អន្តរជាតិ
ចិន រក្សា​តំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ហ្វីលីពីន​
22, Feb 2018 , 7:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅតែ​បន្ត​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់ខ្លួន ។ ក្រុង​ម៉ានីល បានលើកឡើង​ពី​សូចនាករ​នៃ​ការកើនឡើង សម្រាប់​ការនាំចេញ​ទៅកាន់​ក្រុង​ប៉េកាំង និង​ថែមទាំង​មាន​សុទិដ្ឋិនិយម​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​ទៀតផង ។



​រដ្ឋមន្ត្រី​ផែនការ​សង្គម​-​សេដ្ឋកិច្ច​ហ្វីលីពីន  Ernesto Pernia នៅ​ថ្ងៃ​២១ កុម្ភៈ បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​ក្នុង​រដ្ឋធានី​ម៉ានីល​ថា សកម្មភាព​ពាណិជ្ជកម្ម​ហ្វីលីពីន និង​ចិន​កំពុងតែបន្ត​កើនឡើង ហើយ ចិន នៅតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ហ្វីលីពីន​ប្រចាំឆ្នាំ​២០១៧​ផងដែរ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន Xinhua  ។​

​លោក​រដ្ឋមន្ត្រី បាន​អះអាងថា ការនាំចេញ​របស់​ហ្វីលីពីន​ទៅកាន់​ចិន បាន​កើន ៨,៤ ភាគរយ ដែល​ទំនិញ​ភាគច្រើន​ជា​ផលិតផល​អេឡិចត្រូនិក ខណៈ​ការ​នាំចូល​ផលិតផល​ចិន​មក​ហ្វីលីពីន​វិញ ក៏បាន​កើនឡើង​ដល់ ៨,១ ភាគរយ​ផងដែរ ។ នេះ​មានន័យថា ហ្វីលីពីន បាន​នាំចេញ​ផលិតផល​ច្រើន​ទៅ​ចិន ជាជាង​នាំចូល​ផលិត​ចិន​មក​ក្នុងស្រុក​ខ្លួន ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ រយៈពេល​ពីរ​ឆ្នាំ​ហើយ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៦​មក ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ហ្វីលីពីន ។ កំណើន​នេះ បានធ្វើ​ឲ្យ​ជប៉ុន ដែលជា​គូប្រជែង​មួយ​របស់​ចិន​ទាំង​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ ត្រូវ​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​បន្ទាប់​សម្រាប់​ហ្វីលីពីន ។ ពីមុន​ឆ្នាំ​២០១៦ ជប៉ុន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ហ្វីលីពីន ។

​អ្វីដែល​គួរកត់សម្គាល់​នោះ ការណ៍ ដែល​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ហ្វីលីពីន និង​ចិន មានការ​កើនឡើង​នេះ គឺជា​ផ្នែក​មួយ​ដ៏​ធំ នៃ​ការអនុវត្ត​គោលនយោបាយ​បើក​ចិត្ត​ទូលាយ​ទទួលយក​ចិន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ គិត​ចាប់ពី​ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ​ហ្វីលីពីន នៅ​២០១៦ លោក ឌូ​ទើ​តេ លាក់ទុក​រឿង​ជម្លោះទឹកដី​ជាមួយនឹង​ចិន ខណៈ​ប្រឹង​ក្រសោប​ចិន​ដើម្បី​ទទួលយក​ផលប្រយោជន៍​សេដ្ឋកិច្ច​វិញ ។​

​ដោយឡែក បើ​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​ចិន ដែល​បាន​ចុះ​នៅ​ខែមករា​កន្លងទៅ វៀតណាម ម៉ាឡេស៊ី និង​ថៃ គឺជា​ដៃគូ​ធំ​បំផុត​របស់​ចិន​សម្រាប់​ឆ្នា​២០១៧ ។ របាយការណ៍​ដដែល ក៏បាន​បញ្ជាក់ដែរថា វៀតណាម គឺជា​ទិសដៅ​នាំចេញ​ធំជាងគេ​ប្រចាំ​តំបន់​របស់​ចិន ខណៈ​ចិន​នាំចូល​ផលិតផល​ច្រើនជាងគេ​ពី​ម៉ាឡេស៊ី ៕


Tag:
 ហ្វីលីពីន
  ចិន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com