អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង បញ្ជា​ឲ្យ​ចាត់វិធានការ​តប​នយោបាយ​គាំពារ​និយម​របស់​អាមេរិក​
19, Feb 2018 , 9:19 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន កំពុងថ្លែងនៅទីក្រុងព្យុងឆាង (រូបភាព៖ AFP)
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន កំពុងថ្លែងនៅទីក្រុងព្យុងឆាង (រូបភាព៖ AFP)
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ បានចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​គ្រប់យ៉ាង​ដើម្បី​ឆ្លើយតប​ទៅនឹង​ចំណាត់ការ​រឹតត្បិត​របស់​អាមេរិក​លើ​ផលិតផល​កូរ៉េខាងត្បូង រាប់ ទាំង​យន្តការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។ លោក មូ​ន ចេ​អ៊ី​ន ចាត់ទុក​ចំណាត់ការ របស់ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជា​រឿង​អយុត្តិធម៌​។ ក្រៅពី​ចាត់វិធានការ​តប​វិញ លោក មូ​ន ក៏ ប្រាប់​ឲ្យ​បង្កើន​ការគាំទ្រ​លើ​វិស័យ​ដែល​រង​ប៉ះពាល់​ដោយសារ​នយោបាយ​អាមេរិក​នេះដែរ​។​



​កូរ៉េខាងត្បូង​មិន​ពេញចិត្ត​ឡើយ​នឹង​នយោបាយ​រឹតត្បិត​របស់​អាមេរិក​លើ​ផលិតផល​របស់ខ្លួន​។ អាមេរិក​បានប្រកាស​ពី​ការដំឡើង​ពន្ធ​នាំចូល​រហូតដល់​៥០​ភាគរយ​លើ​ផលិតផល​ម៉ាស៊ីន​បោកគក់ និង​បន្ទះ​សូ​ឡា​របស់​ប្រទេស​ជាច្រើន​រាប់ទាំង​កូរ៉េខាងត្បូង​ផង​។ មិនមែន​តែ​ផលិតផល​នេះឡើយ អាមេរិក​ក៏មាន​ផែនការ​បង្កើន​ពន្ធ​នាំចូល​ដែក​ពី​កូរ៉េខាងត្បូង​ផងដែរ ដើម្បី​ការពារ​ក្រុមហ៊ុន​ក្នុងស្រុក និង​បង្កើន​ពន្ធ​ផង​។​

​ក្លាយជា​ជនរងគ្រោះ​ដោយសារ​នយោបាយ​អាមេរិក កូរ៉េខាងត្បូង​ក៏​មិន​ស្ងៀម​ដែរ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៅ​វិមាន Cheong Wa Dae ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​តបត​វិញ ដោយ​ប្រើ​មធ្យោបាយ​ទាំងអស់​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក មូ​ន ចង់​ឲ្យ​ស្ថាប័ន​ទាំងអស់​ឆ្លើយតប​នឹង​ចំណាត់ការ​គាំពារ​និយម​ដ៏​អយុត្តិធម៌​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ដោយ​ទំនុកចិត្ត​ខ្ពស់​។​

​ខ្ញុំ​ចង់​ឲ្យ​អ្នកដោះស្រាយ​បញ្ហា តាមរយៈ​ការពិចារណា​ដាក់ពាក្យ​បណ្ដឹង​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ត្រួតពិនិត្យ​លទ្ធភាព​ដែល​អាមេរិក​រំលោភបំពាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ព្រមទាំង​លើកឡើង​ពី​ភាពអយុត្តិធម៌​នៃ​ចំណាត់​របស់​អាមេរិក​នៅក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើងវិញ​។ នេះ​ជា​បញ្ជា​របស់លោក មូ​ន ចេ​អ៊ី​ន ទៅកាន់​មន្ត្រី​របស់លោក ដោយបាន​បញ្ជាក់ថា នយោបាយ​គាំពារ​និយម​ធ្វើ​ឲ្យ​ផលិតផល​កូរ៉េខាងត្បូង​ប្រឈមមុខ​បញ្ហា​។​

​ទន្ទឹមនឹង​ឆ្លើយតប​អាមេរិក លោក មូ​ន ចេ​អ៊ី​ន ក៏​ចេញ​បញ្ជា​ឲ្យ​មានការ​ត្រួតពិនិត្យ​ម៉ត់ចត់​បំផុត​លើ​កញ្ចប់​វិធានការ​ស៊ីជម្រៅ​មួយ​ដើម្បី​ជួយ​វិស័យ​នាំចេញ​ដែល​រងគ្រោះ និង​ជំរុញ​ភាព​ប្រកួតប្រជែង​របស់​ផលិតផល​នាំចេញ​កូរ៉េខាងត្បូង​។ ជាមួយគ្នា​នោះ ប្រធានាធិបតី​កូរ៉េ​ខាង​ត្ប​ង​រូបនេះ​ក៏​ព្រលយ​ពាក្យ​ដែរ​ថា រដ្ឋាភិបាល​នឹងមិន​លូកដៃ​ចូល​ការបិទ​រោងចក្រ​ផលិត​ឡាន​នៅ​កូរ៉េខាងត្បូង​របស់​ក្រុមហ៊ុន GM របស់​អាមេរិក​ឡើយ​។​

​លោក មូ​ន ចេ​អ៊ី​ន ទទួលស្គាល់ថា ការបិទ​រោងចក្រ​របស់​ក្រុម​អាមេរិក​នេះ នឹង​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​ខេត្ត Gunsan មិន​ខាន​។ លោក​បាន​បង្គាប់​ឲ្យ​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ​ដើម្បី​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ខេត្ត​នេះ និង​ចាត់វិធានការ​ពិសេស​ដើម្បី​ឲ្យ​ខេត្ត Gunsan មាន​សេដ្ឋកិច្ច​រស់​ឡើងវិញ​។ នេះ​ជា​ចំណាត់ការ​សម្រាប់​ដោះស្រាយ​បញ្ហា​ក្នុងស្រុក ស្របគ្នា​នឹង​ការតវ៉ា​ជាមួយ​អាមេរិក​នៅ​សង្វៀន​អន្តរជាតិ​៕


Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com