ជាតិ
សម្តេច ទៀ បាញ់ ប្រគល់​សៀវភៅ​ឯកសារ​វត្ថុ​បុរាណ​ខ្មែរ​កម្រ​ពី​សារមន្ទីរ​បារាំង ដល់​អភិរក្ស​ដ្ឋា​ន​អង្គរ​
26, Feb 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ គម្រង​ឯកសារ​ដែល​និយាយ​ពី​វត្ថុ​បុរាណ សិល្បៈ​ខ្មែរ​ដ៏​កម្រ ដែល​ទទួលបាន​ពី​សារមន្ទីរ ហ្គី​មេ (GUIMET) នៃ​សាធារណរដ្ឋ​បារាំង ត្រូវបាន​សម្តេច ទៀ បាញ់ ប្រគល់ជូន​ដល់​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ នៃ​សារមន្ទីរ​អភិរក្ស​ដ្ឋា​ន​អង្គរ​។ គម្រង​ឯកសារ​នេះ មាន​សារប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ រាល់​វត្ថុ​បុរាណ​ដែលជា​របស់​ខ្មែរ​សម័យ​ដើម​។​



​ក្នុង​ពិធី​ប្រគល់​សៀវភៅ​គម្រង​ឯកសារ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ជាប់មាត់​ស្ទឹង​សៀមរាប លោក គឹម សុ​ធិ​ន ប្រធាន​នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ និង​ជា​ប្រធាន​គ្រប់គ្រង​អភិរក្ស​ដ្ឋា​ន​អង្គរ បាន​ឲ្យ​ដឹងថា សៀវភៅ​កម្រង​ឯកសារ​នេះ គឺជា​សារៈសំខាន់​ណាស់​ដល់​មន្ត្រី​អភិរក្ស ក្នុង​ការសិក្សា​ស្រាវជ្រាវ និង អភិរក្ស​ឡើងវិញ រាល់​វត្ថុ​បុរាណ​ខ្មែរ​ដែល​បាន​បាត់បង់​ទៅ​។ មួយទៀត សៀវភៅ​នេះ នឹង​បង្ហាញ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​បាន​ស្គាល់​បាន​យល់​អំពី​សម្បត្តិ​វប្បធម៌ ប្រពៃណីជាតិ​ខ្លួន ដែលមាន​ជាច្រើន​តំណ​តរៀងមក ព្រមទាំង​រួមគ្នា​ថែរក្សា ការពារ អភិរក្ស​នូវ​សម្បត្តិ​វប្បធម៌​ជាតិ ក៏ដូចជា​សម្បត្តិ​របស់​មនុស្សជាតិ​លើ​ពិភពលោក​ផងដែរ ។​

​ថ្លែង​ក្នុង​ពិធី​នោះ សម្ដេច ទៀ បាញ់ បាន​បញ្ជាក់ថា សៀវភៅ​កម្រង​ឯកសារ​មួយ​ក្បាល​នេះ មាន​សារៈសំខាន់​នៃ​សម្បត្តិ​វប្បធម៌​បុរាណ​ខ្មែរ​យើង ដែល​បាន​បាត់បង់​នា​សម័យ​ដើម ដោយសារ​សង្គ្រាម ការជីក​កកាយ​របស់​ក្រុម​ទុ​ច្ច​រិ​ក ឬ ដោយ​គ្រោះធម្មជាតិ ហើយ​ត្រូវបាន​សារមន្ទីរ​ហ្គី​មេ នៃ​សាធារណរដ្ឋ​បារាំង បានធ្វើការ​ចងក្រង​ទុកជា​ឯកសារ ក្នុង​សិក្សា​ស្រាវជ្រាវ និង ស្វែងរក​នូវ​វត្ថុ​បុរាណ​ដែល​បាន​បាត់បង់​ទាំងនោះ ដែលជា​សម្បត្តិ​របស់​ម​នុស្ស​ជាតិ និង បាន​បាត់បង់​ពី​ប្រាង្គ​ប្រាសាទ​នានា​នៅ​កម្ពុជា នា​សម័យ​នោះ ក៏​ដូច​បច្ចុប្បន្ននេះ​ផងដែរ​៕


Tag:
 អភិរក្ស​ដ្ឋា​ន​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com