អន្តរជាតិ
កូរ៉េខាងជើង​ថា ខ្លួន​ចង់​ចរចា តែ​អាមេរិក​ប្រាប់​ឲ្យ​បោះបង់​នុយក្លេអ៊ែរ​សិន ចាំ​និយាយ​គ្នា​
26, Feb 2018 , 11:00 am        
រូបភាព
មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងក្នុងពិធីបិទព្រឹត្តិការណ៍អូឡាំពិក (រូបភាព៖ AFP)
មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងក្នុងពិធីបិទព្រឹត្តិការណ៍អូឡាំពិក (រូបភាព៖ AFP)
​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង Kim Yong-chol ដែល​ចូលរួម​ពិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​នៅ​កូរ៉េខាងត្បូង និយាយថា កូរ៉េខាងជើង​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ចរចា​ជាមួយ​អាមេរិក​។ ប៉ុន្តែ​អាមេរិក ដែល​ទើប​ដាក់ទណ្ឌកម្ម​មួយកញ្ចប់​ធំ​លើ​កូរ៉េខាងជើង​នោះ បានដាក់​លក្ខខណ្ឌ​មួយ​ទៅ​ឲ្យ​កូរ៉េខាងជើង​អនុវត្ត​។ នោះ គឺ​កូរ៉េខាងជើង​ត្រូវតែ​បោះបង់​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ​ជាមុនសិន ទើប​ការចរចា​អាច​ចាប់ផ្ដើមបាន​។



​ក្នុង​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង លោក Kim Yong-chol អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ ដែលជា​បក្ស​កំពុង​ដឹកនាំ​នៅ​កូរ៉េខាងជើង បាន​លើកសំណើ​កម្រ​មួយ ទៅកាន់​អាមេរិក​ដើម្បី​ចរចា​បញ្ចប់​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​។ លោក Kim Yong-chol និយាយ​បែបនេះ ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន មុន​ពិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា នៅ​ទីក្រុងព្យុង​ឆាង​ នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ​។​

​ក្នុង​សេចក្ដីប្រកាស​របស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង មន្ត្រី​កូរ៉េខាងជើង​បាន​ប្រា​ប់លោក មូ​ន ថា ក្រុង​ព្យុងយ៉ាង មាន​ឆន្ទៈ​គ្រប់គ្រាន់​ដើម្បី​ចរចា​ជាមួយ​អា​មេ    រិ​ក ហើយ​ទំនាក់ទំនង​ល្អ​រវាង​កូរ៉េ​ទាំងពីរ គួរ​នាំទៅ​កាន់ការ​រីកចម្រើន នៃ​ទំនាក់ទំនង​កូរ៉េខាងជើង និង​អាមេរិក​ដែរ​។ ក្នុងជំនួប​បិទ​ទា្វរ​នោះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​និយាយថា កូរ៉េខាងជើង និង​អាមេរិក​គួរ​ជួបគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នូល​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។

​យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន មិនបាន​រំជើបរំជួល​នឹង​ជំហរ​របស់​ក្រុង​ព្យុងយ៉ាង​ឡើយ​។ មិន​ប៉ុន្មាន​ម៉ោង​ក្រោយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​បង្ហាញ​ឥរិយាបថ​ទន់ភ្លន់​បែប​ការទូត សេត​វិមាន​ក៏​ចេញ​សេចក្ដីប្រកាស​មួយ ឆ្លើយតប​វិញ ។ សេត​វិមាន​បញ្ជាក់ថា អាមេរិក កូរ៉េខាងត្បូង និង​សហគមន៍​អន្តរជាតិ​សុទ្ធតែ​ប្រកាន់​ជំហរ​ចង់បាន​លទ្ធផល​ដូចគ្នា គឺ​កូរ៉េខាងជើង​ត្រូវ​បោះបង់​នុយក្លេអ៊ែរ​។ ហើយ​បើ​កូរ៉េខាងជើង​ធ្វើបែបនេះ ទើប​មាន​ការចរចា​។​

​ក្នុង​សេចក្ដីប្រកាស​ដដែល​នោះ សេត​វិមាន​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ ដើម្បី​អនាគត​ភ្លឺ​ថ្លា​។ លើសពីនោះ អាមេរិក​នឹង​បន្ត​ចាំមើល​សកម្មភាព​របស់​កូរ៉េខាងជើង​ទៀត ថា​ការបង្ហាញ​ឆន្ទៈ​ចរចា​នៅពេលនេះ កំពុងស្ថិត​លើផ្លូវ​ទៅកាន់​ការបោះបង់​មហិច្ឆតា​ដែល​គ្រប់គ្នា​ប្រឆាំង​ឬ​យ៉ាងណា​។ សម្រាប់​អាមេរិក និង​សហគមន៍​អន្តរជាតិ កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង គឺជា​ចុងបញ្ចប់​ដ៏​អាក្រក់​។​

​ជាមួយនឹង​ការទាមទារ​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​ដើម្បី​ចាប់ផ្ដើម​ការចរចា​នោះ អាមេរិក​ក៏​ប្រកាស​ដែរ​ថា យុទ្ធនាការ​ដាក់ទណ្ឌកម្ម​ជា​អតិបរមា​លើ​ក្រុង​ព្យុងយ៉ាង ត្រូវតែ​បន្តទៀត​។ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​កន្លងទៅ អា​មេ​រិ​ក៏​ទើប​ដាក់ទណ្ឌកម្ម​ដ៏​ធំ​បំផុត​មួយទៀត​លើ​កូរ៉េខាងជើង​រួចហើយ​ដែរ​។ យ៉ាងណាមិញ ការដាក់​លក្ខខណ្ឌ​ឲ្យ​កូរ៉េខាងជើង​រំសាយ​នុយក្លេអ៊ែរ ទំនងជា​មិនអាច​ទៅរួច​ឡើយ ព្រោះ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ចរចា​និយាយ​ពី​នុយក្លេអ៊ែរ​របស់ខ្លួន​ឡើយ​៕        


Tag:
 ​កូរ៉េខាងជើង​
  អាមេរិក​
  កូរ៉េខាងត្បូង​
  Kim Yong-chol
© រក្សាសិទ្ធិដោយ thmeythmey.com