វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
សុខភាព
អន្តរជាតិ
ឧបករណ៍​ថ្មី​សម្រាប់ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​ឈ្មោះថា Lia អាច​បោះចោល​ក្នុង​បង្គន់​បាន​
21, Feb 2018 , 7:59 pm        
រូបភាព
រូបភាព៖ Al Drago/CQ Roll Call
រូបភាព៖ Al Drago/CQ Roll Call
ដោយ: VOA
ញូវយ៉ក ៖ ​អ្នកនាង Bethany Edwards និង​សហការី​របស់​នាង បាន​ចំណាយពេល​ជាច្រើន​ជាមួយនឹង​ឧបករណ៍​ធ្វើតេស្ត​ការ​មាន​ផ្ទៃពោះ​នេះ​។​



​អ្នកនាង Edwards បាន​និយាយ​ទាំង​ញញឹម​ថា​៖ «​យើង​បត់ជើងតូច​ដាក់​លើ​របស់​ផ្សេងៗ​។ វា​គួរ​ឲ្យ​អស់សំណើច​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​»​។​

​អ្នកនាង Edwards គឺជា​សហ​ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Lia Diagnostics​។ អ្នកនាង Edwards និង​សហ​ស្ថា​និក​ម្នាក់ទៀត​គឺ​អ្នកនាង Anna Simpson និង​ក្រុមការងារ​របស់​នាង បាន​បង្កើត​ឧបករណ៍​ធ្វើតេស្ត​ការ​មាន​ផ្ទៃពោះ​ដែល​ទាន់សម័យ​ជាង​មុន មាន​ឈ្មោះថា Lia​។​
​ឧបករណ៍​សម្រាប់​ធ្វើតេស្ត Lia អា​ចរក​ទិញ​បាន​នៅតាម​ឱសថស្ថាន ដោយ​មិន​ចាំ​មាន​វេជ្ជបញ្ជា និង​មាន​មុខងារ​ដូចនឹង​ឧ​បរ​កណ៍​ធ្វើតេស្ត​បុរាណ​ដែរ ក្នុងការ​ចាប់យក​អរ​ម៉ូ​នប​ង្ក​កំណើត​ហៅ​កាត់​ថា hCG នៅក្នុង​ទឹកនោម​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។​

​ក្រុម​អ្នក​ផលិត​បាន​ពន្យល់ថា អ្វីដែល​ខុសពី​ឧបករណ៍​ធ្វើតេស្ត​បុរាណ​នោះ Lia ត្រូវបាន​ផលិត​ពី​ក្រដាស​ជំនួស​ឲ្យ​ប្លា​ស្ទិ​ក និង​អាច​រលាយ​នៅក្នុង​ទឹកបាន​១០០​ភាគរយ ក្នុង​រយៈពេល​១២​សប្តាហ៍​។ អ្នកនាង Edwards បាន​ពន្យល់​បន្ថែមថា​៖ «​យើង​កំពុង​នាំយក​នូវ​ដំណោះស្រាយ​រួមមួយ​ដែល​ជួយ​ដល់​ស្ត្រី​ឲ្យ​មាន​ភាពងាយស្រួល​ជាង​មុន ក៏ដូចជា​ជួយ​ដល់​ភពផែនដី​ទាំងមូល​ផងដែរ​»​។​

​អាច​បោះចោល​ក្នុង​បង្គន់ និង​អាច​រលាយ​ទៅវិញ​

​ក្រុមការងារ​ដែល​បង្កើត​ឧបករណ៍​ធ្វើតេស្ត Lia នេះ​បាន​ឲ្យ​ដឹងថា ឧបករណ៍​នេះ​ត្រូវបាន​រកឃើញ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ក្នុងអំឡុងពេល​បញ្ចប់​ការសិក្សា​របស់​ពួកគេ​នៅឯ​សកល​វិទ្យាល័យ Pennsylvania ហើយ​ថា​នេះ​គឺជា​ឧបករណ៍​ធ្វើតេស្ត​ការ​មាន​ផ្ទៃពោះ​ដំបូង​គេ ដែល​អាច​បោះចោល​ក្នុង​បង្គន់ និង​រលាយ​ទៅតាម​ទឹកបាន​។ ឧបករណ៍​ធ្វើតេស្ត​នេះ​ត្រូវបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​ម្ហូបអាហារ និង​ថ្នាំពេទ្យ​សហរដ្ឋអាមេរិក​ហៅ​កាត់​ថា (FDA)​។​

Lia មាន​លក្ខណៈ​ផុយ​ដូច​ក្រដាស​សម្រាប់​ប្រើ​ក្នុង​បង្គន់​អានា​ម័​យ និង​អាច​ប៊ឺ​ត​ចូលទៅក្នុង​បំពង់​បង្ហូរទឹក ឬ​ទៅក្នុង​ប្រព័ន្ធ​លូទឹកស្អុយ​បាន​។​

