អន្តរជាតិ
ពូ​ទីន ថា រុស្ស៊ី​មាន​អាវុធ​ថ្មី​ដែល​អាច​ទម្លុះ​ខែល​ការពារ​អាមេរិក តែ​អាមេរិក​ថា មិន​ភ្ញាក់ផ្អើល​
02, Mar 2018 , 7:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបភាព៖ AFP)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (រូបភាព៖ AFP)
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១ ខែមីនា បាន​ទម្លាយ​ពី​ការអភិវឌ្ឍ​ប្រព័ន្ធ​សព្វាវុធ​ទំនើប​ជាច្រើន​មុខ​ដែលមាន​ទាំង​មី​ស៊ី​ល​អន្តរទ្វីប ដ្រូ​ន​ក្នុង​ទឹក និង​អាវុធ​ឡាស៊ែរ ហើយ​ដែល​អាច​ទម្លុះ​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​។ តាម​លោក ពូ​ទីន ឥទ្ធិពល​សព្វាវុធ​ថ្មីៗ​ទាំងនេះ​នឹង​បង្ខំ​អាមេរិក​បោះបង់​នយោបាយ​ឡោមព័ទ្ធ​រុស្ស៊ី និង​ទទួលស្គាល់​រុស្ស៊ី​ជា​ដៃគូ​ស្មើភាព​។ យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន​មិនមាន​ការភ្ញាក់ផ្អើល​នឹង​សម្ដី​លោក ពូ​ទីន ឡើយ​។



​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រើប្រាស់​សុន្ទរកថា​ទៅកាន់​ក្រុម​អ្នកនយោបាយ​ជាន់ខ្ពស់ ដើម្បី​ប្រកាស​ពី​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​សព្វាវុធ​ថ្មីៗ​ដើម្បី​ទប់ទល់​អាមេរិក​។ ក្នុង​សុន្ទរកថា​នៅ​វិមាន​ក្រេ​ម​ឡាំង​នៅ​ថ្ងៃទី​១ ខែមីនា មេដឹកនាំ​រុស្ស៊ី​រូប​បានចាប់ផ្ដើម​រៀបរាប់​ពី​សមិទ្ធផល និង​ទិសដៅ​នយោបាយ​ក្នុងស្រុក មុននឹង​រៀបរាប់​ពី​យុទ្ធោបករណ៍​សង្គ្រាម​ទំនើបៗ ដែល​សូម្បីតែ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក​ក៏​មិនអាច​ទប់ទល់​បាន​។

១. អាវុធ​ថ្មី​៖ មី​ស៊ី​ល​អន្តរទ្វីប​, មី​ស៊ី​ល​នាំ​ផ្លូវ​, ដ្រូ​ន​ក្នុង​ទឹក​...


​មី​ស៊ី​ល​ដែល​រុស្ស៊ី​ទើប​អភិវឌ្ឍ​ហើយ ដែល​ត្រូវបាន​លោក ពូ​ទីន ប្រកាស​ជា​សាធារណៈ គឺ​មី​ស៊ី​ល​អន្តរទ្វីប​បំពាក់​នុយក្លេអ៊ែរ Sarmat ឬ RS-28 ។ មី​ស៊ី​ល Sarmat អាច​រត់​បាន​ចម្ងាយ​ឆ្ងាយ និង​បាញ់​ដល់​ទឹកដី​អាមេរិក​តាមផ្លូវ​នៅ​ប៉ូល​ខាងត្បូង ទោះជា​អាមេរិក​បាន​ពង្រាយ​ខែល​ការពារ​នៅ​ផ្លូវ​ជាច្រើន​ក្ដី​ដូចជា​នៅ​រដ្ឋ​អា​ឡា​ស្កា​ជាដើម​។ ប៉ុន្តែ​មី​ស៊ី​ល​ដែល​ដាក់ឈ្មោះ​តាម​កុលសម្ព័ន្ធ​មួយ​របស់​រុស្ស៊ី អាច​ឆ្លងកាត់​គ្រប់​ប្រព័ន្ធ​ការពារ​របស់​អាមេរិក​។

