មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ ប្រជុំ​រឿង​ល្បីៗ​មកពី​៤១​ប្រទេស​
ជាតិ
សិល្បះ
មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ ប្រជុំ​រឿង​ល្បីៗ​មកពី​៤១​ប្រទេស​
23, Feb 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ភាពយន្ត​ល្បីៗ ទាំង​នៅ​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស ចំនួន​១៣០​ចំណងជើង មកពី​៤១​ប្រទេស  នឹងត្រូវ​ចាក់​បញ្ចាំង​ឥតគិតថ្លៃ នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៥ ដល់ទី​១១ ខែមីនា​ខាងមុខ​។​



​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៨ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១១ ខែមីនា​ខាងមុខនេះ ដោយ​នឹង​នាំមក​នូវ​ភាពយន្ត​ល្បីៗ ទាំង​នៅ​កម្ពុជា និង​ក្រៅប្រទេស ចំនួន​១៣០​ចំណងជើង មកពី​៤១​ប្រទេស​។ មហោស្រព​នេះ រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់​ប្រទេស​ដែល​ចូលរួម​ទាំងអស់ និង​ការសិក្សា​ពី​វប្បធម៌​គ្នា​ទៅវិញទៅមក តាមរយៈ​ភាពយន្ត​ផងដែរ​។

​ភាពយន្ត​ទាំង​១៣០​ចំណងជើង នឹងត្រូវ​ចាក់​បញ្ចាំង​ឥតគិតថ្លៃ នៅតាម​រោងកុន​ធំៗ​ទាំងអស់​ក្នុង​ភ្នំពេញ និង​ការ​បញ្ចាំង​ជា​សាធារណៈ នៅ​កោះ​ពេជ្រ​ផងដែរ​។ ក្រៅពីនេះ នៅក្នុង​រយៈពេល​នៃ​ការរៀបចំ​មហោស្រព ក៏​នឹងមាន​ព្រឹត្តិការណ៍​ពិសេស​ច្រើនជាង​១៦០​ដង ត្រូវ​រៀបចំឡើង នៅ​ទីតាំង​ផ្សេងៗ​គ្នា​១០​កន្លែង​ផងដែរ​។ ជាមួយគ្នានេះ សមិទ្ធ​ករ​ភាពយន្ត​ចំនួន​៧០​នាក់ មកពី​១៦​ប្រទេស មកពី​ប្រទេស បារាំង ជប៉ុន ប៊ូ​តង់ អាមេរិក បែ​ល​ហ្ស៉ិ​ក ប្រ៊ុយណេ មី​យ៉ាន់​ម៉ា កាណាដា វៀតណាម ហ្វីលីពីន ថៃ កូរ៉េ អាល្លឺម៉ង់ អង់គ្លេស អាល់​ហ្សេ​រី រួមទាំង​កម្ពុជា​ផង នឹងចូលរួម​ក្នុង​កម្មវិធី​នានា​នៅក្នុង​មហោស្រព​នេះដែរ​។​



​ភាពយន្ត​ល្បីៗ​របស់​កម្ពុជា ក៏​នឹង​ត្រូវដាក់​បញ្ចាំង​នៅក្នុង​មហោស្រព​នេះដែរ មានរឿង​«​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ របស់​អ្នកស្រី Angelina Jolie​។ រឿង​«​ស្ដេច​កន​» ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ អាយុទ្ធ​។ រឿង​«​ធ្មប់​» របស់លោក ហ៊ុយ យ៉ា​ឡេង​។ ភាពយន្ត​បារាំង​«THE PATH» របស់លោក Jeanne Labrune ដែល​ថត​នៅ​ប្រទេស​កម្ពុជា និង​មានរឿង​មួយចំនួនទៀត​។



​កម្មវិធី​ពិសេស គឺ​ការ​រម្លឹក​ដល់​ស្នាដៃ​របស់លោក លី ប៊ុន​យី​ម អ្នកដឹង​នាំ​រឿង​ខ្មែរ​ដ៏​ឆ្នើម​មួយរូប​នា​ទស្សវត្ស​ឆ្នាំ​៦០ នឹង​ការចាក់​បញ្ចាំង​រឿង​ដ៏​ល្បី​របស់លោក គឺ​រឿង​«​ពុទ្ធិ​សែន​នាង​ក​ង្រី​» រួមទាំង​ខ្សែភាពយន្ត​២​រឿង​ផ្សេងទៀត​។ មាន​ការដាក់​បញ្ចាំង​រឿង  «SURVIVING BOKATOR» ជា​ភាពយន្ត​ឯកសារ ស្ដីពី​ការ​រស់​ឡើងវិញ​នៃ​សិល្បៈ ក្បាច់គុន​បុរាណ​ខ្មែរ​។ ភាពយន្ត​ទាក់ទង​នឹង​សម័យ​ខ្មែរក្រហម ពី​សម្បត្តិ​ធម្មជាតិ ពី​សត្វព្រៃ​ដ៏​កម្រ​។​



​រីឯ​ភាពយន្ត​អន្តរជាតិ​វិញ មាន​ភាពយន្ត​ឯកសារ ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​វែង គំនូរជីវចល​មកពី​ជុំវិញ​ពិភពលោក រួមទាំង​មានការ​ចូលរួម​ពី​អ្នកដឹកនាំ​រឿង​ដែល​ទទួលបាន​ពានរង្វាន់​Oscar និង​ពានរង្វាន់​ដទៃទៀត​។

​ការ​បញ្ចាំងភាពយន្ត ទស្សនិកជន​អាចមក​ទទួលយក​សំបុត្រ​ភាពយន្ត មួយ​ម៉ោង​មុន​ការចាក់​បញ្ចាំង នៅ​បញ្ជរ​សំបុត្រ​មហោស្រព ដោយ​ឥតគិតថ្លៃ (​កន្លែង​មានកំណត់​)​។ សម្រាប់​អ្នក​មក​យឺត ឬ​មិន​ចង់​រង់ចាំ អាច​ទិញ​សំបុត្រ​បាន​ក្នុងតម្លៃ​៥០០០​រៀល​។​



​កម្មវិធី​លម្អិត និង​ព័ត៌មាន​ផ្សេងៗ នឹងមាន​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​៖ www.cambodia-iff.com ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖ https://www.facebook.com/cambodiafilm/



Tag:
 ភាពយន្ត​
  CFC
 ​បុប្ផា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com