អន្តរជាតិ
លោក ត្រាំ ចង់​ឲ្យ​គ្រូបង្រៀន​កាន់​កាំភ្លើង​ដើម្បី​ការពារ​កូនសិស្ស​
22, Feb 2018 , 2:42 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយសិស្សវិទ្យាល័យដែលរួចជីវិតពីហេតុការណ៍បាញ់នៅរដ្ឋ Florida (រូបភាព៖ Xinhua)
ប្រធានាធិបតី ដូណាល់ ត្រាំ ជួបជាមួយសិស្សវិទ្យាល័យដែលរួចជីវិតពីហេតុការណ៍បាញ់នៅរដ្ឋ Florida (រូបភាព៖ Xinhua)
​ក្រោយ​ហេតុការណ៍​បាញ់រះ​នៅ​សាលារៀន​នៅ​រដ្ឋ Florida ដែល​សម្លាប់​កូនសិស្ស និង​គ្រូបង្រៀន​អស់​១៧​នាក់ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សន្យា​បង្កើន​ពង្រឹង​ការត្រួតពិនិត្យ​ការប្រើប្រាស់​កាំភ្លើង​។ លោក ត្រាំ ក៏​ចង់​ឲ្យ​គ្រូបង្រៀន​នៅតាម​សាលារៀន​អាច​កាន់​កាំភ្លើង​ដើម្បី​ការពារ​កូនសិស្ស​របស់ខ្លួន​ដែរ​។ សិស្សសាលា​ក្មេងៗ​នៅ​ទូទាំង​អាមេរិក​បានចេញ​មក​ត​វ៉ា​ទាមទារ​ឲ្យ​មានការ​រឹតបន្តឹង​ការគ្រប់គ្រង​កាំភ្លើង​ក្នុងប្រទេស​។



​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ បាន​ជួប​ជាមួយ​សិស្សសាលា​ដែល​រួច​ជីវិត និង​ឪពុកម្ដាយ​កូនសិស្ស​ដែល​បាត់​បង់ជីវិត​ក្នុងការ​បាញ់សម្លាប់​រង្គាល​នៅ​វិទ្យាល័យ​មួយ​ក្នុង​រដ្ឋ Florida នៅឯ​សេត​វិមាន​។ លោក ត្រាំ បាន​ស្ដាប់​ការរៀបរាប់​ទុក្ខសោក​របស់​សិស្ស​ក្មេងៗ និង​ឪពុកម្ដាយ​ដែល​កូនៗ​របស់ខ្លួន​បាន​ស្លាប់​ដោយសារ​កាំភ្លើង​ម៉ាក AR-15 របស់​ជនដៃដល់​ឈ្មោះ Nikolas Cruz វ័យ​១៩​ឆ្នាំ​។

​ក្នុងជំនួប​មួយ​ម៉ោង​ដែលមាន​វត្តមាន​គ្រួសារ​ធ្លាប់​រងគ្រោះ​ក្នុង​ហេតុការណ៍​ពីមុនៗ​ដែរ លោក ត្រាំ បាន​ប្ដេជ្ញាចិត្ត​ចាត់​វិធានការណ៍​តឹងរ៉ឹង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក​ប្រធានាធិបតី​អាមេរិក​បាន​សន្យា​បង្កើន​ការត្រួតពិនិត្យ​ប្រវត្តិរូប និង​សុខភាព​ខួរក្បាល​របស់​អ្នកទិញ​កាំភ្លើង​។ នេះ​ក៏​ព្រោះតែ​ជនដៃដល់​ឈ្មោះ Cruz នេះ អាច​ទិញ​កាំភ្លើង​ប្រើប្រាស់​បាន ទាំង​ខ្លួន​មិនទាន់​គ្រប់​អាយុ​អនុញ្ញាត​ដោយ​ច្បាប់​ផង​នោះ​។

​ចំពោះមុខ​សិស្ស​ក្មេងៗ និង​ក្រុមគ្រួសារ​ជនរងគ្រោះ លោក ត្រាំ ក៏​លើកឡើង​វិធានការ​មួយទៀត​ដើម្បី​ទប់ស្កាត់​ការបាញ់បោះ​នៅក្នុង​សាលារៀន​។ នោះ គឺ​លោក​ចង់​ឲ្យ​គ្រូបង្រៀន​មាន​សិទ្ធិ​កាន់​កាំភ្លើង​ក្នុង​បរិវេណ​សាលា ព្រោះ​អាជ្ញាធរ​មិនអាច​ពង្រាយ​កម្លាំង​សន្តិសុខ​១០០​នាក់​នៅក្នុង​សាលា​បានទេ​។ ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​រូបនេះ​បញ្ជាក់ថា អ្នកកាន់កាំភ្លើង​អាចជា​គ្រូបង្រៀន ឬ​គ្រូបង្វឹក​កីឡា​របស់​សាលា​។​

​នៅមុន​ជំនួប​រវាង​លោក​ប្រធានាធិបតី ត្រាំ និង​ជនរងគ្រោះ សិស្សសាលា​នៅ​ទូទាំង​អាមេរិក​បាន​ដើរ​ចេញមក​តវ៉ា​តាមផ្លូវ ដើម្បី​បង្ហាញ​ក្ដី​អាណិតអាសូរ​ចំពោះ​ជនរងគ្រោះ ខណៈដែល​សិស្ស​វ័យក្មេង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​សេត​វិមាន​។ នៅឯ​រដ្ឋ Florida ជាទី​ហេតុការណ៍​កើតឡើង សិស្ស​ជាច្រើន​បានទាមទារ​ឲ្យ​សមាជិកសភា​រដ្ឋ​នេះ​រឹតបន្តឹង​ការគ្រប់គ្រង​កាំភ្លើង​វែង ដែល​ប្រើ​ដោយ​ជនដៃដល់​។​

​ជុំវិញ​ករណី​បាញ់រះ​កាលពី​សប្ដាហ៍​មុន ក្រុម​ស៊ើបអង្កេត​រកឃើញថា Cruz បាន​ទិញ​កាំភ្លើង​ម៉ាក AR-15 កាលពី​កន្លះ​ឆ្នាំមុន ពោល គឺ​មិនទាន់​គ្រប់​អាយុ​ទិញ​នៅឡើយ​។ សម្រាប់​រដ្ឋ Florida អ្នកទិញ​កាំភ្លើង​បាន លុះត្រា​មាន​អាយុ​១៨​ឆ្នាំ​ឡើងទៅ​។ សមាជិកសភា​ខ្លះ​ចង់​ដំឡើង​ការកំណត់​នេះ​ទៅដល់​២១​ឆ្នាំ​តែម្ដង ដែល​ការកំណត់​នេះ​កំពុង​អនុវត្ត​លើ​ការទិញ​កាំភ្លើង​ដៃ និង​ស្រា​។ ប៉ុន្តែ​ព្រឹទ្ធសភា​រដ្ឋ​នេះ​បាន​បដិសេធ​ទៅវិញ​៕


Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កាំភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com