​ការផលិត​ឧបករណ៍​ធ្វើតេស្ត​ដែល​អាចធ្វើ​តេស្ត​ទឹកនោម​បាន និង​អាច​រលាយ​ទៅតាម​ទឹក​នៅពេល​ទឹក​ប៊ឺ​ត​ចូលក្នុង​បង្គន់ គឺជា​ការងារ​ដ៏​លំបាក​មួយ​។​

​អ្នកនាង Edwards បាន​ថ្លែងបន្តថា​៖ «​យើង​ត្រូវបង្កើត​ជាតិគីមី​ម្យ៉ាង ដែល​អាចធ្វើ​ឲ្យ​ក្រដាស​មិន​រលាយ​នៅពេល​ប្រើប្រាស់​និង​អាច​រលាយ​នៅក្នុង​ទឹកបាន​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ប្រើប្រាស់​រួច​»​។​

​អ្នកនាង​បាន​បន្ថែមទៀតថា «​វា​មើលទៅ​ហាក់ដូច​ជាមាន​លក្ខណៈ​ផ្ទុយគ្នា​។ អ្នក​ចង់បាន​របស់​ដែល​មើលទៅ​រឹងមាំ និង​មាន​មុខងារ​ត្រឹមត្រូវ ប៉ុន្តែ​បន្ទាប់ពី​អ្នកប្រើប្រាស់​វា​រួចហើយ យើង​ចង់​ឲ្យ​វា​ប្រែក្លាយ​ទៅជា​របស់​ដែល​ផុយ និង​អាច​រលាយ​នៅក្នុង​ទឹកបាន​»​។​

​អ្នកនាង Edwards បាន​សាកល្បង​បង្ហាញ​ពី​ការប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត Lia ដោយ​ចាក់ទឹក​លើ​វា​ឲ្យ​សើម គឺ​នៅត្រង់​កន្លែង​សម្រាប់​ចាក់ទឹក​នោម រំពេច​នោះ​ទឹកបាន​ជ្រាប​ចូលក្នុង​ឧបករណ៍​នោះ មួយសន្ទុះ​ក្រោយមក​យើង​ឃើញ​មាន​តំណក់ទឹក​នៅ​ដដែល​ស្ថិតនៅត្រង់​គែម​ខាងក្រៅ​ឧបករណ៍​នេះ​។​

​ឧបករណ៍​នេះ​អាច​ជក់​ទឹកបាន​ច្រើន ហើយ​បន្ទាប់មក​ក្លាយទៅជា​ទន់​អាច​បត់ និង​ហែក​ឲ្យ​ដាច់ពីគ្នា​បាន​ដោយ​ងាយស្រួល​។ ស្រទាប់​ក្រដាស​របស់​ឧបករណ៍ Lia ក្លាយជា​ទន់​និង​ស្អិត​ជាប់​គ្នា ប៉ុន្តែ​មិនមែនជា​កាវ​បិទ​នោះទេ គឺ​សារធាតុ​ម្យ៉ាង​ដែល​ជួយ​រំលាយ​ស្រទាប់​ក្រដាស​នេះ​។ អ្នកប្រើប្រាស់​អាច​ហែក​វា​ជា​ពីរ​នៅត្រង់​ស្នាម​កាត់​ចំពាក់​កណ្តាល ដើម្បី​ជួយ​ឲ្យ​វារ​លាយ​ក្នុង​ទឹកបាន​កាន់តែ​លឿន​។​

​ក្រៅពី​ជួយ​ដល់​បរិស្ថាន​ហើយ​នោះ ឧ​បករ​ណ៏​ធ្វើតេស្ត​នេះ​ជួយ​ដល់​ស្ត្រី​ជាច្រើន​ក្នុងការ​រក្សា​ការសម្ងាត់​របស់​ពួកគេ​ផងដែរ​។​

​អ្នកនាង Edwards បាន​និយាយថា «​យើង​ដឹងថា​ពេលខ្លះ​ស្ត្រី​ភ័យខ្លាច​ក្នុងការ​ទៅពិនិត្យ​ការ​មាន​ផ្ទៃពោះ ឬក៏​ត្រូវ​ទៅ​សួរ​បញ្ជាក់​ពី​អ្នកណាម្នាក់​អំពី​ការ​មាន​ផ្ទៃពោះ​នេះ អាចធ្វើ​ឲ្យ​ស្ត្រី​សម្រេចចិត្ត​មិន​ទៅពិនិត្យ​ការ​មាន​ផ្ទៃពោះ​នេះ​ឲ្យ​បាន​ឆាប់​»​។​

