ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ងាយៗ​ដើម្បី​បំបាត់​ការឈឺ​ក្បាល​ដោយ​ខ្លួនឯង​
26, Feb 2018 , 6:38 pm        
រូបភាព
ដោយ: ថ្មីៗ


​សម្រាក​ក្នុង​បន្ទប់​ងងឹត និង​ស្ងាត់
​ស្ត្រេ​ស​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​ការឈឺ​ក្បាល​។ ការបំបាត់​អារម្មណ៍​តឹង​របស់​សាច់ដុំ​ប្រហែលជា​ជួយ​បន្ថយ​ការឈឺ​ក្បាល​បែប Tension Headache បាន ហើយ​វា​ក៏​ជា​ប្រភេទ​នៃ​ការឈឺ​ក្បាល​ដែល​កើតឡើង​ញឹកញាប់​បំផុត​ដែរ​។ បើសិនជា​អ្នកមាន​អា​ការៈឈឺ​ក្បាល​បែបនេះ​មែន អ្នក​ប្រហែលជា​ងាយ​នឹង​ឈឺក្បាល​ដោយសារតែ​ពន្លឺ និង​សម្លេង​ហើយ​។ ដូច្នេះ​ចូរ​សម្រាក ឬ​អង្គុយ​នៅក្នុង​បន្ទប់​ដែល​ងងឹត  និង​ស្ងាត់​។ ចូរ​បិទ​ភ្នែក ហើយ​ព្យាយាម​បន្ធូរ​សាច់ដុំ​នៅ​ខ្នង ក និង​ស្មា​ទៅ​។​

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​
​រឿងនេះ​ប្រហែលជា​ជួយ​បំបាត់​អា​ការៈឈឺ​ក្បាល​បែប Tension Headache បាន តាមរយៈ​ការជួយ​ថ្នាំ​បំបាត់​ការឈឺចាប់​កាន់តែ​មាន​ប្រសិទ្ធ​ភាពល្អ និង​លឿន​។ ហេតុដូច្នេះ​ហើយ​ទើប​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន​មាន​បញ្ចូល​ជាតិ​កាហ្វេ​អ៊ី​ន​ទៅក្នុង​នោះដែរ​។

​បន្ធូរ​អារម្មណ៍​
​ការហាត់​របៀប​ដកដង្ហើម​ជ្រៅៗ និង​តិច​និ​ច​ស្រមើស្រមៃ​រូបភាព​ក្នុង​ផ្លូវ​អារម្មណ៍​ប្រហែលជា​ជួយ​បន្ថយ​ស្ត្រេ​ស និង​បំបាត់​ការឈឺ​ក្បាល​បាន​។ ចូរ​ដកដង្ហើម​ជ្រៅៗ​ឲ្យ​បាន​ច្រើនដង​។ ចូរ​ដកដង្ហើម​ចេញ​យឺតៗ បន្ធូរ​អារម្មណ៍​ដែល​កំពុងតែ​តានតឹង និង​រឹង​ខ្លាំង ខណៈពេលដែល​អ្នក​ស្រមើស្រមៃ​ទៅលើ​រូបភាព​ដែល​ស្រស់ស្រាយ​ក្នុង​ចិត្ត​។ ចូរ​អោនក្បាល​ចុះក្រោម​ឲ្យ​ចង្កា​ប៉ះ​ទ្រូង បន្ទាប់មក​ធ្វើការ​បង្វិល​ក្បាល​ថ្នមៗ និង​តិចៗ​ជា​កន្លះរ​វ​ង្វ​ង់ ម្តង​ម្ខាងៗ​។ ចូរ​ដកដង្ហើម​ចូល​ជ្រៅៗ​ម្តងទៀត ហើយ​ដកដង្ហើម​ចេញមកក្រៅ​យឺតៗ​។

​ព្យាបាល​ការឈឺចាប់​ជាមួយ​ភាព​ក្តៅ ឬ​ត្រជាក់
​ភាព​ក្តៅ និង​ត្រជាក់​ប្រហែលជា​ជួយ​បំបាត់​ការឈឺចាប់ និង​ភាព​តឹង​របស់​សាច់ដុំ​ដែល​កើតឡើង​ជាមួយនឹង​ការឈឺ​ក្បាល​បាន​។ អ្នក​អាច​បំបាត់​អាកា​រៈ​នៃ​ការឈឺ​ក្បាល​ម្តងម្កាល​បាន​បើសិនជា​បាន​ងូតទឹក​ក្តៅ ឬ​ដាក់​របស់​មាន​សំណើម​ក្តៅៗ​នៅ​កញ្ចឹងករ​។ ចូរ​ព្យាយាម​ស្អំ​ទឹក​ក្តៅ ឬ​កន្សែង​ក្តៅ​នៅ​កន្លែង​ដែល​កំពុងតែ​ឈឺ​។ បើសិនជា​ចង់​ស្អំ​ទឹកកក​វិញ អ្នក​អាច​ស្អំ​នៅ​ថ្ងាស សៀត​ថ្កា ឬក៏​បាន​។

