អន្តរជាតិ
អាមេរិកត្រៀមដាក់ទណ្ឌកម្មធំបំផុតលើកូរ៉េខាងជើង រូបភាព៖ AFP
× សហរដ្ឋអាមេរិក រំពឹងថា នឹងប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើកូរ៉េខាងជើងជុំវិញកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ។ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន បានបង្ហើបផែនការដាក់ទណ្ឌកម្មនេះអំឡុងទស្សនកិច្ចនៅជប៉ុនកាលពីពីរសប្ដាហ៍មុន។ ច្បាស់ណាស់ថា ទណ្ឌកម្មថ្មីនេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងបងប្អូនដែលកំពុងល្អូកល្អឺនអំឡុងពេលព្រឹត្តិការណ៍អូឡាំពិក ប្រឈមមុខបញ្ហាស្មុគស្មាញ ដ្បិតកូរ៉េខាងជើងពិតជាឆេះដុំខ្លាំងមិនខាន។
កញ្ចប់ទណ្ឌកម្មថ្មីមួយទៀត នឹងត្រូវដាក់លើកូរ៉េខាងជើងដើម្បីបង្ខំឲ្យរដ្ឋកុម្មុយនីស្តមួយនេះបោះបង់មហិច្ឆតាអភិវឌ្ឍនុយក្លេអ៊ែរ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងប្រកាសទណ្ឌកម្មថ្មីនេះនៅថ្ងៃទី២៣ ខែកុម្ភៈ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ជាក់អត្តសញ្ញាណនិយាយថា ទណ្ឌកម្មថ្មីនេះ គឺជាទណ្ឌកម្មធំជាងគេបំផុតប្រឆាំងរបបដឹកនាំកូរ៉េខាងជើង។
ការដាក់ទណ្ឌកម្មថ្មីនេះ ធ្វើឡើងស្របពេលដែលទំនាក់ទំនងកូរ៉េខាងត្បូង និងខាងជើង កំពុងតែល្អប្រសើរដោយសារព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះ។ កញ្ចប់ទណ្ឌកម្មលើកនេះ ទំនងជាធ្វើឲ្យក្រុងសេអ៊ូលឈឺក្បាលខ្លាំង ព្រោះកំពុងប្រុងប្រៀបចរចាជាមួយក្រុងព្យុងយ៉ាងដើម្បីរៀបចំជំនួបកំពូលមេដឹកនាំកូរ៉េទាំងពីរ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ដើម្បីទស្សនកិច្ចនៅកូរ៉េខាងជើង។
តាមពិតទៅ កូរ៉េខាងជើងខកខានសាកល្បងនុយក្លេអ៊ែរ ឬក៏បាញ់មីស៊ីលបាលីស្ទិកជាងបីខែមកហើយ។ ការបាញ់លើកចុងក្រោយ គឺនៅចុងខែវិច្ឆិកា ដែលក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកប្រភេទថ្មី ដែលរដ្ឋឯកោមួយនេះអះអាងថា អាចបាញ់ដល់គ្រប់កន្លែងនៅលើទឹកដីអាមេរិក។ ក្នុងឆ្នាំ២០១៧ ក្រុងព្យុងយ៉ាងក៏បានសាកល្បងនុយក្លេអ៊ែរលើកទី៦ និងបានបាញ់មីស៊ីលរាប់សិបលើក ហើយក៏រងទណ្ឌកម្មជាច្រើនដែរ។
យ៉ាងណាមិញ ក្នុងឆ្នាំ២០១៨ កូរ៉េខាងជើងបានផ្លាស់ប្ដូររឥរិយាបថរបស់ខ្លួន និងបានបោះដៃរកកូរ៉េខាងត្បូង។ ក្នុងសារអបអរឆ្នាំថ្មី លោក គីម ជុងអ៊ុន បានបង្ហាញបំណងពង្រឹងទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូង ហើយថែមទាំងបញ្ជូនប្អូនស្រីតែមួយឲ្យចូលរួមកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងព្យុងឆាងទៅទៀត។ ក្រោយទស្សនកិច្ចនេះ លោក គីម ក៏នៅតែចង់បានបរិយាកាសល្អដើម្បីការផ្សះផ្សានៅឧបទ្វីបកូរ៉េ។
ទណ្ឌកម្មថ្មីរបស់អាមេរិក ទំនងក្លាយជាខ្យល់បក់រងើកភ្លើងឧបទ្វីបកូរ៉េ ដែលកំពុងរលត់សន្សឹមៗទៅហើយនោះ ឲ្យឆេះរោលរាលឡើងវិញ។ កន្លងមក អាមេរិកមិនជឿទាល់តែសោះថា កូរ៉េខាងជើងមានភាពស្មោះត្រង់អ្វីឡើយ ទោះជាបានបន្ទន់អាកប្បកិរិយាក្ដី។ ឱកាសកម្រនេះដែលរកបានទាំងលំបាក ទំនងជាបាត់ទៅវិញ ព្រោះកូរ៉េខាងជើងទំនងជាមិនអាចទ្រាំទ្រនឹងសកម្មភាពរបស់អាមេរិកបានឡើយ ហើយអាចធ្វើសកម្មភាពផ្គើនទៀតផង៕
Tag:
អាមេរិក
កូរ៉េខាងជើង
កូរ៉េខាងត្បូង
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com