ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មធ្យោបាយ​ធម្មជាតិ​ក្នុងការ​បង្កើន​ភាព​មានកូន​របស់​បុរស​
23, Feb 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការពិតជា​ពិសេស​មួយ​សម្រាប់​ភាព​អាចមាន​កូន​បាន​របស់​បុរស​នោះ​គឺថា រាងកាយ​របស់​ពួកគេ​មាន​តុល្យភាព​នៃ​អ័រម៉ូន និង​ប្រូតេអ៊ីន ទើប​អាចជួយ​បង្កើតជា​មេជី​វិត​ឈ្មោល​ដែល​ផ្តល់​សុខភាព​ល្អ ហើយក៏​អាច​បង្កើតជា​កូន​បានដែរ​។ សំណាង​ដែរ មាន​វិធី​ច្រើនណាស់​ដែល​គេ​អាចជួយ​ឲ្យ​បុរស​មាន​សមត្ថភាព​បង្កើន​ភាព​មានកូន​បាន​។



​ដំបូង​ឡើយ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការប៉ះពាល់​ប្រដាប់ភេទ​ជាមួយនឹង​កម្តៅ ដូចជា ការ​ងូតទឹក​ក្តៅ ត្រាំ​ទឹក​ក្តៅ ឬ​នៅក្នុង​បន្ទប់​សូ​ណា​។ ចូរ​កុំ​ដាក់​កុំព្យូទ័រ​ឡេ​ប​ថប់​លើ​ភ្លៅ និង​ដាក់​ទូរស័ព្ទដៃ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​។ បើសិនជា​អ្នកត្រូវការ​ប្រើ​ថ្នាំ​ដោយមាន​វេជ្ជបញ្ជា ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ថា​តើ​ថ្នាំ​ទាំងនេះ​អាច​ប៉ះពាល់​ដល់​មេជី​វិត​ឈ្មោល​ឬ​អត់​។​

​ជាទូទៅ បើសិនជា​បេះដូង ឬ​ខួរ​ក្បាលមាន​សុខភាព​ល្អ​ហើយ វា​ក៏​ល្អ​ចំពោះ​ពងស្វាស​មនុស្ស​ប្រុស​ដែរ​។ របៀប​រស់នៅ​ដែលមាន​ការជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ធាត់​ជ្រុល​ពេក​មិនមែនជា​រឿង​ល្អ​សម្រាប់​សុខភាព​ទូទៅ​ឡើយ ហើយ​វា​ក៏​មិនល្អ​ចំពោះ​សមត្ថភាព​នៃ​ការ​មានកូន​ដែរ​។

​អ្នកជំនាញ​បាន​ណែនាំ​ថា របប​អាហារ​ដែលមាន​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់ ដូចជា បន្លែ និង​ផ្លែឈើ​ដែលមាន​ពណ៌​ខុសៗ​គ្នា គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ជម្រុញ​ដល់​សុខភាព ហើយ​បង្កើន​សមត្ថភាព​មានកូន​របស់​មនុស្ស​ប្រុស​ថែមទៀត​។ ក្រៅពីនេះ​វា​ក៏មាន​ជីវជាតិ​ផ្សេងៗ​ទៀត​ដែល​ជួយ​ដល់​ការ​មានកូន​របស់​បុរស​ដែរ​ដូចជា​៖

វីតាមីន C៖ វា​គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ហើយក៏​បង្កើន​គុណភាព​មេជី​វិត​ឈ្មោល ព្រមទាំង​បន្ថយ​ការខូចខាត​របស់​កោសិកា​ជាច្រើន​នៃ​រាងកាយ​ផងដែរ​។​
   
វីតាមីន E៖ គឺជា​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​ដែល​ធ្វើការ​យ៉ាង​ល្អ​ជាមួយនឹង​វីតាមីន C ក្នុងការ​បោសសម្អាត​សារធាតុ​អាក្រក់ៗ​ចោល និង​បង្កើន​គុណភាព​មេជី​វិត​ឈ្មោល​។
   
Co Enzyme Q10៖ វា​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​មុខងារ​របស់​កោសិកា​ទាំងអស់​ក្នុង​ខ្លួន ហើយក៏​ត្រូវបាន​គេ​បង្ហាញថា ជួយ​ពង្រឹង​ដល់​ចំនួន និង​ការធ្វើ​ចលនា​របស់​មេជី​វិត​ឈ្មោល​ផងដែរ​។​
   
ជាតិ​ស័​ង្គ​សី​៖ គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​អាចជួយ​ដល់​មេជី​វិត​ឈ្មោល និង​បង្កើន​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។
   
សេ​ឡេ​ញ៉ូ​ម​៖ គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​ត្រូវបាន​រាងកាយ​ប្រើប្រាស់​ក្នុងការ​ប្រឆាំង​ការខូចខាត​ដោយសារ​អង់​ស៊ីត​កម្ម និង​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មានកូន និង​សុខភាព​ទូទៅ​។
   
តែ​បៃតង​៖ មាន​សារធាតុ​ផ្តល់​សុខភាព​ច្រើន​ដែល​បង្កើន​សមត្ថភាព​មានកូន​បាន​។ ការ​ញ៉ាំ​តែ​បៃតង​គឺជា​រឿង​សំខាន់​មួយ​ចំពោះ​រឿងនេះ​។
   
ទំពាំងបាយជូរ​ពណ៌​ក្រហម ទឹក​ទំពាំងបាយជូរ​ក្រហម និង​ស្រាក្រហម​៖ គឺមាន​សារធាតុ Resveratrol ខ្ពស់ ហើយក៏​ត្រូវបាន​គេ​បង្ហាញថា ជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង​មួយ​ដែល​អាច​ពង្រឹង​ដល់​គុណភាព​មេជី​វិត​ឈ្មោល​បាន​។
   
សារធាតុ Lycopene៖ វា​មាន​មិន​ច្រើន​ឡើយ​លើ​បុរស​ដែល​មិនអាច​មានកូន​បាន ប៉ុន្តែ​អ្នក​អាច​រកបាន​យ៉ាង​ល្អ​ពី​ធម្មជាតិ ដែលមាន​ក្នុង​ផ្លែឈើ និង​បន្លែ​ពណ៌​ក្រហម ជាពិសេស​ផ្លែ​ឪឡឹក​តែម្តង​។
   
វីតាមីន D៖ បុរស​ដែល​កង្វះ​វីតាមីន​នេះ ត្រូវបាន​គេ​រកឃើញ​ទៀតថា មាន​ចំនួន​មេជី​វិត​ឈ្មោល​ចុះ​ទាប និង​មិន​ងាយ​មានកូន​ឡើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com