA World Cup) នា​ឆ្នាំ​២០៣៤ ។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) រូបនេះ លើកទឹកចិត្ត​ឲ្យ​អាស៊ាន​ដើរ​តាម​ក្តី​សុបិន​ដ៏​ធំ​របស់ខ្លួន ប៉ុន្តែ​លោក​ចង់​ឲ្យ​មាន​ការរៀបចំ​ការប្រកួត​កម្រិត​យុវជន​ជាមុនសិន​។​
 
«​ខ្ញុំ​បានលឺ​ពី​គំនិត​ដេញថ្លៃ​រៀបចំ​ការប្រកួត World Cup នៅ​ឆ្នាំ​២០៣៤ ។ អាស៊ី​-​អាគ្នេយ៍ មាន​ពលរដ្ឋ​ប្រមាណ​៦០០​លាន​នាក់ ដែល​ភាគច្រើន​ជា​អ្នក​ស្រឡាញ់​បាល់ទាត់​ដ៏​ងុបងុល​។ ហេតុផល​នេះហើយ ខ្ញុំ​គិតថា អាស៊ាន​មាន​សិទ្ធិ​បង្ហាញ​នូវ​ក្តី​សុបិន​ដ៏​ធំ​របស់ខ្លួន ជាមួយនឹង​មហិច្ឆតា​ខ្ពស់​»​។ ប្រមុខ FIFA បានបញ្ជាក់​យ៉ាង​ដូច្នេះ នា​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ក្រោយ​ការបញ្ចប់​កិច្ចប្រជុំ FIFA Executive Football Summit នៅ​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ កន្លងមក​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ មេដឹកនាំ​បាល់ទាត់​ពិភពលោក​សញ្ជាតិ​ស្វី​ស​-​អ៊ីតាលី រូបនេះ បាន​លើកឡើងថា ការរៀបចំ​ព្រឹត្តិការណ៍ World Cup នឹង​ជួប​នូវ​ការ​ប្រឈម​ជាច្រើន ហើយ​ឆ្លងកាត់​ការត្រួតពិនិត្យ​ជាច្រើន​ដំណាក់កាល​។ មុននឹង​ឈានទៅ​ព្រឹត្តិការណ៍​កំពូល​នេះ លោក លោក Gianni Infantino បាន​លើកទឹកចិត្ត​ឲ្យ​ប្រទេស​អាស៊ាន រៀបចំ​ការប្រកួត​ផ្សេងៗ​របស់ FIFA ជាពិសេស​ព្រឹត្តិការណ៍​យុវជន​កម្រិត ឬ​បាល់ទាត់​នារី​កម្រិត​ពិភពលោក ដែលជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ខ្លួន​ក្នុង​ភាពជា​ម្ចាស់ផ្ទះ​។​
 
 
​លោក Infantino បាន​កោតសរសើ​ពី​ដំណើរការ​ដ៏​រលូន​របស់​រុស្ស៊ី ដែល​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៨​នេះ មុនពេល​តា​កា​ត្រូវ​ទទួលបន្ទុក​នៅ​ឆ្នាំ​២០២២ ។​
 
​ឆ្នាំ​២០២៦ កំពុងមាន​ការដេញថ្លៃ​រួម​ពី​កាណាដា ម៉ិ​ក​ស៊ិ​ក និង​សហរដ្ឋ​អាម៉េរិក និង​តទល់​ជាមួយ​ម៉ា​រ៉ុ​ក​។ FIFA នឹង​សម្រេច​ជ្រើសរើស​ក្នុង​សមាជ​របស់ខ្លួន​នា​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ខណៈ​ចំនួន​ក្រុម​អាច​កើនឡើង​ពី​៣២​ទៅ​៤៨​។​
 
​សម្រាប់​ឆ្នាំ​២០៣០ ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន ដូចជា ស៊ី​លី កូ​ឡុំ​ប៊ី អ៊ុយ​រូ​ហ្គា​យ និង​អា​ហ្ស​ង់​ទីន បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​។ ប៉ុន្តែ​ក្នុងនោះ នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី និង​អង់គ្លេស ក៏​ចង់​ចូលរួម​ប្រជែង​ដេញថ្លៃ​ផងដែរ​។​
 
​ដោយឡែក​នៅ​ឆ្នាំ​២០៣៤ អាស៊ាន ដែលមាន​ការផ្តួចផ្តើម​ដោយ​សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ថៃ បានធ្វើការ​បញ្ចុះបញ្ចូល​ឲ្យ​មានការ​ដេញថ្លៃ​រួមគ្នា​។ ថ្នាក់ដឹកនាំ​បាល់ទាត់​ថៃ ក៏បាន​ធ្លាប់​លើកឡើង​ផងដែរ​ថា ប្រសិនបើ​មិនមាន​ការរួម​គ្នា​ជា​លក្ខណៈ​តំបន់​ទេនោះ ថៃ និង​ឥណ្ឌូណេស៊ី ចង់​ធ្វើជា​សហ​ម្ចាស់ផ្ទះ​រួមគ្នា​។ ស្របពេល​ជាមួយគ្នានេះ​ផងដែរ សារព័ត៌មាន​នានា​បានលើកឡើង​ពី​ចំណាប់អារម្មណ៍​របស់​ចិន​ក្នុងការ​ប្រជែង​ជាមួយ​អាស៊ាន​សម្រាប់​ឆ្នាំ​២០៣៤ ៕
 

Tag:
 បាល់ទាត់​
  FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com