ជាតិ
ជប៉ុន​យក​ចម្រៀង​និង​តន្ត្រី ជា​មធ្យោបាយ​បញ្ជ្រាប​ព្រះធម៌​ដល់​យុវជន​
27, Feb 2018 , 7:39 pm        
រូបភាព
​ព្រះសង្ឃ និង​អ្នក​កាន់​ពុទ្ធសាសនា​មហាយាន​នៃ​សមាគម Shinshu Honganjiha របស់​ជប៉ុន បាន​យក​តន្ត្រី និង​ចម្រៀង​ដែល​បញ្ចូល​ព្រះធម៌ ជា​មធ្យោបាយ​អប់រំ និង​ការផ្សព្វផ្សាយ​អំពើ​ល្អ ដល់​យុវជន​។ កាលពីពេល​ថ្មី​កន្លងទៅនេះ ការលេង​ឧបករណ៍​តន្ត្រី​ដែល​ផ្សារភ្ជាប់​ជាមួយ​ធម៌​ព្រះពុទ្ធ ត្រូវបាន​រៀបចំឡើង​ក្នុង​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។​



«​ការលេង​ឧបករណ៍​ភ្លេង​ដោយ​ផ្សារភ្ជាប់​ជាមួយ​ធម៌​ព្រះពុទ្ធសាសនា ទាំង​បទ​បុរាណ និង​សម័យ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការអប់រំ​ក្មេងៗ​»​។ នេះ​បើតាម​ថេរ​ដីកា​របស់​ព្រះសង្ឃ​ជប៉ុន ព្រះនាម Yasutake ដោយ​ព្រះអង្គ​បន្ថែមថា នៅក្នុង​ប្រទេស​ជប៉ុន​តាំងពី​បុរាណ​មក តែងតែ​យក​បទ​ចម្រៀង ឬ បទ​ភ្លេង​ជា​យាន​សម្រាប់​អប់រំ​ផ្នែក​ព្រះធម៌​ទៅកាន់​ក្មេងជំនាន់ក្រោយ​។



​នា​មហោស្រព​គី​ហ្សូ​ណា ជប៉ុន​-​កម្ពុជា ឆ្នាំ​២០១៨ ដែល​រៀបចំ​ដោយ​ស្ថានទូត​ជប៉ុន​នោះដែរ ព្រះអង្គ Yasutake បាន​បញ្ជាក់ថា​៖ « ក្មេងៗ​នៅ​តូចៗ​មិនទាន់​យល់​ពី​ព្រះធម៌​ទេ ដូច្នេះ​តាំងពី​បុរាណកាល​មក​គេ​យក​ធម៌​ព្រះពុទ្ធ​បង្កើតជា​បទ​ចម្រៀង និង​តន្ត្រី​ដើម្បី​ឲ្យ​ក្មេងៗ​ស្ដាប់ទៅ​ពីរោះ នោះគេ​នឹង​ចូលចិត្ត​ច្រៀង ចូលចិត្ត​រៀន​»​។​

​នៅ​ជប៉ុន ព្រះពុទ្ធសាសនា​មាន​រហូតដល់​ទៅ​១៣​និកាយ​ឯណោះ​។  ព្រះសង្ឃ​ជប៉ុន​អាច​រៀបការ​មាន​ប្រពន្ធ មានកូន​បាន និយាយ​រួម គឺ​ជីវិត​ដូច​គ្រហស្ថ​។  ដើម្បី​ក្លាយជា​ព្រះសង្ឃ​បាន ត្រូវ​ឆ្លងកាត់​ការសិក្សា​ព្រះពុទ្ធសាសនា​៤​ឆ្នាំ និង​ប្រឡង​ជាប់​។



​នៅក្នុង​ប្រទេស​ជប៉ុន ព្រះសង្ឃ​មិនត្រូវ​អាបត្តិ​ក្នុង​ប្បញ្ញត្តិ​ព្រះពុទ្ធ​ឡើយ តែ​ព្រះសង្ឃ​ត្រូវគោរព​តាមច្បាប់​ប្រទេស​។ បើ​ធ្វើ​ខុស​នឹង​ច្បាប់​ប្រទេស រដ្ឋអំណាច​និង​ដក​លិខិតបញ្ជាក់​ជា​ព្រះសង្ឃ ឬ អាចនិយាយបាន​ថា​សញ្ញា​ប​ត្រ​ព្រះសង្ឃ​ពី​បុគ្គល​នោះ ហើយ​ទទួលទោស​តាមច្បាប់​។ ព្រះសង្ឃ​ជប៉ុន​មាន​តួនាទី​ធំ​បំផុត​គឺ​មិន​បង្រៀន​មនុស្ស​ឲ្យ​ដើរ​ផ្លូវខុស​៕


Tag:
 ព្រះសង្ឃ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com