​អ្នកនាង Edwards បាន​និយាយ​បន្តថា​៖ «​មាន​ស្ត្រី​ជាច្រើន​ប្រាប់​ពី​រឿងរ៉ាវ​របស់​ពួកគេ​ពី​ការ​លាក់ទុក​ឧ​បរ​កណ៍​ធ្វើតេស្ត​មាន​ផ្ទៃពោះ មិន​ឲ្យ​គេ​ឃើញ ដោយ​អ្នកខ្លះ​បោះ​វា​ចោល​ក្នុង​ធុងសំរាម ដាក់​ចោល​ក្នុង​បន្ទប់ទឹក​សាធារណៈ ខ្ចប់​វា​ក្នុង​ក្រដាស​អាលុយមីញ៉ូម និង​ខ្លះទៀត​លាក់ទុក​ក្នុង​ថង់​សំរាម​ជាដើម​»​។​

​ការបារម្ភ​ពី​ព័ត៌មាន​សម្ងាត់


​វេជ្ជបណ្ឌិត Meera Shah ជា​គ្រូពេទ្យ​នៅក្នុង​ទីក្រុង​ញូវយ៉ក និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សុខភាព​បន្ត​ពូជ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​របស់​អ្នកជំងឺ​វ័យ​ជំទង់ ដែល​ពត៌មាន​សម្ងាត់រ​បស់​ពួកគេ​ត្រូវបាន​បែកការណ៍ នៅពេលដែល​ឳ​ពុក​ម្តាយ​របស់​ពួកគេ​រកឃើញ​ឧបករណ៍​ធ្វើតេស្ត​មាន​ផ្ទៃពោះ​នៅក្នុង​ធុងសំរាម​។​

​សុវត្ថិភាព​របស់​ជន​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏​អាច​ត្រូវបាន​គំរាមកំហែង​ដោយ​ការរកឃើញ​ឧបករណ៍​ធ្វើតេស្ត​មាន​ផ្ទៃពោះ​នេះ​ផងដែរ​។ វេជ្ជបណ្ឌិត Meera Shah បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​អ្នកជំងឺ​ខ្ញុំ​ជាច្រើន​បាន​ប្រាប់​ខ្ញុំ​ថា ដៃគូ​របស់​ពួកគេ​រកឃើញ​ឧបករណ៍​ធ្វើតេស្ត​នេះ​នៅក្នុង​ធុងសំរាម ហើយ​ដោយសារ​រឿងនេះ​ពួកគេ​ត្រូវ​ទទួលរង​ការរំលោភបំពាន​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ថែមទៀត​»​។​

​វេជ្ជបណ្ឌិត Meera Shah បាន​ថ្លែងបន្តថា​៖ «​ខ្ញុំ​គិតថា​ឧបករណ៍​ធ្វើតេស្ត​ដោយ​សម្ងាត់​នេះ​អាចជួយ​ឲ្យ​ស្ត្រី​ហ៊ាន​ធ្វើតេស្ត​ដោយ​មិន​បារម្ភ​ពី​ការរំខាន​ពី​ខាងក្រៅ​។ ហើយ​ការណ៍​នេះ​អាច​ជំរុញ​ឲ្យ​ពួកគេ​ទៅពិនិត្យ​សុខភាព​បន្ត​ពូជ​របស់គេ​ដែល​ចាំបាច់​បន្ទាប់ពី​នោះមក​»​។​

​ការចំណាយ​គឺជា​កត្តា​មួយ​ផ្សេងទៀត​សម្រាប់​ស្ត្រី​។ វេជ្ជបណ្ឌិត Meera Shah បាន​ថ្លែងបន្តថា​៖ «​ជារឿយៗ​ខ្ញុំ​បាន​ឭ​ថា​ការធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​អាច​ចំណាយ​ច្រើន​។ ខ្ញុំ​ធ្វើការ​ជាមួយនឹង​អ្នកជំងឺ​ដែលមាន​ប្រាក់ចំណូល​ទាប អ្នកជំងឺ​ដែល​ពិបាក​ស្វែងរក​សេវា​ថែរក្សា​សុខភាព​បន្ត​ពូជ ដូច្នេះហើយ​ខ្ញុំ​គិតថា​តម្លៃ​អាចជា​របាំង​មួយ​ដែរ​»​។​

​ឧបករណ៍​ធ្វើតេស្ត Lia នឹង​អាចមាន​លក់​ក្នុង​ទីផ្សារ​នៅ​ចុងឆ្នាំ​២០១៨​នេះ និង​មានតម្លៃ​ពី​៧​ដុល្លារ​ទៅ​៨​ដុល្លារ គឺមាន​តំ​ម្លៃ​ប្រហាក់ប្រហែល​នឹង​ឧបករណ៍​ធ្វើតេស្ត​ការ​មាន​ផ្ទៃពោះ​ផ្សេងទៀត​ដែលមាន​លក់​ក្នុង​ទីផ្សារ​នាពេល​ប​ច្នុ​ប្បន្ន​នេះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com