អន្តរជាតិ
កូរ៉េខាងជើង​លុបចោល​ជំនួប​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក​នៅ​កូរ៉េខាងត្បូង​
21, Feb 2018 , 11:31 am        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន អង្គុយក្បែរលោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង អំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងា (រូបភាព៖ AFP)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន អង្គុយក្បែរលោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង អំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងា (រូបភាព៖ AFP)
​កូរ៉េខាងជើង​បាន​លុបចោល​ជំនួប​រវាង​មន្ត្រី​កូរ៉េខាងជើង​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន (Mike Pence) នៅ​នាទីចុងក្រោយ ដោយ​មិន​ប្រាប់​មូលហេតុ​។ មន្ត្រី​អាមេរិក​និយាយថា ការលុបចោល​នេះ ធ្វើឡើង​ក្រោយ​លោក ផេ​ន រិះគន់​ការដឹកនាំ​របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី និង​ដើម្បី​ចូលរួម​កម្មវិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​ទំនងជា​ខឹងសម្បារ​នឹង​សម្ដី​របស់លោក ផេ​ន ទើប​លុបចោល​ជំនួប​តែម្ដង​។​



​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន និង​ប្រតិភូ​កូរ៉េខាងជើង​ដែល​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង មាន​គម្រោង​ជួបគ្នា​ជាសម្ងាត់​។ ប៉ុន្តែ​ជំនួប​រវាង​លោក ផេ​ន និង​ក្រុមមន្ត្រី​កូរ៉េខាងជើង​ដែលមាន​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ត្រូវ​កូរ៉េខាងជើង​លុបចោល​វិញ​។ ឯ​មូលហេតុ​វិញ ទំនងជា​កូរ៉េខាងជើង​មិន​សប្បាយ​ចិត្តនឹង​ពាក្យសម្ដី​រិះគន់​របស់​អនុ​ប្រធានាធិបតី​អាមេរិក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Heather Nauert និយាយថា អំឡុងពេល​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី ផេ​ន នៅ​កូរ៉េខាងត្បូង​ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​សម្ព័ន្ធ​មិត្ត និង​ការគាំទ្រ​អត្ត​ព​លិ​ក​អាមេរិក លទ្ធភាព​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ក៏​ផុស​ឡើង​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២០ ខែកុម្ភៈ អ្នកនាំពាក្យ​ដដែល​នេះ​បន្តថា លោក ផេ​ន ត្រៀមខ្លួន​ដើម្បី​លើក​ភាពចាំបាច់​ដែល​កូរ៉េខាងជើង​ត្រូវ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ខុសច្បាប់​របស់ខ្លួន​។​

«​នៅ​នាទីចុងក្រោយ មន្ត្រី​កូរ៉េខាងជើង​បែរជា​លុបចោល​ជំនួប​នេះ​។ យើង​សោកស្ដាយ​ដែល​កូរ៉េខាងជើង​បរាជ័យ​ឆក់យក​ឱកាស​នេះ​។​» នេះ​ជា​បញ្ជាក់​របស់លោក​ស្រី Nauert ។ មន្ត្រី​ការិយាល័យ​របស់លោក​អនុ​ប្រធានាធិបតី ផេ​ន លើកឡើង​ដែរ​ថា កូរ៉េខាងជើង​មានបំណង​ប្រើ​ជំនួប​នេះ​ជាមួយ​ក្ដី​សង្ឃឹមថា លោក ផេ​ន អាច​បន្ទន់​សម្ដី​របស់​ខ្លួន​បាន ដែល​នោះ​អាចជា​ជោគជ័យ​របស់​មួយ​របស់​កូរ៉េខាងជើង​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​។ 

​ជំនួស​ឲ្យ​ការជួប​ជាមួយ​មន្ត្រី​កូរ៉េខាងជើង លោក ផេ​ន បាន​ជួប​ជាមួយ​ជនជាតិ​ភៀសខ្លួន​កូរ៉េខាងជើង និង​លោក Fred Warmbier ឪពុក​និស្សិត​អាមេរិក​ដែល​ស្លាប់​ក្រោយ​កូរ៉េខាងជើង​ដោះលែង​។ លោក ផេ​ន ក៏​រិះគន់​មិន​ដាច់​មាត់​ការរំលោភបំពាន​សិទ្ធិមនុស្ស និង​ការបង្ខំ​ឲ្យ​ប្រជាជន​រាប់ពាន់នាក់​ក្លាយជា​ទាសករ ក៏ដូចជា​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផង​។ អនុ​ប្រធានាធិបតី​អាមេរិក​ក៏បាន​ប្រកាសថា ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​ទៀត នឹង​លេច​ជា​រូបរាង​ឆាប់ៗ​។​

​អ្នកនាំពាក្យ​អនុ​ប្រធានាធិបតី​លោក Nick Ayers អះអាងថា ក្រុង​ព្យុងយ៉ាង​មិន​ចង់ឃើញ​លោក​អនុ​ប្រធានាធិបតី​យក​វេទិកា​អន្តរជាតិ​ដើម្បី​អំពាវនាវ​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​ការរំលោភបំពាន​របស់​ខ្លួន ឬក៏​សម្ញែង​ពី​ការ​ភាពរឹងមាំ​របស់​សម្ព័ន្ធ​មិត្ត​ឡើយ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ កូរ៉េខាងជើង​ប្រហែល​មិន​សប្បាយ​ចិត្តនឹង​សម្ដី​របស់លោក ផេ​ន ឬក៏​គ្មាន​បំណង​អង្គុយ​ចរចា​ដោយស្មោះ​ត្រង់​ជាមួយ​អាមេរិក​តាំងពីដើម​តែម្ដង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Mike Pence
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com