អន្តរជាតិ
​លោក ទ្រូ​ដូ ទាត់ចោល​ការចោទប្រកាន់​កាណាដា គាំទ្រ​ចលនា​ផ្តាច់ខ្លួន​នៅ​ឥណ្ឌា
22, Feb 2018 , 9:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីកាណាដា និងភរិយា ព្រមទាំងកូនក្នុងពេលទស្សនកិច្ចនៅឥណ្ឌា (រូបភាព៖ AFP)
នាយករដ្ឋមន្ត្រីកាណាដា និងភរិយា ព្រមទាំងកូនក្នុងពេលទស្សនកិច្ចនៅឥណ្ឌា (រូបភាព៖ AFP)
​វត្តមាន​របស់​នាយក​រដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ( Justin Trudeau) ក្លាយជា​ប្រធានបទ​នៃ​ការជជែក​ដេញដោល​គ្នា​។ អ្នក​រិះគន់​យល់ថា រដ្ឋាភិបាល​ឥណ្ឌា​ហាក់ដូចជា ព្រងើយកន្តើយ​ចំពោះ​ទស្សនកិច្ច​ប្រមុខ​រដ្ឋា​ភា​បាល​កាណាដា​នេះ ដោយសារ​កាណាដា មាន​ជាប់​ពាក់ព័ន្ធ​ការគាំទ្រ​ចលនា​ផ្តាច់ខ្លួន Khalistan នៅ​រដ្ឋ Punjab កន្លងមក​។ យ៉ាងណាមិញ  ក្នុងពេល​ទស្សនកិច្ច​នេះ លោក ទ្រូ​ដូ បាន​ឆ្លៀត​បកស្រាយ​ពី​ការយល់ច្រឡំ និង​ទុក្ខ​កង្វល់​របស់​ឥណ្ឌា ហើយ​លោក​ប្រកាស​ដោយ​ចំហ​ថា កាណាដា គាំទ្រ​ពេញទំហឹង​ចំពោះ​ឯកភាព និង​សាមគ្គីភាព​របស់​ឥណ្ឌា​ដែរ​។​



​នាយករដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទី​ន ទ្រូ​ដូ  ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​សប្តាហ៍​ទៅកាន់​ប្រទេស​ឥណ្ឌា​ចាប់ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​។ ទស្សនកិច្ច​របស់​អ្នកនយោបាយ​វ័យក្មេង​រូបនេះ​មាន​អមដំណើរ​ដោយ​ភរិយា និង​កូនប្រុស​ស្រី​បីនាក់​ផងដែរ​។ យ៉ាងណាមិញ ពេល​អញ្ជើញ​ទៅដល់​ក្រុង​ញ៉ូ​វ​ដែ​លី គេ​មិនឃើញ​មាន​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ឬ​មន្ត្រីជាន់ខ្ពស់​តំណាង​ឲ្យ​រដ្ឋាភិបាល​លោក​ទៅ​ស្វាគមន៍​ឡើយ​។ ផ្ទុយទៅវិញ ក្រុង​ញ៉ូ​វ​ដែ​លី​បញ្ជូន​ត្រឹម​រដ្ឋមន្ត្រី​ថ្នាក់ទាប​ទៅ​ទទួល​ដំណើរ​នេះ​ទៅវិញ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បកស្រាយ​ថា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បង្ហាញ​ការព្រងើយកន្តើយ​ដាក់​នាយករដ្ឋមន្ត្រី​កាណាដា ដែលជា​ភ្ងៀ​វ​លំដាប់​ខ្ពស់​នោះ​។ លោក ម៉ូ​ឌី មិនបាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​លោក ទ្រូ​ដូ ដូចដែល​លោក​ធ្លាប់ធ្វើ​ចំពោះ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ឬ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ​នោះឡើយ​។​

​យ៉ាងណាមិញ សមាជិក​គណៈកម្មការ​ប្រតិបត្តិ​របស់​បក្ស​កាន់អំណាច Bharatiya Janata ( BJP) បាន​ព្យាយាម​បកស្រាយ និង​បញ្ចប់​ការយល់ឃើញ​អវិជ្ជមាន​ចំពោះ​ឥណ្ឌា​ដែល​មិន​ស្វាគមន៍​រាក់ទាក់​ដាក់​នាយករដ្ឋមន្ត្រី​កាណាដា ហើយ​វា​អាច​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ផ្នែក​ការទូត​ផង​នោះ​។​

​លោក Seshadri Chari បានបញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​មិន​គិតថា វា​ជាការ​ព្រងើយកន្តើយ​ឡើយ​។ យើង​ឲ្យ​តម្លៃ​មិត្តភាព​រវាង​ឥណ្ឌា​និង​កាណ​ដា​ខ្ពស់​ណាស់​»​។​

