អន្តរជាតិ
ម៉ាឡេស៊ី​នឹង​ពិភាក្សា​ជាមួយ​ថៃ​ជុំវិញ​វាសនា​ជនជាតិ Uighur ១១​នាក់ ដែល​ចិន​កំពុង​ចង់បាន​
21, Feb 2018 , 8:59 am        
រូបភាព
ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Ahmad Zahid Hamidi (រូបភាព៖ AFP)
ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Ahmad Zahid Hamidi (រូបភាព៖ AFP)
​ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Zahid Hamidi និយាយថា ម៉ាឡេស៊ី​នឹង​ជជែក​ជាមួយ​ភាគី​ថៃ​ជុំវិញ​អនាគត​របស់​ជនជាតិ Uighur ចំនួន​១១​នាក់ ដែល​រត់គេច​ពី​ថៃ​ចូល​ម៉ាឡេស៊ី​។ ចិន​ចង់​ឲ្យ​ម៉ាឡេស៊ី​បញ្ជូន​ជនជាតិ Uighur ទាំង​១១ នាក់​ទៅ​ចិន​វិញ ប៉ុន្តែ​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​ទទូច​ឲ្យ​ម៉ាឡេស៊ី​កុំ​ធ្វើតាម​សំណើ​របស់​ចិន ព្រោះ​ជនជាតិ Uighur ទាំងនេះ នឹង​ប្រឈមមុខ​ការដាក់ទោស ឬ​ការធ្វើ​ទារុណកម្ម​មិន​ខាន​។​



​វាសនា​ជនជាតិ Uighur ចំនួន​១១​នាក់​ក្នុងចំណោម​២០​នាក់ ដែល​រត់គេច​ពី​មន្ទីរ​ឃុំខ្លួន​ភាគ​ត្បូង​ប្រទេស​ថៃ​ចូល​ទឹកដី​ម៉ាឡេស៊ី ស្ថិតក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ ខណៈដែល​ចិន​បានស្នើ​ធ្វើ​បត្យាប័ន​ពួកគេ​ផ្លូវការ​។ ជនជាតិ Uighur ទាំងនេះ​បាន​ចូល​ទឹកដី​ម៉ាឡេស៊ី​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ និង​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​ឃុំខ្លួន​។ មកដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំនេះ ក្រុង​ប៉េកាំង​ក៏​ដាក់សំណើ​ធ្វើ​បត្យាប័ន​តែម្ដង​។​

​យ៉ាងណាមិញ អាជ្ញាធរ​ម៉ាឡេស៊ី​មិនទាន់​ឆ្លើយតប​យ៉ាងណា​ទៅនឹង​សំណើ​របស់​ចិន​ឡើយ​។ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Zahid Hamidi នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ថា ខាង​ម៉ាឡេស៊ី នឹង​ជជែក​រឿងនេះ​បន្តទៀត​ជាមួយ​ភាគី​ថៃ មុននឹង​សម្រេចចិត្ត​តាម​ក្រោយ​។ លោក​បន្តថា មកទល់ពេលនេះ ជនជាតិ Uighur មួយចំនួនទៀត បន្ត​ស្ថិតក្រោម​ការឃុំខ្លួន​នៅ​ថៃ​ដដែល ហើយ​ម៉ាឡេស៊ី​នឹង​សម្រេចចិត្ត​ដោយ​មិន​ឲ្យ​ប្រទេស​ណា​បាក់មុខ​ឡើយ​។  

​បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia លោក Hamidi លើកឡើងថា ម៉ាឡេស៊ី​នឹង​បន្ត​ពិភាក្សា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​លើ​បញ្ហា​ការទូត និង​សន្តិសុខ ហើយ​ម៉ាឡេស៊ី​នឹង​ស្ដាប់​មតិ​ក្រុម​មនុស្សធម៌ ក៏ដូចជា​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក ក្នុង​តំបន់ និង​ពិភពលោក​។ ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ដើម្បី​បញ្ជាក់ថា ជនជាតិភាគតិច​មូស្លីម​ទាំងនោះ​មាន​កំហុស​ដូច​ការចោទប្រកាន់​រប​ស់​ចិន​ក្នុង​សំណើ​ធ្វើ​បត្យាប័ន​។​

​នៅ​ដើម​សប្ដាហ៍​នេះ អាមេរិក​បានបង្ហាញ​ក្ដីបារម្ភ​ថា ម៉ាឡេស៊ី​អាច​បញ្ជូន​ជនជាតិ Uighur ទៅ​ឲ្យ​អាជ្ញាធរ​ចិន​វិញ ស្រប​ពេលដែល​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​ម៉ាឡេស៊ី​ធានាថា ជន​មូស្លីម​ទាំង​១១ មិន​ត្រូវបាន​បញ្ជូនទៅ​វិញ​ឡើយ​។ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​បារម្ភ​ថា អាជ្ញាធរ​ចិន​នឹង​រំលោភបំពាន​សិទ្ធិ​របស់​ពួកគេ ឃុំឃាំង​ដោយ​បង្ខំ ធ្វើ​ទារុណកម្ម ដូច​ធ្លាប់ធ្វើ​លើ​ជនជាតិ Uighur ដែល​ត្រូវ​បញ្ជូនទៅ​ស្រុក​វិញ​នោះ​។​

​យ៉ាងណាក្ដី ម៉ាឡេស៊ី​ទំនងជា​មិនអាច​ទ្រាំទ្រ​សម្ពាធ​របស់​ចិន​បានឡើយ ឯ​ម្យ៉ាង​ទំនាក់ទំនង​រវាង​ក្រុង​គួ​ឡា​ឡាំ​ពួ និង​ក្រុង​ប៉េកាំង កំពុងតែ​ល្អ​ស្រាប់​។ ជំនួយ​ជាច្រើន​របស់​ចិន​សម្រាប់​រដ្ឋាភិបាល​ម៉ាឡេស៊ី អាច​អូសទាញ​រដ្ឋ​អាស៊ី​អា​គ្ន​យ៍​មួយ​ឲ្យ​ធ្វើតាម​បំណង​របស់ខ្លួន​បាន​យ៉ាង​ងាយ​។ ជាការ​ពិត ម៉ាឡេស៊ី​ក៏៏​មាន​ប្រវត្តិ​បញ្ជូន​ជនជាតិ Uighur ទៅ​ឲ្យ​ចិន​វិញ​ដែរ​នាពេល​កន្លងមក​។ មានន័យថា ម៉ាឡេស៊ី​ក៏​អាចធ្វើ​រឿង​ដដែល​បានដែរ​៕

Tag:
 ម៉ាឡេស៊ី​
  ថៃ​
  ចិន​
  Uighur
© រក្សាសិទ្ធិដោយ thmeythmey.com