អតីត​បក្សប្រឆាំង ស្នើ​ឲ្យ​អន្តរជាតិ កុំ​ទទួលស្គាល់​ការបោះឆ្នោត​ព្រឹទ្ធសភា
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីត​បក្សប្រឆាំង ស្នើ​ឲ្យ​អន្តរជាតិ កុំ​ទទួលស្គាល់​ការបោះឆ្នោត​ព្រឹទ្ធសភា
25, Feb 2018 , 2:00 pm        
រូបភាព
ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ កាលពីមិនត្រូវបានរំលាយ
ទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ កាលពីមិនត្រូវបានរំលាយ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មិន​ត្រឹមតែ​ខ្លួនឯង​នោះទេ ដែល​មិន​ទទួលស្គាល់​ការបោះឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤​នេះ ប៉ុន្តែ​អតីត​បក្សប្រឆាំង ថែមទាំង​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ មិន​ទទួលស្គាល់​ផងដែរ​។ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច ឆ្លើយតប​ថា ទង្វើ​របស់​បក្សប្រឆាំង គឺ​គ្មាន​តម្លៃ​អ្វី​ឡើយ​។



​ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ កំពុងដំណើរការ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយចោល​ហើយ​នោះ ហើយ​មិន​ចូលរួម​ជាមួយ​គេ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍ ដោយ​អំពាវនាវ​ដល់​បណ្តា​ប្រទេស​នានា រួមទាំង​អង្គការសហប្រជាជាតិ​ផង កុំ​ឲ្យ​ទទួលស្គាល់​។ អវត្តមាន​របស់ខ្លួន គឺជា​ហេតុផល​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជំទាស់​នឹង​ការបោះឆ្នោត​នេះ​។ 

​អតីត​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ថា សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គឺ​កើតឡើង​ដោយ​មិន​ស្របច្បាប់ និង​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​។ លើសពីនេះ អតីត​បក្សប្រឆាំង យល់ថា អ្នកបោះឆ្នោត​ជាង​៥​ពាន់​នាក់ ដែល​ជិត​ពាក់កណ្តាល​នៃ​អ្នកបោះឆ្នោត​ទាំងអស់ ពុំមែន​កើតចេញពី​ការបោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​នោះទេ​។ អតីត​បក្សប្រឆាំង ចង់​បញ្ជាក់ថា អ្នកបោះឆ្នោត​ជាង​៥​ពាន់​នាក់ គឺជា​តំណាងរាស្ត្រ​និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់ខ្លួន ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ ប៉ុន្តែ​ត្រូវបាន​ដកចេញ ហើយ​យក​តំណែង​ទាំងនោះ ទៅ​ឲ្យ​គណបក្ស​ដទៃ​។

​ក្រៅពីនេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ឆ្លៀត​​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​នៅ​ឆ្នាំ​២0១៨ ដោយ​ទាមទារ​ឲ្យ​មាន​វត្តមាន​របស់ខ្លួន​។  អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បន្ត​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ដែរ​។

​សេចក្តីថ្លែងការណ៍រប​ស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ រង​ការវាយប្រហារ​យ៉ា​ងដំណំ​ពី​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក បាន​សរសេរ​សារ​ចូលទៅក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ដែល​ប្រមូលផ្តុំ​ដោយ​អ្នកកាសែត យ៉ាង​ដូច្នេះ​ថា​៖«​ការចេញ​សេចក្តី​ថ្លែង​ការ​ណ៍ណាមួយ​របស់​ក្រុម ដែល​បាន​ស្លាប់​ទៅហើយ គឺជា​ខ្យល់​និង​គ្មាន​តម្លៃ​អ្វី​ទាល់តែសោះ​»​។​

​លោក សុខ ឥសាន បកស្រាយ​ថា ការបោះឆ្នោត​នៅ​កម្ពុជា គឺ​ប្រព្រឹត្ត​ទៅដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ស្របតាម​គោល​ការ​ណ៍លទ្ធិប្រជាធិបតេយ្យ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ បន្តថា ការបោះឆ្នោត​នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅតាម​ការកំណត់​រប​ស់​ច្បាប់ និង​ស្ថិតនៅក្រោម​ការរៀបចំរ​ប​ស់គ​.​ជ​.​ប គឺជា​ការសម្តែង​ចេញ​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ លោក បញ្ជាក់​ចុងក្រោយ​យ៉ាង​ដូច្នេះ​៖«​អ្នក​និយាយថា ជាការ​បោះឆ្នោត​ក្លែងក្លាយ គឺ​គ្រាន់តែ​ដើម្បី​បន្លប់​សាធារណជន​ប៉ុណ្ណោះ ដោយសារ​ខ្លួន គ្មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​»។

សូមបញ្ជាក់ថា មាន​គណបក្សតែ​៤ប៉ុណ្ណោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤នេះ​។ សាធារណជនមួយចំនួន ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតនេះ។ ចំណែក គណបក្ស​ភ្លើង​ទៀង ដែល​ពីមុន​មាន​ឈ្មោះថា គណបក្ស សម រង្ស៊ី និង​ចាត់ទុកជា​គណបក្សប្រឆាំង​ក្នុង​ស្ថាប័នព្រឹទ្ធសភា មិនបាន​ចូលរួម​នោះទេ​៕


Tag:
 បោះឆ្នោត​ព្រឹទ្ធសភា​
  CNRP
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com