ជាតិ
ជប៉ុន ផ្តល់​ហិប​ឆ្នោត​ចំនួន​១.៥​ម៉ឺន ដែលមាន​តម្លៃ​ប្រមាណ​៧​លាន​ដុល្លារ ដល់គ​.​ជ​.​ប
22, Feb 2018 , 10:19 pm        
រូបភាព
លោក ស៊ិក ប៊ុនហុក  ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំកន្លងមក
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ដឹកនាំកិច្ចប្រជុំកន្លងមក
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន ផ្តល់​ហិប​ឆ្នោត​ចំនួន​១​ម៉ឺ​៥​ពាន់ ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២0១៨​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ិ​ក ប៊ុន​ហុក  ប្រធាន​គ​.​ជ​.​ប​។



​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២0១៨ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​ឯកសារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​មួយចំនួន សម្រាប់​អនុវត្ត​គម្រោង អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា​។ ការផ្តល់​ហិប​ឆ្នោត​ដល់គ​.​ជ​.​ប ក៏​ធ្វើឡើង​ក្នុង​ពិធី​នេះដែរ​។

​ក្រោយ​បញ្ចប់​ការចុះហត្ថលេខា ក្នុង​ការទទួល​ជំនួយ​ពី​ជប៉ុន លោក ស៊ិ​ក ប៊ុន​ហុក ដែល​បាន​ចួ​ល​រួម​ដែល​នោះ បាន​ប្រាប់​អ្នកកាសែត​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​៦ នឹងត្រូវ​ប្រើ​ហិប​ឆ្នោត​សរុប​ប្រហែលជា​៣​ម៉ឺន​ឯណោះ​។ លោក បន្តថា ពេលនេះ គ​.​ជ​.​ប បានទទួល​ហិប​ឆ្នោត​ចំនួន​ពាក់កណ្តាល​ហើយ ដែលជា​ជំនួយ​ពី​ភាគី​ជប៉ុន​។

​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ​នេះ​ថា ហិប​ឆ្នោត​ទាំងនោះ មានតម្លៃ​ប្រមាណ​៧​លាន​ដុល្លារ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​គ​.​ជ​.​ប មិនដែល​ទទួល​ឬ​កាន់​ថវិកា​ផ្ទាល់​ពី​ម្ចាស់ជំនួយ​ទេ​។ តែ បើ​យើង លើក​គម្រោង​ណាមួយ ទៅ​ម្ចាស់ជំនួយ នោះគេ នឹង​ចំណាយ​ថវិកា លើ​គម្រោង​ឬ​ទិញ​សម្ភារ​បច្ចេក ដែល​យើង​ស្នើសុំ​»​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ បន្ថែមថា ទោះ​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​ជប៉ុន នៅតែ​បន្ត​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ​ដដែល មិនមែន​តែ​ការបោះឆ្នោត​នោះទេ​។ លោក បាន​សរសើរ​ជប៉ុន​យ៉ាង​ដូច្នេះ​ថា​៖«​ជប៉ុន នៅតែ​ចង់​ពង្រឹង​ទំនាក់ទំនង​ជាមួយ​យើង​។ ជប៉ុន​ជា​មិត្ត​ស្លាប់​រស់​របស់​យើង​»​។

​មុននឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឈាន​មកដល់ កម្ពុជា ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ជាមុនសិន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។

​បណ្តា​សហគមន៍​អន្តរជាតិ​និង​បរទេស​នានា បាន​ស្តីបន្ទោស​រដ្ឋាភិបាល​កម្ពុ​ជា ក្រោយ​ការចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់ពន្ធនាគារ និង​ការរំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​។ ក្នុងនោះ សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប បានសម្រេច​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​មក​កម្ពុជា​។ ប្រទេស​ធំៗ​ទាំងពីរ​នេះ នឹងមិន​ទទួលស្គាល់​ការបោះឆ្នោត​ឡើយ បើ​អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​៕


Tag:
 គជប​
  ជំនួយ​ជប៉ុន​
  ហិប​ឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com