ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
កម្ពុជា​រៀបចំ​ការ​ប្រជែង​ថ្នាក់ជាតិ​ធ្វើ Robot ឬ​រូបយន្ត​លើកដំបូង​បង្អស់​
28, Feb 2018 , 7:59 pm        
រូបភាព
សិស្ស​ដែល​ចូលរួម​ប្រកួត​រ៉ូបូត​ក្នុង​ទឹក​ ធ្វើ​ការ​តេស្ត​សាកល្បង​រ៉ូបូត​ខ្លួន​ក្នុង​អាង​ហែល​ទឹក​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨​។ (រូប​ពី​ STEM Cambodia)
សិស្ស​ដែល​ចូលរួម​ប្រកួត​រ៉ូបូត​ក្នុង​ទឹក​ ធ្វើ​ការ​តេស្ត​សាកល្បង​រ៉ូបូត​ខ្លួន​ក្នុង​អាង​ហែល​ទឹក​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៨​។ (រូប​ពី​ STEM Cambodia)
ដោយ: VOA
​ភ្នំពេញ ៖ ការប្រកួតប្រជែង​ថ្នាក់ជាតិ​មួយ​តាមរយៈ​ការធ្វើ Robot ឬ​រូបយន្ត​ក្នុង​ទឹក ដោយ​សិស្ស​វិទ្យាល័យ​កម្ពុជា នឹង​ប្រារព្ធ​ឡើងជា​លើកដំបូង​នា​ដើមខែ​មីនា​នេះ​។​



​ការប្រកួត robot ឬ​រូបយន្ត​ថ្នាក់ជាតិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​មហោស្រព​លើក​ទី​បួន​នៅ​កម្ពុជា​ស្តីពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៣ ខែមីនា នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

​សិស្សានុសិស្ស ដែល​ចូលរួម​ប្រកួត មកពី​វិទ្យាល័យ​រដ្ឋ និង​ឯកជន ហើយ​ក្រុម​នីមួយៗ​មាន​សមាជិក​៣​នាក់​។​

​ថ្វីបើ​ការប្រកួត​នេះ​តម្រូវ​ឲ្យ​មាន​ការធ្វើ robot ឬ​រូបយន្ត ដែល​ដំណើរការ​ក្នុង​ទឹក ដែល​អាច​ជំរុញ​ឲ្យ​សិស្សានុសិស្ស​មានគំនិត​ច្នៃប្រឌិត​ខាង​បច្ចេកវិទ្យា​ក៏ដោយ ក៏​គោលបំណង​សំខាន់បំផុត​នៃ​ការប្រកួត​នេះ​គឺ​ផ្តោតលើ​ការធ្វើការងារ​ជា​ក្រុម​ដើម្បី​ដោះស្រាយ​បញ្ហា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក តាន់ អេ​លែ​ន (Allen Tan) ជា​នាយក​គ្រប់គ្រង​អង្គការ​ស្ទែ​ម​កម្ពុជា ដែលជា​អង្គការ​រៀបចំ​មហោស្រព​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​នៅ​កម្ពុជា​។​



​លោក តាន់ អេ​លែ​ន បាន​ឲ្យ​ដឹងថា ៖

«​គោលបំណង​នៃ​ការប្រកួត​នេះ​គឺ​មិនមែន​បង្រៀន​ផ្នែក​បច្ចេកទេស​នោះទេ តែ​វា​ជាការ​បង្រៀន​អំពី​ការធ្វើការងារ​ជា​ក្រុម និង​ការប្រើប្រាស់​សមត្ថភាព​ដោះស្រាយ​បញ្ហា ដោយ​ប្រើប្រាស់​មុខវិជ្ជា​ស្ទែ​ម​»​។​

​អង្គការ​ស្ទែ​ម​កម្ពុជា​បាន​ឧបត្ថម្ភ​ឧបករណ៍​សម្រាប់ធ្វើ robot ឬ​រូបយន្ត ដល់​សិស្ស​វិទ្យាល័យ​រដ្ឋ​ចំនួន​១៥ និង​បណ្តុះបណ្តាល​ពី​របៀប​ធ្វើ robot ឬ​រូបយន្ត តាមរយៈ​គ្រូ​និង​អ្នក​ណែនាំ (mentors) មកពី​មហាវិទ្យាល័យ មុននឹង​ធ្វើការ​ប្រកួត​នៅឯ​មហោស្រព​វិទ្យាសាស្ត្រ​នោះ​។​

​ការប្រកួតប្រជែង​នេះ​គឺ​ពឹង​ផ្អែកលើ​មូលដ្ឋាន​នៃ​ការប្រកួត​មួយ​នៅ​សហរដ្ឋអាមេរិក​ដែលមាន​ឈ្មោះថា Marine Advanced Technology Education (MATE) Remotely Operated Vehicles (ROV) Competition ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ការប្រកួត​ធ្វើ​ឧបករណ៍​បញ្ជា​ពី​ចង្ងាយ​ដោយ​ប្រើប្រាស់​ការអប់រំ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដើម្បី​សិក្សា​ពី​សមុទ្រ​។​



