អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង​៖ ជប៉ុន​គ្មាន​សិទ្ធិ​និយាយថា​បញ្ហា​ស្ត្រី​ទាសករ​ផ្លូវភេទ​ចប់សព្វគ្រប់​ឡើយ​
01, Mar 2018 , 7:19 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង មូន​ ចេអ៊ីន ក្នុងពិធីរំឭកខួបការងើបតស៊ូប្រឆាំងជប៉ុន (រូបភាព៖ AFP)
ប្រធានាធិបតីកូរ៉េខាងត្បូង មូន​ ចេអ៊ីន ក្នុងពិធីរំឭកខួបការងើបតស៊ូប្រឆាំងជប៉ុន (រូបភាព៖ AFP)
​សំណុំរឿង​ស្ត្រី​ទាសករ​ផ្លូវភេទ​សម័យ​សង្គ្រាម នៅតែ​ជា​របួស​ព្យាបាល​មិនជា​ដាច់​ក្នុង​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន​។ ទោះ​ជាមាន​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​ជប៉ុន​សុំទោស និង​សង​ប្រាក់​ក្ដី កូរ៉េខាងត្បូង​នៅតែ​មិនទាន់​អស់ចិត្ត និង​ទាមទារ​ឲ្យ​ជប៉ុន​សុំទោស​ដោយស្មោះ​ត្រង់​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន អះអាងថា បញ្ហា​ស្ត្រី​ទាសករ​ផ្លូវភេទ​នេះ នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ ជប៉ុន មិន​សប្បាយ​ចិត្តនឹង​ការទាមទារ​ម្ដង​ហើយ​ម្ដងទៀត​របស់​កូរ៉េខាងត្បូង​ឡើយ​។​



​ឆ្លៀតឱកាស​ចូលរួម​កា​រ​រំឭក​ខួប​ថ្ងៃ​ងើប​តស៊ូ​ប្រឆាំង​ជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​និយាយ​វាយប្រហារ​ក្រុង​តូ​ក្យូ​ជុំវិញ​បញ្ហា​ស្ត្រី​ទាសករ​ផ្លូវភេទ​កូរ៉េខាងត្បូង​។ លោក មូ​ន ចេ​អ៊ី​ន ចាត់ទុក​សកម្មភាពរ​បស់​ទាហាន​ជប៉ុន​ដែល​បង្ខំ​ឲ្យ​ស្ត្រី​កូរ៉េខាងត្បូង​បម្រើ​តណ្ហា​អំឡុងពេល​សង្គ្រាម ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ទាមទារ​ឲ្យ​ជប៉ុន​សុំទោស​ឲ្យ​អស់ពី​បេះដូង ហើយ​ជប៉ុន​ក៏​គ្មាន​សិទ្ធិ​និយាយថា បញ្ហា​នេះ​ត្រូវបាន​បញ្ចប់​ដែរ​។​

​ក្នុង​ពិធី​ថ្ងៃទី​១ ខែមីនា នៅឯ​គុក Seodaemun ជាទី​រដ្ឋាភិបាល​អាណានិគម​ជប៉ុន​ចាប់ និង​កាត់ទោស​មនុស្ស​ជាង​មួយ​សែន​នាក់ លោក មូ​ន ចេ​អ៊ី​ន និយាយថា​៖ «​ចំពោះ​ការដោះស្រាយ​បញ្ហា​ទាសករ​ផ្លូវភេទ រដ្ឋាភិបាល​ជប៉ុន​ដែល​ជា​ឧក្រិដ្ឋជន មិនអាច​និយាយថា បញ្ហា​ចប់​ហើយ​បានទេ​»​។ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ចង់​សំដៅ​ដល់​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ​ជុំវិញ​ការបញ្ចប់​បញ្ហា​រ៉ាំរ៉ៃ​នេះ ដោយ​ក្នុងនោះ​ជប៉ុន​សុំទោស និង​សង​ប្រាក់​ជិត​១០​លាន​ដុល្លារ​។​

​ដោយមាន​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​ជប៉ុន​តែង​លើកឡើងថា សំណុំរឿង​ស្ត្រី​ទាសករ​ផ្លូវភេទ គឺ​ចប់សព្វគ្រប់ និង​មិនអាច​បក​ក្រោយ​បានឡើយ​។ ប៉ុន្តែ​រដ្ឋាភិបាល​លោក មូ​ន ចេ​អ៊ី​ន បាន​ជំទាស់​កិច្ចព្រមព្រៀង​ដែល​បង្កើត​ដោយ​អតីត​រដ្ឋបាល​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ។ ក្រុមការងារ​វាយតម្លៃ​កិច្ចព្រមព្រៀង​រកឃើញថា កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ នេះ មាន​ចន្លោះប្រហោង​ច្រើន និង​មិនបាន​ពិចារណា​គំ​និ​យោបល់​ជនរងគ្រោះ​ឡើយ​។

​ក្រុង​តូ​ក្យូ​បាន​ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​ការអធិប្បាយ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ មន្ត្រីជាន់ខ្ពស់​ជប៉ុន​លោក Yoshihide Suga បាន​ហៅ​សម្ដី​របស់លោក មូ​ន ចេ​អ៊ី​ន ជា​រឿង​មិនអាច​ទទួលយកបាន និង​គួរ​ឲ្យ​សោកស្ដាយ​បំផុត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លើសពីនោះ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក៏បាន​ដាក់ពាក្យ​តវ៉ា​ជា​ផ្លូវការ​ទៅកាន់​ក្រុង​សេ​អ៊ូ​ល​ចំពោះ​ពាក្យពេជន៍​របស់​មេដឹកនាំ​កូរ៉េខាងត្បូង​ដែរ​។​

​ជុំវិញ​រឿង​ដដែល​នេះ លោក មូ​ន ចេ​អ៊ី​ន បញ្ជាក់ថា អ្វីដែល​រដ្ឋាភិបាល និង​ជនរងគ្រោះ​កូរ៉េខាងត្បូង​ចង់បាន គឺ​ការសុំ​ទោស​ដោយ​សុទ្ធចិត្ត​។ «​ខ្ញុំ​ចង់​ឲ្យ​ជប៉ុន​តបស្នង​ប្រទេសជិតខាង​ដែល​ខ្លួន​ធ្លាប់​ធ្វើបាប និង​ដើរ​លើផ្លូវ​សន្តិ​សហ​វិជ្ជមាន​ជាមួយគ្នា​។ ខ្ញុំ​មិន​ទាមទារ​ឲ្យ​ជប៉ុន​ធ្វើ​អ្វី​ពិសេស​ឡើយ​។ ខ្ញុំ​ចង់​ឲ្យ​ជប៉ុន​បន្តដំណើរ​ទៅ​អនាគត​ជាមួយ​កូរ៉េខាងត្បូង ជាមួយនឹង​ការដឹង​កំហុស និង​ការ​សុំទោស​ប៉ុណ្ណោះ​»​។ នេះ​ជា​សំណើ​ជាថ្មី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​៕ 


Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  មូ​ន​ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com