​ម៉ាស្សា​

​ការ​ម៉ាស្សា​អាចជួយ​បន្ធូរ​សាច់ដុំ​ដែល​កំពុងតែ​តឹង​បាន ដូច្នេះ​វា​នឹង​ជួយ​បន្ថយ​ការឈឺ​ក្បាល​បែប​ស្ត្រេ​ស ឬ​Tension បាន​យ៉ាង​ល្អ​។ ចូរ​ឲ្យ​នរណាម្នាក់​ជួយ​ម៉ាស្សា​ថ្នមៗ​នៅលើ​ក្បាល ក និង​សាច់ដុំ​នៅ​ស្មា​។ ឬ​អ្នក​ក៏​អាចធ្វើ​វា​ដោយ​ខ្លួនឯង​តិចៗ​បានដែរ​។ បន្ទាប់មក ចូរ​សម្រាក​ឲ្យ​បាន​ច្រើន​ទៅតាម​តម្រូវការ​។

​ហាត់ប្រាណ​ដើម្បី​បន្ថយ​ភាព​តានតឹង​
​ការហាត់​ប្រាណ​នៅ​កញ្ចឹងករ​ប្រហែលជា​ជួយ​បំបាត់​ការឈឺចាប់​ដោយសារតែ​ការឈឺ​ក្បាល​បែប Tension Headache បាន ជាពិសេស​ការឈឺ​ក្បាល​ដែល​បង្កឡើង​ដោយ​ការរក្សា​ជំហរ​ក្បាល​នៅ​មួយកន្លែង​យូរពេក​។ ចូរ​ប្រើ​បាតដៃ​ម្ខាង​សង្កត់​នៅលើ​ថ្ងាស និង​ដៃ​ម្ខាង​ទៀត​សង្កត់​នៅលើ​សាច់ដុំ​ករ ហើយ​ឈ្លី​ចុះឡើងៗ​ឲ្យ​បាន​ច្រើន​។

​ប្រើ​ថ្នាំ​ដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​
​ថ្នាំ​ប្រភេទ Acetaminophen, aspirin, ibuprofen និង Naproxen សុទ្ធតែ​អាចជួយ​បំបាត់​ការឈឺ​ចាប់បាន​ទាំងអស់​។ ថ្នាំ​ដែល​ផ្សំ​ឡើង​ដោយ Acetaminophen, aspirine និង​កាហ្វេ​អ៊ី​ន ពេលខ្លះ​មាន​ប្រសិទ្ធ​ភាពល្អ​ជាង​នៅពេល​ប្រើតែ​មួយ​មុខៗ​។ ប៉ុ​ន្ទែ​ការប្រើប្រាស់​ថ្នាំ​បំបាត់​ការឈឺ​ក្បាល​គ្រប់​ប្រភេទ​លើសពី​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ប្រហែលជា​បង្ក​ជាការ​ឈឺក្បាល​ដោយសារតែ​លេបថ្នាំ​បានដែរ​។

​ពេលដែល​ទៅ​ជួប​ពេទ្យ​

​ចូរ​ធ្វើការ​ណាត់​ជាមួយ​គ្រូពេទ្យ​បើសិនជា​ការឈឺ​ក្បាល​រប​ស់​អ្នក​ឧស្សាហ៍​កើតឡើង ឬ​មាន​រយៈពេល​យូរ​ជាង​ពីរ​បី​ថ្ងៃ​។ ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​បើសិនជា​ការឈឺ​ក្បាល​អ្នក​ស្រាប់តែ​កើតឡើង​ភ្លាមៗ ឬ​ធ្ងន់ធ្ងរ ក្រោយពី​មាន​របួស​នៅ​ក្បាល ឬ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ វា​ក៏​ជា​រឿង​សំខាន់​ដែរ ដែល​ត្រូវ​ស្វែងរក​ការព្យាបាល​ភ្លាម​បើសិនជា​អ្នកមាន​រោគសញ្ញា​ជាមួយគ្នា​នឹង​ការឈឺ​ក្បាល​ដូចជា ក្តៅខ្លួន រឹង​ករ ប្រកាច់ ស្ពឹក ភ្នែក​មើលឃើញ​ពីរៗ វិលមុខ ចង្អោ​ខ្លាំង ពិបាក​ដកដង្ហើម ឬ​វង្វេងវង្វាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com