អន្តរជាតិ
លោក ម៉ា​ក្រុង នឹង​ទៅ​ទស្សនកិច្ច​អាមេរិក​តាម​ការអញ្ជើញ​របស់លោក​ត្រាំ ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ទ្វេភាគី​
27, Feb 2018 , 9:39 pm        
រូបភាព
លោក ម៉ាក្រុង និងលោក ត្រាំ នៅក្នុងជំនួបទ្វេភាគីក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាឆ្នាំ ២០១៧ (រូបភាព AFP)
លោក ម៉ាក្រុង និងលោក ត្រាំ នៅក្នុងជំនួបទ្វេភាគីក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីខែកញ្ញាឆ្នាំ ២០១៧ (រូបភាព AFP)
​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នឹង​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​ចុងខែ​មេសា​ខាងមុខ​។ ទស្សនកិច្ច​នេះ​ជា​លើកដំបូង​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព និង​មិត្តភាព​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​បារាំង និង​អាមេរិក​។



​បើ​គ្មាន​ការប្រែប្រួល​ទេ ប្រមុខរដ្ឋ​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​ចាប់ពី​ថ្ងៃ ២៣ ដល់​ថ្ងៃ ២៥ ខែមេសា​ខាងមុខនេះ​តប​តាម​ការអញ្ជើញ​របស់​ប្រមុខរដ្ឋ​អាមេរិក​។ វា​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បំផុត​របស់​ប្រមុខរដ្ឋ​បារាំង​ទៅកាន់​អាមេរិក គិត​ចាប់ពី​ពេលដែល​លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​កាលពី​ខែមករា​ឆ្នាំមុន​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​សម្តី​ការិយាល័យ​ប្រធានាធិបតី​បារាំង​ដូច្នេះ​៖« ការអញ្ជើញ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចំណងមិត្តភាព និង​សម្ព័ន្ធភាព​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំងពីរ ហើយក៏​ដូចជា​ភាពរឹងមាំ​ង​នៃ​ទំនាក់ទំនង​រវាង​ប្រធានាធិបតី​ទាំងពីរ​ដែរ​»​។​

​កាលវិភាគ​ពេញលេញ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​មិនទាន់​ត្រូវបាន​គេ​រៀបចំ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ប៉ុន្តែ​ប្រភព​ការទូត​បង្ហើប​ថា លោក ម៉ា​ក្រុង អាច​នឹង​ទៅ​ទស្សនកិច្ច​ទីក្រុង New Orleans នៃ​រដ្ឋ​ល្វី​ស្យា​ណា ព្រោះ​ឆ្នាំនេះ​ជា​ខួប ៣០០ ឆ្នាំ នៃ​ការបង្កើត​ក្រុង​នេះ​ឡើង​ដោយ​បារាំង​ផ្ទាល់​។ 

​តាមពិតទៅ លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញលោក ម៉ា​ក្រុង កាលពី​ខែមករា ក្រោយ​ពេលដែល​លោក​ត្រូវបាន​មេដឹកនាំ​បារាំង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​កាលពី​ខែកក្កដា​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​បារាំង​។ ពេលនោះ លោក ត្រាំ ក៏​រីករាយ និង​កោតស្ញប់ស្ញែង​ក្បួនព្យុហយាត្រា​របស់​កងទ័ព​បារាំង​ស្វាគមន៍​មេដឹកនាំ​បរទេស និង​បង្អួត​សាធារណជន​បារាំង នៅពេលនោះ​ផងដែរ​។​

​ដោយសារ​ពេញចិត្ត​ខ្លាំង លោក ត្រាំ ក៏បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​រៀបចំ​ក្បួនព្យុហយាត្រា​យោធា​ឲ្យ​ដូច​បារាំង​ដែរ​នៅ​ខែកុម្ភៈ​នេះ ហើយ​ក្នុងនាម​ជា​មេបញ្ជាការ​កំពូល​កងទ័ព​អាមេរិក លោក ត្រាំ ក៏មាន​ចេតនា​យក​ព្យុហយាត្រា​កងទ័ព​នេះ​បង្អួត​អំណាច​យោធា​របស់​អាមេរិក​ទៅកាន់​ពិភពលោក​ដូចគ្នា​។​

​ដោយឡែក បើទោះបីជា​លោក ត្រាំ និង​លោក ម៉ា​ក្រុង ហាក់​មាន​ទំនាក់ទំនង​ល្អ និង​ធ្លាប់​ជួបគ្នា​ច្រើនដង​ក៏ដោយ មេដឹកនាំ​ទាំងពីរ​មិន​ចុះសម្រុង​នឹង​គ្នា​លើ​បញ្ហា​ធំៗ​មួយចំនួន​ជាពិសេស​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ មេដឹកនាំ​បារាំង​ប្តេជ្ញា​ឈរ​ជាមួយ​ពិភពលោក​ដើម្បី​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ខណៈដែល​លោក ត្រាំ អះអាងថា ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​បោកប្រាស ហើយ​លោក​ក៏​សម្រេច​ដក​សហរដ្ឋអាមេរិក​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ថែមទៀត​កាលពី​ឆ្នាំមុន​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  អាមេរិក​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com