កីឡាអន្តរជាតិ
អន្តរជាតិ
Carrasco និង Gaitan របស់ AT-Madrid ទៅ​ចូលរួម​ជាមួយ​ក្លិប​ទើប​ឡើង​លី​ក​កំពូល​ចិន​
28, Feb 2018 , 8:39 am        
រូបភាព
​កីឡាករ​របស់ Atletico Madrid ពីររូប​រួមមាន Yannick Carrasco និង Nicolas Gaitan បានបញ្ចប់​ការផ្ទេរ​រួចរាល់​ហើយ​ដើម្បី​ផ្លាស់​ទៅកាន់​ក្រុម Dalian Yifang នៃ​លី​ក​កីឡាបាល់ទាត់​កំពូល​ចិន Chinese Super League កាលពី​ថ្ងៃ​ចន្ទ​ទី ២៦ ខែកុម្ភៈ​នេះ​។



​យោងទៅតាម​សារព័ត៌មាន​អេ​ស្ប៉ា​ញ ខ្សែប្រយុទ្ធ​វ័យ ២៤​ឆ្នាំ Carrasco ត្រូវបាន​ផ្ទេរចេញ​ទៅកាន់​ក្រុម Dalian Yifang ក្នុងតម្លៃ ២៦.៥​លាន​ផោន ប្រហែល ៣៧​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្នុងតម្លៃ​នេះ​ក្លិប AT-Madrid ត្រូវ​បង់​ឲ្យ​ក្លិប​ចាស់​របស់​កីឡាករ​អន្តរជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​នេះ គឺ AS Monaco ២៥​ភាគ​វិញ​តាម​លក្ខខណ្ឌ​កិច្ចសន្យា​កាលពី​ឆ្នាំ​២០១៥​។​



​បើតាម​ប្រភព​ដរ​ដែល Carrasco នឹង​ទទួលបាន​ថ្លៃឈ្នួល ៨.៨​លាន​ផោន ប្រហែល​ជាង ១២​លា​ដុល្លារ​ក្នុង​១​ឆ្នាំ​នៅ​ក្លិប​ថ្មី​នេះ​។​

​ចំណែក​ខ្សែបម្រើ​សញ្ជាតិ​អា​ហ្ស​ង់​ទីន វ័យ​៣០​ឆ្មាំ Gaitan មានតម្លៃ​ខ្លួន ១៥.៨​លាន​ផោន (២២​លាន​ដុល្លារ​)​។​



​សូមបញ្ជាក់ថា Dalian Yifang ជា​ក្លិប​ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០៩ ហើយ​បាន​ដំឡើង​ខ្លួន​ទៅកាន់​ក្របខណ្ឌ​កំពូល​ចិន​ក្នុង​រដូវ​កាល ២០១២​។ សម្រាប់​រដូវ​កាល​នេះ​ក្រុម​ដែលមាន​រហស្សនាម Blue Hawks ក៏បាន​ទិញ​ខ្សែការពារ​ពី West Ham ម្នាក់​ដែរ គឺ​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ José Fonte កាលពី​ថ្ងៃ​សុក្រ​ទី​២៣ សប្តាហ៍​មុន មុនពេល​ទិញ​បាន Carrasco និង Gaitan ពី AT-Madrid ។​

​សម្រាប់​ការទិញ​ដូរ​កីឡាករ​នៅ​ប្រទេស​ចិន​គឺ​ត្រូវ​បិទទ្វារ​នៅ​យប់​ថ្ងៃ​ពុធ​ទី​២៨ ខែកុម្ភៈ​ស្អែក​នេះ​៕


Tag:
 បាល់ទាត់​
  Atletico Madrid
  Yannick Carrasco
  Nicolas Gaitan
  Dalian Yifang
© រក្សាសិទ្ធិដោយ thmeythmey.com