អន្តរជាតិ
ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​បី​រូប អំពាវនាវ​ឲ្យ​លោកស្រី ស៊ូ​ជី ជួយ​ការពារ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា
27, Feb 2018 , 10:41 am        
រូបភាព
ដោយ:
​ចំណាត់ការ​តែ​មាត់​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​លើ​វិបត្តិ​ជនភៀសខ្លួន មិនបាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​សកម្មជន​សិទ្ធិមនុស្ស ស្ងប់ចិត្ត​ឡើយ ។ សូម្បីតែ ក្រុម​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ដូចគ្នា ក៏​បានចេញ​រិះគន់ និង​ដាស់តឿន មេដឹកនាំ​កំពូល de facto មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ឲ្យ​បង្ហាញ​ចំណាត់ការ​ពិតប្រាកដ​ដើម្បី​សង្គ្រោះ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៀតផង ។



​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​បី​រូប រួមមាន លោកស្រី Tawakkol Karman  លោកស្រី Shirin Ebadi និង​លោកស្រី Mairead Maguire នៅ​ថ្ងៃ​២៦ ខែកុម្ភៈ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​អំពាវនាវ និង​សុំ​ចិត្ត​ឲ្យ​ម្ចាស់​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព និង​ជា​មេដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា ដោះស្រាយ​បញ្ហា​នៃ​ការធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន AFP ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ សេចក្តីថ្លែងការណ៍​អំពាវនាវ​របស់​អ្នក​ទាំងបី ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​បង់​ក្លា​ដែ​ស និង​បានឃើញ​ជាក់ស្តែង​ពី​ទុក​លំបាក​របស់​ជនភៀសខ្លួន ។ អ្នក​ទាំងបី បាន​ព្រមាន​វិបត្តិ​ជន​ខ្លួន​នេះ ថា អាច​ធ្លាក់ចូល​ជា​បទល្មើស​ប្រល័យពូជសាសន៍ ហើយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹងត្រូវ​ប្រឈម​បទល្មើស​ផងដែរ ។

« ប្រសិនបើ​គាត់​(​លោកស្រី​ស៊ូ​ជី​) នៅតែ​បន្ត​ស្ងៀមស្ងាត់​បែបនេះ លោកស្រី​នឹង​ក្លាយជា​អ្នក​ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​វិបត្តិ​ជនភៀសខ្លួន​ផងដែរ ។ នេះ គឺជា​សេចក្តីអំពាវនាវ​ទៅកាន់​បងប្អូន​ស្រី​របស់​យើង (​លោកស្រី​ស៊ូ​ជី​) ឲ្យ​ក្រោក​ឡើង បើ​មិន​ដូច្នេះ​នោះទេ គាត់ ក៏​នឹងត្រូវ​ស្ថិតនៅក្នុង​ជន​ពាក់ព័ន្ធ​នៃ​បទល្មើស​(​ប្រល័យពូជសាសន៍​)​ដូចគ្នា​» ។ ម្ចាស់​ពានរង្វាន់​ទាំងបី បានលើកឡើង​យ៉ាង​ដូច្នេះ ។

​នេះ​មិនមែនជា​លើកដំបូង​ឡើយ ដែល​ក្រុម​អ្នកតស៊ូ និង​ការពារ​សិទ្ធិមនុស្ស ដែល​ត្រូវបាន​អន្តរជាតិ​ផ្តល់​ពានរង្វាន់​សន្តិភាព​ចេញមុខ​អំពាវនាវ​ឲ្យ​លោកស្រី ស៊ូ​ជី បញ្ចប់​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មួយ​នេះ ។ នៅ​ចុង​ឆ្នាំមុន ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​វ័យក្មេង​ជាងគេ Malala Yousafzai ក៏បាន​ទទូច​ឲ្យ​ម​ដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​ម្ចាស់​រង្វាន់​ណូបែល​សន្តិភាព​ដូចគ្នា​នោះ ចូលរួម​ចេញ​ថ្លែងការណ៍​ថ្កោលទោស​ប្រឆាំង​ហិង្សា​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ។​

​ពេលនោះ Malala បាន​ផ្ញើ​សារ​ទៅកាន់​លោកស្រី ស៊ូ​ជី ថា ពិភពលោក កំពុងតែ​រង់ចាំ ការបង្ហាញ​ជំហរ​របស់លោក​ស្រី​លើ​វិបត្តិ រ៉ូ​ហ៊ីង​យ៉ា ។ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បច្ចុប្បន្ន ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា បានទទួល​ពានរង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​នៅ​ឆ្នាំ ១៩៩១ ។ លោកស្រី ស៊ូ​ជី គឺជា​និមិត្តរូប​នៃ​សិទ្ធិមនុស្ស និង​ការតស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ហិង្សា ។

​គួរ​ជម្រាប​ផងដែរ​ថា តាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស និង​ជាពិសេស​របស់​ភ្នាក់ងារ​អង្គការសហប្រជាជាតិ មាន​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ជាង ៦០ ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពី​រដ្ឋ Rakhine របស់​មី​យ៉ាន់​ម៉ា ទៅកាន់​បង់​ក្លា​ដែ​ស ដោយសារ​ពួកគេ ទទួលរង​ការគំរាមកំហែង​សម្លាប់ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ និង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា ។ របាយការណ៍​ខ្លះ បាន​ហៅ​វិបត្តិ​របស់​មី​យ៉ាន់​ម៉ា​ថា​ជា​បទល្មើស​ប្រល័យពូជសាសន៍​រួចទៅហើយ ។

​ក៏ប៉ុន្តែ សម្រាប់​មី​យ៉ាន់​ម៉ា​វិញ នេះ គឺជា​រឿង​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​ប៉ុណ្ណោះ ពោលគឺ អ្នក​ខាងក្រៅ មិនត្រូវ​លូកលាន់​កិច្ចការ​នេះឡើយ ។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ថែមទាំង​បាន​អះអាងថា កំពុងតែ​ស្តារ​ស្ថានភាព​នៅ​ទី​នោះឡើយ​វិញ ខណៈ​តាម​របាយការណ៍ ជនភៀសខ្លួន នៅតែ​បន្ត​រត់​ចេញពី​ទីនោះ​ជា​បន្តបន្ទាប់​ទៀតផង ៕


Tag:
 រ៉ូ​ហ៊ីង​យ៉ា​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com