ជាតិ
ជប៉ុន​ផ្ដល់ជំនួយ​ជាង​១​លាន​ដុល្លារ សម្រាប់​គម្រោង​ដោះមីន និង​សុខភាព​ម្ដាយ​ទារ​កនៅ​កម្ពុជា​
24, Feb 2018 , 5:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ឥត​សំណង​សរុប​ចំនួន ១,១៣ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ចំនួន ២​នៅ​កម្ពុជា​គឺ គម្រោង​ទី​១ ការផ្ទេរ​បច្ចេកទេស​មេ​កា​និក ក្នុងការ​បោសសម្អាត​មីន ក្នុង​ខេត្តកំពង់ធំ និង​គម្រោង​ទី​២ ការកែលម្អ​សុខភាព​មាតា​និង​ទារក ក្នុង​ខេត្តតាកែវ​(​ឆ្នាំ​ទី​២)​។​



​រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្ដល់​ថវិកា​ជាង ១​លាន​ដុល្លារ ដល់​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​នៅ​កម្ពុជា​ចំនួន​ពីរ ក្រោម​គម្រោង​ជំ​នួន​ឥត​សំណង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ ដែល​បាន​ឲ្យ​ដឹងថា ការផ្ដល់​ជំនួយឥតសំណង​នេះ ត្រូវ​ផ្ដល់​ឲ្យ​ទី​១ អង្គការ​សកម្មភាព​ក​ម្ចា​ត់​មីន​ជប៉ុន (JMAS) លើ​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកា​និក​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​បោសសម្អាត​មីន ក្នុង​ខេត្តកំពង់ធំ​(​ឆ្នាំ​ទី​១) ដែល​បានទទួល​ថវិកា​ចំនួន​ជាង ៦៧​ម៉ឺន​ដុល្លារ​។



​តាមរយៈ​គម្រោង​នេះ អង្គការ​សកម្មភាព​ក​ម្ចា​ត់​មីន​ជប៉ុន (JMAS) នឹងធ្វើ​ការអភិវឌ្ឍន៍​លើ​បច្ចេកទេស​មេកា​និក ក្នុងការ​បោសសម្អាត​មីន ដោយ​ប្រើ​ម៉ាស៊ីន​ដោះមីន និង​ម៉ាស៊ីន​ដោះ​គ្រាប់បែក​ចង្កោម​នៅក្នុង​តំបន់​ដែល​សម្បូរ​ទៅដោយ​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម​នៅ​លាយឡំ​គ្នា​។ នេះ​បើតាម​ការបន្ថែម​របស់​សេចក្ដីប្រកាស​ព័ត៌មាន ដែល​បន្តថា អង្គការ​នេះ នឹង​ផ្ទេរ​វិធីសាស្ត្រ​សម្អាត​មីន​ដែលមាន​ប្រសិទ្ធិភាព និង​មាន​សុវត្ថិភាព​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ CMAC ដើម្បី​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​សុវត្ថិភាព​។​

​ការផ្ដល់​ជំនួយ​គម្រោង​ទី​២ គឺ​ម្រា​ប់​អង្គការ​ទស្សនៈ​ពិភពលោក​ជប៉ុន (World Vision Japan) លើ​គម្រោង​លើកកម្ពស់​សុខភាព​មាតា​និង​ទារក ក្នុង​ខេត្តតាកែវ (​ឆ្នាំ​ទី​២) ដែល​បានទទួល​ថវិកា​ចំនួន​ជាង ៤៥​ម៉ឺន​ដុល្លារ​។ គម្រោង  នឹង​ផ្ដល់នូវ​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​សុខាភិបាល ព្រមទាំង​ផ្ដល់​ការអប់រំ​ផ្នែក​សុខភាព​ដល់​មាតា នៅក្នុង​ស្រុក​ប្រតិបត្តិ​គិរីវង់ និង​ស្រុក​កោះអណ្ដែត​។ គម្រោង​នេះដែរ មាន​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព និង​ការទទួលបាន​នូវ​សេវា​សុខភាព​ឲ្យ​កាន់តែ​ប្រសើរ ទទឹម​គ្នា​នេះ ដើម្បី​កាត់បន្ថយ​អត្រា​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ និង​ជំងឺ​នានា​ដែល​ឆ្លងតាម​រយៈ​ទឹក​មិន​ស្អាត​ជាដើម​។


លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា គម្រោង​ទាំងពីរ​នេះ នឹង​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា រួច​ផុតពី​ការភ័យខ្លាច​ដោយសារ​គ្រាប់មីន កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រមទាំង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សហ​គម​ន៍​បន្ថែមទៀត​។

​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​បន្ថែមថា ស្ថានភាព​សុខភាព​មាតា និង​ទារក​នឹង​ត្រូវបាន​កែលម្អ ជាមួយនឹង​ការផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​សុខភាព រួមទាំង​ការផ្ដល់​ប្រព័ន្ធ​ផ្គត់​ផ្គត់​ទឹកស្អាត​ប្រកបដោយ​សុវត្ថិភាព នៅតាម​មណ្ឌល​សុខភាព​នានា​។​


លោក ស៊ីបាតា មិគីអុ ប្រធានតំណាង JMAS

​ក្នុង​ពិធី​នោះដែរ លោក ស៊ី​បា​តា មិ​គី​អុ ប្រធាន​តំណាង JMAS បាន​ឲ្យ​ដឹងថា គម្រោង​ថ្មី​នេះ នឹងដាក់​ឲ្យ​ប្រតិបត្តិការ​នូវ​គ្រឿងចក្រ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​។ តំបន់​គោលដៅ​នៃ​ទីតាំង​គម្រោង​នឹង​ធ្វើការ​បោសសម្អាត នៅ​ស្រុក​កំពង់ស្វាយ និង​ស្រុក​កន្ទួត ខេត្តកំពង់ធំ ដែលជា​តំបន់​មាន​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​គ្រាប់បែក​ចង្កោម​នៅ​លាយឡំ​គ្នា​។ នេះ​បើតាម​ការបន្ថែម​របស់​ប្រធាន​តំណាង JMAS ដែល​បាន​បញ្ជាក់ថា «​តំបន់​ទាំងនេះ​មាន​ស្ថានភាព​ភូមិសាស្ត្រ​លំបាក​ក្នុងការ​បោសសម្អាត​មីន ដូចនេះ​ត្រូវ​ប្រើ​គ្រឿងចក្រ​»​។ លោក បន្ថែមថា មាន​ប្រជាជន​រងគ្រោះ​ពី​តំបន់​នោះ​ប្រហែល​១០០​នាក់​ក្នុង​១​ឆាំ្នៗ​។​


លោក តាគូយ៉ា ម៉ាត់ស៊ូកា តំណាង World Vision Japan

​ក្នុ​ពិធី​ដដែល​នេះ លោក ម៉ាត់​ស៊ូ​អុ​កា តា​គូ​យ៉ា ប្រធាន​គម្រោង​អង្គការ World Vision Japan បាន​លើកឡើងថា គម្រោង​ឆ្នាំ​ទី​២ នឹងធ្វើ​ការ​យ៉ាង​ជិតស្និត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​សុខភាព​សម្រាប់​មាតា និង​ទារក​។



​គួរ​បញ្ជាក់ថា ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្ដើម​ពី​ឆ្នាំ​២០០២ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​នៃ​អង្គការក្រៅរដ្ឋាភិបាល​ប៉ុន ក្នុងការ​ប្រឹងប្រែង​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា ដែលមាន​ថវិកា​សរុប​ជាង ៣១​លាន​ដុល្លារ​។ ជំនួយ​ទាំងនេះ សម្រាប់​ទ្រទ្រង់​គម្រោង​ចំនួន ១០៥ ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​៕


Tag:
 ជំនួយ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com