ជាតិ
នយោបាយជាតិ
លោក ផៃ ស៊ីផាន៖«ការអំពាវនាវ មិនឲ្យពលរដ្ឋទៅបោះឆ្នោត ជាអំពើភេរវកម្ម» លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី
× ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការអំពាវនាវរបស់អង្គការមួយ មិនឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨ ថាអំពើនៃក្រុមឧទ្ទាម។ លោក បន្តថា ទង្វើបែបនេះ គឺប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិនយោបាយ ក្នុងការជ្រើសរើសអ្នកតំណាង។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីរូបនេះ បានព្រមានធ្ងន់ៗ តាមរយៈការបង្ហោះសារលើគណនីហ្វេសប៊ុក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២0១៨ យ៉ាងដូច្នេះថា៖«លទ្ធិប្រជាធិបតេយ្យ គឺជាកម្មសិទ្ធិផ្ទាល់របស់ប្រជាពលរដ្ឋមា្នក់ៗ ហើយជាសកម្មភាពនយោបាយ ក្នុងការជ្រើសរើសនិងទទួលខុសត្រូវលើជោគវាសនារបស់គេ។ សិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលស្គាល់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងកម្ពុជាផងដែរ។ ដូច្នេះ យុទ្ធនាការរបស់បុគ្គលណា ឬក្រុមណាប្រឆាំងនឹងសិទ្ធិនេះ គឺមិនត្រឹមតែជា [អំពើនៃក្រុម] ឧទ្ទាមប៉ុណ្ណោះទេ តែក៏ជាសកម្មភាពភេរវកម្ម ប្រឆាំងនឹងអំណាចប្រជាពលរដ្ឋ ដែលរដ្ឋាភិបាល មិនអនុគ្រោះជាដាច់ខាត»។
សាររបស់លោក ផៃ ស៊ីផាន គឺធ្វើឡើងដើម្បីប្រតិកម្មនឹងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (CWCI) ដែលបានអំពាវនាវ មកកាន់ប្រជាពលរដ្ឋកម្ពុជា កុំឲ្យចូលរួមការបោះឆ្នោត បើអវត្តមានគណបក្សសង្គ្រោះជាតិ។ តាមរយៈសេចក្តីអំពាវនាវ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសន័រវេស ហើយតែងតែប្រឆាំងគណបក្សកាន់អំណាចនិងរដ្ឋាភិបាលកម្ពុជា បានស្នើឡើងយ៉ាងដូច្នេះថា៖«បើអ្នកទៅបោះឆ្នោត មានចំនួនតិចជាង៥0ភាគរយ មានន័យថាប្រជាពលរដ្ឋ មិនពេញចិត្តនឹងរបបដឹកនាំរបស់លោក [នាយករដ្ឋមន្ត្រី] ហ៊ុន សែន ហើយសហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ដែរ។ [….] នេះហើយ ជាក្តីបារម្ភរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាច។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមអំពាវនាវដល់ពលរដ្ឋខ្មែរ កុំទៅបោះឆ្នោត»៕
Tag:
បោះឆ្នោត
ផៃ ស៊ីផាន
© រក្សាសិទ្ធិដោយ thmeythmey.com