​ចំពោះមុខ​សមាជិកសភា និង​ថ្នាក់ដឹកនាំ​រុស្ស៊ី​ផ្សេងទៀត លោក ពូ​ទីន ក៏បាន​បង្ហើប​ពី​អាវុធ​ពិសេស​ពីរ​មុខ​ទៀត ដែល​មិនទាន់​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នៅឡើយ​។ នោះ គឺ​មី​ស៊ី​ល​នាំ​ផ្លូវ​ដែល​អាច​រត់​ឆ្ងាយ និង​ដ្រូ​ន​ក្នុង​ទឹក​។ បើតាម​សារព័ត៌មាន RT មី​ស៊ី​ល​នេះ​ត្រូវបាន​សាកល្បង​ជោគជ័យ​នៅ​ចុងឆ្នាំ​២០១៧ ដែល​អាច​ហោះ​ក្នុង​រយៈកម្ពស់​ទាប អាច​ប្ដូរ​ផ្លូវ​រត់ និង​ទម្លុះ​ប្រព័ន្ធ​ការពារ​បាន​។ មកទល់ពេលនេះ រុស្ស៊ី​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល​នេះ​ទៅជា​អាវុធ​យុទ្ធសាស្ត្រ​។

​ដោយឡែក​ដ្រូ​ន​ក្នុង​ទឹក​វិញ អាច​រត់​បាន​ចម្ងាយ​ឆ្ងាយ ក្នុង​ជម្រៅ​ទឹក​ជ្រៅ និង​មាន​ល្បឿន​លឿន​ជាង​នាវាមុជទឹក​ខ្លះ​ផង​។ ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​បាន​អួតថា ដ្រូ​ន​ថ្មី​នេះ​អាច​វាយប្រហារ​ក្រុម​នាវា​ដឹក​យន្តហោះ​របស់​សត្រូវ ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​របស់​សត្រូវ​។ ដូច​មី​ស៊ី​ល​ទាំងពីរ​ខាងលើ ដ្រូ​ន​នេះ​អាច​ទម្លាយ​ប្រព័ន្ធ​ការពារ​បាន​គ្រប់យ៉ាង​។ មិនទាន់​អស់​ឡើយ លោក ពូ​ទីន ក៏​ទម្លាយ​ពី​អាវុធ​ដែលជា ប្រភេទ Supersonic និង​ឡាស៊ែរ​សម្រាប់​ប្រយុទ្ធ​ផងដែរ​។​

២. ពូ​ទីន ៖ ដល់ពេល​អាមេរិក​ស្ដាប់​រុស្ស៊ី​ហើយ​

​ខណៈដែល​លោក ពូ​ទីន កំពុង​រៀបរាប់​ម្ដង​មួយៗ​ពី​សព្វាវុធ​ថ្មី ដែល​ខ្លះ​សាកល្បង​រួច ខ្លះ​កំពុង​អភិវឌ្ឍ​នោះ នៅ​ផ្ទាំង​ខាងក្រោយ​ខ្នង​លោក គេ​ឃើញ​មាន​វីដេអូ​បង្ហាញ​ពី​អានុភាព​អាវុធ​ទាំងនេះ​។ ប៉ុន្តែ​មេដឹកនាំ​រុស្ស៊ី​រូបនេះ​សង្កត់ធ្ងន់ថា រុស្ស៊ី​មិន​ប្រើ​អាវុធ​ទាំង​នេះឡើយ បើ​ផលប្រយោជន៍​ស្របច្បាប់​របស់​រុស្ស៊ី​មិន​ត្រូវបាន​បោះបង់​ដោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​។ «​គ្មាន​នរណា​ចង់​និយាយ​ជាមួយ​យើង​ឡើយ​។ គ្មាន​នរណា​ស្ដាប់​យើង​ឡើយ​។ ឥឡូវ​ស្ដាប់​យើង​ម្ដង​!»

