អន្តរជាតិ
កូរ៉េខាងត្បូង​ត្រៀម​បញ្ជូន​បេសកជន​ពិសេស​ទៅ​កូរ៉េខាងជើង​
02, Mar 2018 , 2:41 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១ ខែមីនា បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជុំវិញ​ការវិវត្ត​ថ្មីៗ​ឧបទ្វីប​កូរ៉េ​។ ក្នុងការ​ជជែក​នេះ លោក មូ​ន ចេ​អ៊ី​ន បាន​ប្រា​ប់លោក ត្រាំ ពី​គម្រោង​បញ្ជូន​ប្រេសិត​ពិសេស​ទៅកាន់​កូរ៉េខាងជើង​។ គម្រោង​បញ្ជូន​ប្រេសិត​នេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​របស់​តំណាង​ពិសេស​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​។​



​ក្នុងការ​សន្ទនា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​១ ខែមីនា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ប្រាប់​សម​ភាគី​អាមេរិក ដូ​ណា​ល់ ត្រាំ ពី​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​ប្រតិភូ​កូរ៉េខាងជើង​នៅ​កូរ៉េខាងត្បូង​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក ក៏ដូចជា​ស្ថានការណ៍​ថ្មីៗ​នៅ​ឧបទ្វីប​កូរ៉េ​ផង​។ បើតាម​ការប្រកាស​រប​ស់​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង មេដឹកនាំ​ទាំងពីរ​ក៏បាន​ពិភាក្សា​ការរំសាយ​នុយក្លេអ៊ែរ តាមរយៈ​ការរក្សា​ទំនាក់ទំនង​ល្អ​រវាង​កូរ៉េ​ទាំងពីរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក មូ​ន ចេ​អ៊ី​ន បាន​ប្រា​ប់លោក ត្រាំ ថា លោក​នឹង​បញ្ជូន​បេសកជន​ពិសេស​ទៅកាន់​កូរ៉េខាងជើង តែ​មិនទាន់​ដឹងថា ដឹកនាំ​ដោយ​នរណា​ឡើយ​។ ការបញ្ជូន​មន្ត្រីជាន់ខ្ពស់​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នៅពេល​ខាងមុខ គឺជា​ការឆ្លើយតប​ទៅនឹង​ការបញ្ជូន​ប្រេសិត​ពិសេស និង​វត្តមាន​មន្ត្រី​កូរ៉េខាងជើង​ចូលរួម​ក្នុង​ពិធី​បើក និង​បិទ​ព្រឹត្តិការណ៍​អូឡាំពិករ​ដូរ​ងា​នៅ​ទីក្រុង​ព្យុង​ឆាង​។​

​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចាត់តាំង​ប្អូនស្រី​របស់ខ្លួន គឺ​លោកស្រី គីម យ៉ូ​ចុង ធ្វើជា​បេសកជន​ពិសេស និង​បាន​អញ្ជើញលោក មូ​ន ចេ​អ៊ី​ន ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ផង​។ លោកស្រី គីម យ៉ូ​ចុង គឺជា​សាច់ញាតិ​សន្តិ​វង្ស គីម ដំបូង​គេ ដែល​ជាន់​ទឹកដី​កូរ៉េខាងត្បូង ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ ។ ក្នុងពេល​បិទ​ព្រឹត្តិការណ៍​អូឡាំពិក មន្ត្រី​កូរ៉េខាងជើង​ក៏បាន​ចូលរួម​ដែរ ហើយ​ថែមទាំង​ប្រកាស​ជំហរ​ចរចា​ជាមួយ​អាមេរិក​ទៅទៀត​។

​យ៉ាងណាមិញ លោក មូ​ន ចេ​អ៊ី​ន មិន​បញ្ជាក់​ពី​គោលដៅ​នៃ​ការបញ្ជូន​តំណាង​ពិសេស​ទៅ​កូរ៉េខាងជើង​ឡើយ​។ កន្លងមក រដ្ឋបាល​ក្រុង​សេ​អ៊ូ​ល​ក៏​តែង​បញ្ជូន​មន្ត្រី​របស់ខ្លួន ទៅ​ជួប​មន្ត្រី​កូរ៉េខាងជើង​ដែរ ហើយ​ប្រធានបទ​នៃ​ការចរចា អាចជា​ការរៀបចំ​ជំនួប​មេដឹកនាំ​កំពូល​ដូចជា​ឆ្នាំ​២០០០ និង​ឆ្នាំ​២០០៧ ឬក៏​ទៅ​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ នៅពេល​ស្ថានការណ៍​តានតឹង​ខ្លាំង​។

​ជុំវិញ​គម្រោង​បញ្ជូន​តំណាង​ពិសេស​ទៅ​កូរ៉េខាងជើង​របស់​កូរ៉េខាងត្បូង ក្រសួងការបរទេស​អា​មេ​រិ​ក​លើកឡើងថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​សេ​អ៊ូ​ល​បាន​បន្ត​ទាក់​ទាក់​គ្នា​ជិតដិត​ដើម្បី​មានការ​ឆ្លើយតប​រួមគ្នា​មួយ​។ បើតាម​ការប្រកាស​រប​ស់​សេត​វិមាន លោក ត្រាំ និង​លោក មូ​ន បាន​ឯកភាពគ្នា​ថា ការចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង ត្រូវធ្វើឡើង​ដោយមាន​គោលដៅ​សំខាន់បំផុត​មិន​ប្រែប្រួល គឺ​ការរំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​៕   


Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com