​ត្រឡប់មកវិញ នៅ​ថ្ងៃ​ដំបូង​នាយករដ្ឋមន្ត្រី​កាណាដា ទៅ​ទស្សនា​ប្រាសាទ Taj Mahal មុននឹង​បន្ត​ជួប​ជាមួយ​មន្ត្រី​ឥណ្ឌា​មួយចំនួន​ក្នុងនោះ​មាន​ប្រមុខ​រដ្ឋាភិបាល​រដ្ឋ Punjab ផង​។ នៅ​ថ្ងៃ​សុក្រ ទី ២៣ ខែកុម្ភៈ​ឯណោះ ទើប​លោក ទ្រូ​ដូ អាច​បន្ត​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​សម​ភាគី​ឥណ្ឌា​លោក​ម៉ូ​ឌី​បាន​។

១.​ចលនា​ផ្តាច់ខ្លួន Sikh នៅ​រដ្ឋ Punjab ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​ឥណ្ឌា​មិន​ពេញចិត្ត​កាណាដា​
​ថ្វីបើ​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ព្យាយាម​សម្រួល​ស្ថានការណ៍ ដោយ​បកស្រាយ​ថា ឥណ្ឌា​មិនមែន​មិន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កាណាដា​ក្តី ស្រមោល​នៃ​ចលនា​ផ្តាច់ខ្លួន Sikh នៅ​រដ្ឋ Punjab ជា​ហេតុផល​សំខាន់​។​

​មន្ត្រី​ឥណ្ឌា​ជាច្រើន​នាក់​ធ្លាប់​ចោទប្រកាន់ថា រដ្ឋាភិបាល​កាណាដា​ព្យាយាម​ជួយ​គាំទ្រ​ចលនា​ផ្តាច់ខ្លួន Khalistan របស់​ជនជាតិ Sikh ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​នេះ​យូរអង្វែង​មកហើយ​។ ទូរទស្សន៍​កាតា Al Jazeera បាន​ស្រង់​សម្តី​អតីត​បេសកជន​ឥណ្ឌា​ប្រចាំ​ប្រទេស​កាណាដា​លោក Vishnu Prakash ដូច្នេះ​៖« កន្លងមក រដ្ឋាភិបាល​កា​ដា​ណា​ទាំង​គណបក្ស​សេរីភាព ឬ​គណបក្ស​អភិរក្ស​ឡើយ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​ការគាំទ្រ​ចលនា Khalistan​។ ក្រោម​រដ្ឋាភិបាល​លោក ទ្រូ​ដូ វិញ ការគាំទ្រ​នេះ​កាន់តែ​កើនឡើង​។ លោក ទ្រូ​ដូ បានបង្ហាញ​ខ្លួន​លើ​វេទិកា​របស់​ក្រុម Khalistan នៅ​ក្រុង Toronto កាលពី​ខែមេសា​ឆ្នាំមុន​ផង​»​។

​យ៉ាងណាមិញ អតីតមន្ត្រី​ទូត​ខាងលើ​បាន​ទាត់​ចោលការ​អះអាងថា ឥណ្ឌា​មិន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​កាណ​ដា​ផងដែរ​។​
​តាមពិត​ទោ ឥណ្ឌា​ខ្នើស​ចិត្តនឹង​កាណាដា​ជាពិសេស​លោក ទ្រូ​ដូ ដែល​សម្រេច​តែងតាំង​ជនជាតិ Sikh ជាច្រើន​នាក់​ស្ថិតក្នុង​គណៈរដ្ឋមន្ត្រី ក្រោយ​លោក​ជាប់ឆ្នោត​កាលពី​ឆ្នាំ ២០១៥​មក​នោះ​។ ក្នុងចំណោម​នោះ​មាន​រដ្ឋមន្ត្រី​ការពារជាតិ​លោក Harjit Sajjan  ដែល​កំពុង​អមដំណើរ​លោក ទ្រូ​ដូ ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា​នេះ​ផងដែរ​។​

 លោក ទ្រូ​ដូ ខ្លួនឯង​ធ្លាប់​និយាយ​លេងសើច​ថា គណៈរដ្ឋមន្ត្រី​លោក​មាន​ជនជាតិ Sikh ច្រើនជាង​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់លោក ម៉ូ​ឌី ទៅទៀត​។ ពេល​ជនជាតិ Sikh ស្ថិតក្នុង​តំណែង​ជាន់ខ្ពស់​បែបនេះ មន្ត្រី​និង​អ្នកនយោបាយ​ឥណ្ឌា​ជាច្រើន​នាក់ យល់ថា វា​នឹង​ក្លាយជា​ការគំរាមកំហែង​មួយ​សម្រាប់​ប្រជាជាតិ​ឥណ្ឌា បើទោះជា​ជនជាតិ Sikh ទាំងនោះ​មិនដែល​បញ្ចេញ​ផ្នត់គំនិត​ប្រឆាំង​ឥណ្ឌា​សូម្បី​បន្តិច​សោះ​។

 បច្ចុប្បន្ននេះ ជនជាតិ Sikh មាន ១,៤ ភាគរយ​នៃ​ប្រជាជន​កាណាដា​សរុប ៣៦ លាន​នាក់ ហើយ​ក្នុងចំណោម​នោះ​មាន ១៧ នាក់​កំពុង​បំពេញ​តួនាទី​ជា​សមាជិកសភា​កាណាដា​ផងដែរ​។​