​ប្រមុខរដ្ឋ​រុស្ស៊ី​បានស្នើ​ឲ្យ​អាមេរិក​បោះបង់​នយោបាយ​ប្រទូស្ត​រាយ​ដាក់​រុស្ស៊ី និង​ចាប់ផ្ដើម​ការចរចា​សន្តិ​សុខ​ដោយ​គិតពី​ផលប្រយោជន៍​របស់​រុស្ស៊ី​ផង​។ លោក ពូ​ទីន អះអាងថា នយោបាយ​របស់​អាមេរិក​ជាច្រើន​ឆ្នាំ​មកនេះ រាប់ទាំង​ការដាក់ទណ្ឌកម្ម​ផ្ទុយ​ច្បាប់​អន្តរជាតិ​ផង​នោះ មិនអាច​ធ្វើ​អ្វី​រុស្ស៊ី​បានឡើយ ហើយ​អ្វីដែល​អាមេរិក​ប្រឹងប្រែង​ទប់ស្កាត់​មិន​ឲ្យ​កើតឡើង​នោះ បាន​លេច​ជា​រូបរាង​ហើយ​។ លោក ពូ​ទី បាន​ប្រាប់​ឲ្យ​អាមេរិក​ទទួលស្គាល់​ការពិត ហើយ​អ្វីដែល​លោក​និយាយ មិនមែន​ជាការ​រឿង​កម្លា​ដែរ​។​

​ក្នុង​សុន្ទរកថា​វែង​អន្លាយ​ដដែល​នេះ លោក ពូ​ទីន ក៏បាន​ប្រកាស​ចំហ​ថា ការវាយប្រហារ​ណាមួយ​លើ​សម្ព័ន្ធមិត្ត​របស់​រុស្ស៊ី គឺជា​ការវាយប្រហារ​លើ​រុស្ស៊ី​ផ្ទាល់ ដែល​ចាំបាច់​ត្រូវ​ឆ្លើយតប​ជាបន្ទាន់​។ លោក ពូ​ទីន មិនបាន​និយាយ​សំដៅ​ប្រទេស​សម្ព័ន្ធមិត្ត​ណាមួយ​ឡើយ តែ​ទំនងជា​ស៊ី​រី ប៉ុន្តែ​ការប្រកាស​នេះ​ជាការ​ព្រមាន​ទៅ​ក្រុង​វ៉ាស៊ីនតោន មិនត្រូវ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​ទីតាំង​ដែលមាន​រុស្ស៊ី​ឡើយ​។​

៣. អាមេរិក​មិន​ភ្ញាក់ផ្អើល​នឹង​ការ​អួតអាង​របស់លោក ពូ​ទីន​

​ការបង្ហាញ​ពី​សព្វាវុធ​ថ្មី​របស់លោក ពូ​ទីន មិនបាន​ធ្វើ​ឲ្យ​អាមេរិក​ភ្ញាក់ផ្អើល​អ្វី​ឡើយ​។ មន្ត្រី​ក្រសួង​កា​ពារ​ជាតិ​អាមេរិក​និយាយថា អាមេរិក​ដឹង​ពី​ប្រភេទ​អាវុធ​នុយក្លេអ៊ែរ​ដែល​រុស្ស៊ី​មាន​យូរ​មកហើយ និង​ឆ្ងល់​ថា រុស្ស៊ី​មាន​អ្វី​ថ្មី​ដែល​យោធា ឬ​ចារកម្ម​អាមេរិក មិនដឹង​ឬទេ​។ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោកស្រី Dana White បញ្ជាក់ថា អាមេរិក​បាន​តាមដាន​រុស្ស៊ី​យូរ​ឆ្នាំ​ហើយ ហើយក៏​មិន​ភ្ញាក់ផ្អើល​នឹង​ការប្រកាស​របស់លោក ពូ​ទីន ដែរ​។

​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចោទ​ក្រុង​មូ​ស្គូ​ថា បាន​បំពាន​សន្ធិសញ្ញា​សម័យ​ស​ង្គ្រា​ម​ត្រជាក់​ដែល​ហាម​ការអភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​នាំ​ផ្លូវ​ដែល​អាច​រត់​ចម្ងាយ​ពី​៥០០​គីឡូម៉ែត្រ ទៅ​៥៥០០​គីឡូម៉ែត្រ​។ អ្នកនាំពាក្យ​សេត​វិមាន Sarah Sanders និយាយថា លោក ពូ​ទីន បានបង្ហាញ​ភស្តុតាង​នូវ​អ្វីដែល​ខ្លួន​ធ្លាប់​បដិសេធ គឺ​រុស្ស៊ី​បាន​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​បង្ក​អស្ថិរភាព​ជាច្រើន​ទសវត្សរ៍ ដែលជា​ការបំពាន​ផ្ទាល់​លើ​សន្ធិសញ្ញា​រួមគ្នា​ផង​៕


Tag:
 រុស្ស៊ី​
  អាមេរិក​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com