​លោក អាំង លី ដែលជា​អ្នកស្ម័គ្រចិត្ត​នៃ​អង្គការ​ស្ទែ​ម​កម្ពុជា និង​ជា​អ្នក​ណែនាំ (mentor) ឲ្យ​ក្រុមសិស្ស​មកពី​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា នៅក្នុង​ការប្រកួត​កូនសិស្ស​នឹង​ទទួលបាន scenario (​បញ្ហា​)​មួយ ដែល​ពួកគេ​ត្រូវ​ធ្វើការ​រួមគ្នា​ដោះស្រាយ​។​

​លោក អាំង លី​បាន​លើក​ឧទាហរណ៍​ថា​៖

«​ឧ​ទា​រហ​រណ៍​ថា មាន aircraft (​យន្ត​យោះ​) មួយ​ធ្លា​ក់នៅ​តំបន់​ឈូង​សមុទ្រ​មួយ​។ តើ​វា​នៅ​ប្រវែង​ណា ជម្រៅ​ប៉ុន្មាន ហើយ​ឲ្យ​កូនសិស្ស​គណនា​ទីតាំង​ដែល​ធ្លាក់​ហ្នឹង ហើយ​បាន​យក robot (​ឬ​រូបយន្ត​) ខ្លួនឯង​ហ្នឹង ទៅ​ចុះ​ក្នុង​ទឹក​ដើម្បី​រក ក៏ប៉ុន្តែ robot (​ឬ​រូបយន្ត​) របស់​កូនសិស្ស​ហ្នឹង​មិនមែន​ខ្លាំង​រហូត​ទៅ​ចុះ​យក​ឥ​វ៉ាន់​អី​បានទេ គ្រាន់តែ​ជា basic robot (​ឬ​រូបយន្ត​)​មួយ​»​។​

​ការធ្វើ robot ឬ​រូបយន្ត​នេះ​គឺមាន​លក្ខណៈសាមញ្ញ ដោយ​ប្រើប្រាស់​ម៉ូ​ទ័​រ​ចំនួន​៣ អាចធ្វើ​ចលនា​ឡើង​ចុះ ទៅមុខ ទៅក្រោយ និង​បត់​ឆ្វេង បត់​ស្តាំ​បាន​។​

​អ្នកឈ្នះ​ការប្រកួត​លើក​នេះ​នឹង​អាច​ត្រូវបាន​បញ្ជូនទៅ​ប្រកួត​បន្ត​នៅ​សហរដ្ឋអាមេរិក ឬ​ប្រកួត​ក្នុង​កម្រិត​តំបន់​បន្ថែមទៀត អាស្រ័យ​លើ​មូលនិធិ ដែល​រៃអង្គាស​បាន​នាពេល​បន្ទាប់​។​



​ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​ជំរុញ​គោលនយោបាយ​អប់រំ​លើ​មុខជំនាញ STEM និង​បង្កើត​ឲ្យ​មាន​មហោស្រព​ជាតិ​ស្តីអំពី​វិទ្យាសាស្ត្រ និង​វិស្វកម្ម​ដំបូង​បំផុត​នៅ​ឆ្នាំ​២០១៥​មកដល់​ឆ្នាំ​២០១៨​នេះ អ្នកជំនាញ​លើ​វិស័យ STEM មើលឃើញថា វា​គឺជា​ពេលវេលា​ដែល​កម្ពុជា​ត្រូវ​បង្កើន​បន្ថែម​នូវ​ប្រសិទ្ធភាព​ធនធាន​មនុស្ស​ចេញ​ជំនាញ STEM ប្រកបដោយ​វិជ្ជាជីវៈ​ដើម្បី​បំពេញ​ទីផ្សារការងារ​។​

​លោក តាន់ អេ​លែ​ន បាន​និយាយថា​៖

«​យើង​បានឃើញ​ការផ្លាស់ប្តូរ​ជាច្រើន ក្នុង​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ ក្នុងទិសដៅ​ត្រឹមត្រូវ​មួយ​។ យើង​គិតថា យើង​បានសម្រេច​ការលើកកម្ពស់​ការយល់ដឹង​កម្រិត​ថ្នាក់ជាតិ ហើយ​ជំហាន​បន្ទាប់​គឺ​ការអនុវត្ត​។ យើង​ត្រូវធ្វើ​ឲ្យ​ប្រាកដថា យើង​ត្រូវ​ប្រែ​ការយល់ដឹង​អំពី​ស្ទែ​ម ហើយ​ឲ្យ​មាន​សន្ទុះ​សិស្ស​រៀន​ចប់​ជំនាញ​នេះ ទាំង​នៅ​ថ្នាក់បរិញ្ញាប័ត្រ និង​វគ្គ​ជំនាញ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ទាប់មក​ចូលទៅក្នុង​វិស័យ​ការងារ​»​។​

​ក្រៅពី​ការប្រកួត​ធ្វើ robot ឬ​រូបយន្ត​ក្នុង​ទឹក និង​ពិព័រណ៍​នានា​ទាក់ទង​នឹង​ជំនាញ​ស្ទែ​ម មហោស្រព​នេះ​ក៏​ធ្វើការ​សម្ពោធ​យុទ្ធនាការ «​ស្ទែ​ម​ដើម្បី​អនាគត​ខ្ញុំ​» អមដោយ​បទ​ចម្រៀង​និពន្ធ​ផ្ទាល់ ការប្រគុំ​តន្ត្រី និង​សហការ​រួមជាមួយ YSEALI ស្តីពី​សិក្ខា​សិលា​ថ្នាក់​តំបន់​អាស៊ាន ទាក់ទង​នឹង​ស្ទែ​ម​ផងដែរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com