​រឿងចម្រូងចម្រាស​ពាក់ព័ន្ធ​ករណី​ទាមទារ​ផ្តាច់ខ្លួន​របស់​ជនជាតិ Sikh ក្រោយ​មាន​ចលនា​បង្ក្រាប​ដោយ​ហិង្សា​ប្រ​ឆាង​ចលនា​ផ្តា​ចើ​ខ្លួន Sikh ហើយ​ការបង្ក្រាប​នេះ​បង្ករ​ឲ្យ​មានការ​ធ្វើឃាត​លោកស្រី​នាយករដ្ឋមន្ត្រី Indira Gandhi ដោយ​អង្គរក្ស​របស់លោក​ស្រី​ផ្ទាល់​ដែលជា​ជនជាតិ Sikh នៅ​ឆ្នាំ​១៩៨៤ ផងដែរ​។ ក្នុងការ​យុទ្ធនា​ការប្រឆាំង​ចលនា​បោះ​បោរ​របស់​ជនជាតិ Sikh នេះ​បាន​បង្ក​ឲ្យ​មនុស្ស​យាង​ហោចណាស់ បី​ពាន់​នាក់​ស្លាប់បាត់​បង់ជីវិត​ដែរ​។​

​ចំណែក​នៅ​កាណាដា​ឯណោះ​វិញ សមាជិក​សហគមន៍ Sikh នៅ​ទីនោះ​ត្រូវបាន​គេ​កាត់ទោស​ផងដែរ​នៅ​ឆ្នាំ ១៩៨៥ ដោយសារ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ការដាក់​បំផ្ទុះ​គ្រាប់បែក​លើ​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា​ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣២៩ នាក់​ឯណោះ​។​

២.​មេដឹកនាំ​កាណាដា​ប្រកាស​ជំហរ​«​គាំទ្រ​ឯកភាព​ជាតិ​ឥណ្ឌា​» ឥត​ងាករេ​
​ទោះបីជា​បញ្ហា​ចលនា​ផ្តាច់ខ្លួន​នេះ​បង្ក​ផលប៉ះពាល់​ដល់​ចំណងមិត្តភាព​ទ្វេភាគី​ក៏ដោយ ប្រមុខ​រដ្ឋាភិបាល​កាណាដា បាន​បញ្ហា​ញ​ជំហរ​ច្បាស់លាស់​ហើយ​ថា ខ្លួន​គាំទ្រ​ការឯកភាព​គ្នា និង​ការរួបរួម​សាមគ្គី​នៃ​ប្រជាជាតិ​ឥណ្ឌា​។ នាយករដ្ឋមន្ត្រី​កាណាដា បានលើកឡើង​ដូច្នេះ​ក្នុងពេលដែល​លោក​ជួបពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ Punjab លោក Amarinder Singh នា​ថ្ងៃ​ពុធ​ទី ២១ ខែកុម្ភៈ​។

​គេ​នៅ​ចាំបាន​ថា កាលពីដើម​ឆ្នាំកន្លងមក ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ Punjab ខាងលើនេះ​បាន​ចោទប្រកាន់ថា សមាជិក​រដ្ឋាភិបាលរ​ប​ស់លោក ទ្រូ​ដូ ដែលជា​ជនជាតិ Silk នោះ​គាំទ្រ​ចូល​នា​ផ្តាច់ខ្លួន Khalistan នៅ​រដ្ឋ Punjab ហើយ​ក្រុម​នយោបាយ​នៃ​សហគមន៍ Sikh នៅ​កាណាដា​ក៏មាន​ចំណែក​គាំទ្រ​ចលនា​ជ្រុលនិយម​នេះដែរ​។

​ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កាណាដា​លោក ទ្រូ​ដូ រួមជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា​ដែលជា​ជនជាតិ SIkh ផង​នោះបាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​អ្នក​ទាំងពីរ​សង្កត់ធ្ងន់​ថា ការចោទប្រកាន់​កន្លង​មកជា​រឿង​ខុស​ទាំងស្រុង​។​

​អាច​និយាយបានថា ពាក្យសម្តី​របស់លោក ទ្រូ​ដូ បង្ហាញ​ឲ្យ​ឃើញច្បាស់​ពី​ជំហរ​របស់​កាណាដា​ក្នុងការ​បង្កើត​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា ហើយ​ការបកស្រាយ​នេះ​ក៏​ធ្វើ​ឲ្យ​ឥណ្ឌា​ធូរចិត្ត​ច្រើន​ដែរ​។ នៅពេល​ខាងមុខ កាណាដា និង​ឥណ្ឌា អាច​នឹងមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​រឹង​បន្តឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​៕


Tag:
 Justin Trudeau
  កាណាដា​
 ​ឥណ្ឌា​
  Sikh
  Punjab
© រក្សាសិទ្ធិដោយ thmeythmey.com