ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ថៃ នឹង​សម្រួល​ការដោះដូរ​ទំនិញ​បន្ថែមទៀត ដើម្បី​ឈានដល់​១៥​ពាន់​លាន​ដុល្លារ​ឆ្នាំ​២០២០
22, Feb 2018 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តាមរយៈ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ លើក​ទី​៦ ភាគី​ទាំងពីរ​បាន​សន្យា​នឹង​សម្រួល​ការដោះដូរ​ពាណិជ្ជ​កម្ម​ឆ្លង​ព្រំដែន​ទៅវិញទៅមក​បន្ថែមទៀត ដើម្បី​សម្រេច​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​។



​សកម្មភាព​ផ្សេងៗ​ដើម្បី​សម្រួល​ពា​ណិ​ជ្ចក​ម្ម​ទ្វេភាគី នឹងត្រូវ​ធ្វើឡើង បន្ទាប់ពី​កិច្ចប្រជុំ​ខាងលើនេះ​។ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​ទាំងពីរ​បានកំណត់​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ហើយ​យើង​នឹង​រៀប​ចំប​ន្ថូ​រ​បន្ថយ​ការសម្រួល​ពាណិជ្ជកម្ម ការសម្រួល​ខាង​គយ​ដើម្បី​ឆ្លងកាត់​»​។ លោក​បន្ថែមថា ប្រទេស​ទាំងពីរ​នឹង​កែលម្អ​យន្តការ​ដោះដូរ​ទំនិញ​នៅ​ច្រកព្រំដែន​ពីរ​ទៀត​ក្រៅពី​ច្រក​ប៉ោយប៉ែត គឺ​នៅ​ច្រក​ចាំ​យាម​ខេត្តកោះកុង និង​មួយទៀត​នៅ​ខេត្ត​ប៉ៃលិន​។​

​ជាមួយគ្នានេះ រដ្ឋាភិបាល​ទាំងពីរ​បានសម្រេច​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ​ដល់​ការនាំចេញ​កសិផល​។ ក្រុមការងារ​នេះ នឹងត្រូវ​បង្កើតឡើង​ក្នុង​រយៈពេល​បី​ខែ បន្ទាប់ពី​កិច្ចប្រជុំ​ខាងលើនេះ​បានបញ្ចប់​។​

​ទាក់ទង​កសិផល​នេះ​ផងដែរ ភាគី​កម្ពុជា​បានស្នើ​ឲ្យ​ថៃ​ដំឡើង​ពេលវេលា​បើក​នាំចូល​ពោត​ពី​កម្ពុជា​ឲ្យ​ដល់​ខែតុលា ដែល​បច្ចុប្បន្ន​ការបើក​នាំចូល​នេះ​គឺ​ត្រឹម​ខែសីហា​។​

​បើទោះបី​រដ្ឋាភិបាល​ទាំងពីរ​កំណត់​ទិសដៅ​ដោះដូរ​ទំនិញ​ឲ្យ​ដល់​ទឹកប្រាក់ ១៥​ពាន់​លាន​ដុល្លារ​យ៉ាងណាក្ដី តែបើ​មើល​តួលេខ​សព្វថ្ងៃ​ភាគី​ថៃ​មានប្រៀប​ធំធេង​លើ​ការចាប់យក​ទឹក​នាំចេញ​នេះ​។ ក្នុង​ឆ្នាំ​២០១៧ កន្លងទៅនេះ ថៃ​បាន​នាំចូល​ទំនិញ​មក​កម្ពុជា​ដល់​ទឹកប្រាក់​ជាង ៥,២​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ១៣​ភាគរយ ខណៈ​កម្ពុជា​នាំចេញ​ទៅវិញ​ត្រឹម​ទឹកប្រាក់​ជិត ៩០០​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​ធ្លាក់ចុះ ៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។​

​ទោះ​យ៉ាងនេះ​ក្ដី លោក ប៉ាន សូរ​ស័ក្ដិ អះអាងថា​កម្ពុជា​នឹង​រុញ​ការនាំចេញ​របស់ខ្លួន​ឲ្យ​មាន​តុល្យភាព​នឹង​ការនាំ​ទំនិញ​ពី​ថៃ​មក​កម្ពុជា​។ លោក​ថ្លែង​ដូចនេះ​ថា​៖«​យើង​ចង់​ជំរុញ​ឲ្យ​មាន​តុល្យភាព​នៃ​ពាណិជ្ជកម្ម ព្រោះ​យើង​នាំចូល​ពី​ថៃ​ច្រើន ហើយ​យើង (​កម្ពុជា និង​ថៃ​) បាន​ឯកភាពគ្នា​ថា ធ្វើយ៉ាងណា​ឲ្យ​មាន​តុល្យភាព​ទៅវិញទៅមក​»​។​

​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ផ្នែក​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ លើក​ទី​៦ បានធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២២​ខែកុម្ភៈ ក្រោម​ការដឹកនាំ​របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​៕


Tag:
 កម្ពុជា​-​ថៃ​
© រក្សាសិទ្ធិដោយ thmeythmey.com