អន្តរជាតិ
មី​យ៉ាន់​ម៉ា បន្ថែម​ថវិកាជាតិ​បន្ទាន់​ដើម្បី​ធ្វើ​របង​ទប់ស្កាត់​បទល្មើស​អន្តោប្រវេសន៍ និង​ឧទ្ទាម​ពី​បង់​ក្លា​ដែ​ស​
25, Feb 2018 , 3:59 pm        
រូបភាព
របងព្រំដែនមីយ៉ាន់ម៉ានិងបង់ក្លាដែស (រូបភាព៖ AFP)
របងព្រំដែនមីយ៉ាន់ម៉ានិងបង់ក្លាដែស (រូបភាព៖ AFP)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ កំពុង​គ្រោង​ថវិកា​ជាច្រើន​លាន​ដុលារ​ដើម្បី​ប្រើប្រាស់​ក្នុង​គម្រោង​ថ្មី​ក្នុងការ​ធ្វើ​របង​តាម​ព្រំដែន​ជាមួយនឹង​បង់​ក្លា​ដែ​ស​ឲ្យ​កាន់តែ​រឹងមាំ​ជាង​មុន ។ គម្រោង​នេះ ធ្វើឡើង​ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ពី​ការគំរាមកំហែង​តាម​ព្រំដែន ។ ក៏ប៉ុន្តែ គម្រោង​នេះ ហាក់ដូចជា​គាប់​ជួន​ពេក​ជាមួយនឹង​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ។



​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុង ស៊ូ (Aung Soe) បាន​ឲ្យ​ដឹង​ពី​ផែនការ​របស់​ក្រសួង​ខ្លួន នឹង​ត្រៀម​ស្នើ​ថវិកា​ប្រមាណ ១៥​លាន​ដុល្លារ ដើម្បី​ប្រើប្រាស់​សម្រាប់​គម្រោង​សាងសង់​របងលួស​តាម​បណ្តោយ​ព្រំដែន​ជាមួយនឹង​បង់​ក្លា​ដែ​ស ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy នៅ​ថ្ងៃ​២៣ កុម្ភៈ​កន្លងទៅ ។

​តាម​ប្រភពព័ត៌មាន​ដដែល លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមថា ថវិកា ដែល​បានស្នើ នឹងត្រូវ​ប្រើប្រាស់​តា​រយៈ​ការអនុវត្ត​សកម្មភាព​បន្ទាន់​របស់​ប្រធានាធិបតី ហើយ នឹងត្រូវ​ប្រគល់​ឲ្យ​ក្រសួងការពារជាតិ​មី​យ៉ាន់​ម៉ា ដើម្បី​អនុវត្ត​ការងារ​នៅក្នុង​តំបន់​រដ្ឋ​រ៉ា​ខាន (Rakhine) ដែល​តំបន់​ប្រភព​នៃ​ការផ្ទុះ​ចេញ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ។

​គួរ​ជម្រាប​ផងដែរ​ថា មី​យ៉ាន់​ម៉ា កន្លងមក​បាន​សាងសង់​របង​តាម​បណ្តោយ​ព្រំដែន​ជាមួយនឹង​បង់​ក្លា​ដែ​ស​សម្រេចបាន ២០៤ គីឡូ​ម៉ែត​មកហើយ ដែល​ការសាងសង់​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥ ។ ក៏ប៉ុន្តែ​របងលួស​នេះ មិនសូវមាន​ភាពរឹងមាំ​ប៉ុន្មាន​នោះទេ ។

​តាម​ការបញ្ជាក់​របស់​តំណាងរាស្ត្រ​រដ្ឋ រ៉ា​ខាន របង​ចាស់​ដែល​បាន​សាងសង់​កន្លងមក មិន​រឹងមាំ​ឡើយ​ពោលគឺ​ពលរដ្ឋ​អាច​ចេញចូល និង​ដកចេញ​បាន​ទៀតផង ។ លោក​តំណាងរាស្ត្រ ក៏បាន​ថ្លែង​ផងដែរ​ថា ប្រសិនបើ​របង​ថ្មី មិនមាន​គុណភាព​នោះទេ គួរតែ​កុំ​ខ្ជះខ្ជាយ​ថវិការដ្ឋ ព្រោះ​បទល្មើស​តាម​ព្រំដែន ក៏​ជា​រឿង​មួយ​ដ៏​សំខាន់​ផងដែរ ។

​អ្វីដែល​គួរកត់សម្គាល់​នោះ ការព្យាយាម​បន្ថែម​របង​ឲ្យ​មី​យ៉ាន់​ម៉ា ស្រប​ពេលដែល​ប្រទេស​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ កំពុងតែ​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​សហគម​ន៍​អន្តរជាតិ ពាក់ព័ន្ធ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ជិត​កន្លះ​លាន​នាក់ ដែល​បាន​រត់គេច​ពី​រដ្ឋ​រ៉ា​ខានទៅ​កាន់​ប្រទេស​បង់​ក្លា​ដែ​ស​តាម​ព្រំដែន ដោយ​ពួកគេ បាន​អះអាងថា រង​ការ​គំរាម​សម្លាប់ និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ៕


Tag:
 មី​យ៉ាន់​ម៉ា
  បង់​ក្លា​ដែ​ស
© រក្សាសិទ្ធិដោយ thmeythmey.com