អន្តរជាតិ
ប៉ូលិស​ថៃ​ឃាត់ខ្លួន​រុស្ស៊ី​១០​នាក់​ដែល​បើក​វគ្គ​បង្រៀន​ក្បាច់​រួមភេទ​នៅ​ប៉ា​តា​យ៉ា​
27, Feb 2018 , 4:54 pm        
រូបភាព
ដោយ: ធីតា
​ប៉ូលិស​ថៃ បាន​ឃាត់ខ្លួន​ជនជាតិ​រុស្ស៊ី ចំនួន​១០​នាក់ ដែល​បាន​ប្រើប្រាស់​បន្ទប់​សណ្ឋាគារ​មួយ​ដើម្បី​បើក​បង្រៀន​ក្បាច់​រួមភេទ (Sexual Traning Courses) ដល់​មិត្ត​រួម​ជាតិ​របស់​ពួកគេ នៅ​ក្រុង​តំបន់ឆ្នេរ ប៉ា​តា​យ៉ា​។ នេះ​បើតាម​ការផ្សាយ​របស់ AFP នា​ថ្ងៃទី​២៧ ខែកុម្ភៈ​។​



​ប៉ូលិស​ថៃ​បាន​អះអាងថា ទេសចរ​រុស្ស៊ី​សរុប​៣៣​នាក់ ស្ថិតក្នុង​ថ្នាក់រៀន​នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ប៉ា​តា​យ៉ា ប៉ុន្តែ​មានតែ​១០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​កន្លងមក ដោយ​ពួកគេ​សុទ្ធតែជា​គ្រូឧទ្ទេស​ជំនាញ «​រួមភេទ​»​។​

​លោក Piyapong Ensarn មន្ត្រីប៉ូលិស​ទេសចរណ៍​ថៃ​ម្នាក់ បានបញ្ជាក់​ប្រាប់ AFP ថា អ្នក​ទាំងនោះ ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រី​អន្តោប្រវេសន៍​ពាក់ព័ន្ធ​ការធ្វើការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។ លោក​បាន​លើកឡើងថា​៖ «​អ្នកគ្រប់គ្រង​សណ្ឋាគារ បាន​អះអាងថា ពួកគេ​មិនមាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​គម្រោងការ​របស់​ក្រុម​ជនជាតិ​រុស្ស៊ី​នោះឡើយ ដោយ​ពួកគេ​គ្រាន់តែ​បញ្ជាក់ថា ជួល​បន្ទប់​ដើម្បី​រៀបចំ​សិក្ខាសាលា​ប៉ុណ្ណោះ​»​។​

​តាម​របាយការណ៍ អ្នកចូលរួម​មួយចំនួន​បាន​បញ្ជាក់ថា ពួកគេ​បាន​បង់​ថវិកា​២០ ០០០​បាត (​ប្រមាណ​៦៤០​ដុល្លារ​អាមេរិក​) ដើម្បី​ចូលរួម​វគ្គ​សិក្សា​នេះ ចំណែក​អ្នកខ្លះ​បាន​អះអាង មិនមាន​ការបង់ថ្លៃ​អ្វី​នោះឡើយ​។ អ្នក​ដែល​រៀបចំ​ម្នាក់​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ហើយ ដោយ​រូបគេ​មានឈ្មោះ Alexander Kirilov អាយុ​៣៨​ឆ្នាំ​។​

​នា​ប្រតិបត្តិការ​នោះដែរ ប៉ូលិស​បាន​រកឃើញ​អាវយឺត ដែល​សរសេរថា «Sex Animator» រួមទាំង​លិខិតបញ្ជាក់​ការសិក្សា​សម្រាប់​អ្នកចូលរួម​៕


Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com