ជាតិ
សេដ្ឋកិច្ច
មជ្ឈមណ្ឌល​ចែកចាយ​បន្លែ​នៅ​ខេត្តកណ្ដាល និង​គម្រោង​សូត្រ បាន​ជំនួយ​ពី​ជប៉ុន​
02, Mar 2018 , 4:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្ដល់ជំនួយ​ថវិកា​សរុប​ចំនួន​ជាង ៣៨​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​ចំនួន​៤​។ ពិធី​ចុះកិច្ចសន្យា​ផ្ដល់ជំនួយ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​២​ខែមីនា​។



​គម្រោង​ទាំង​៤​នេះ រួមមាន ទី​១, គម្រោង​សាងសង់​មជ្ឈមណ្ឌល​សូត្រ ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ជំនួយ ៩​ម៉ឺន​ដុល្លារ​។ មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​កន្លែង​ស្រាវជ្រាវ​សូត្រ និង​ផលិត​ពង​ដង្កូវនាង​ដើម្បី​ផ្ដល់ជូន​កសិករ រួមទាំង​ការផ្ដល់​បច្ចេកទេស​ផ្សេងៗ​។ គម្រោង​នេះ​ត្រូវបាន​រំពឹងថា​នឹង​រួមចំណែក​ក្នុង​ការផលិត​សូត្រ​គុណភាព​ខ្ពស់ បង្កើន​ប្រាក់ចំណូល​ដល់​កសិករ និង​ធ្វើ​ឲ្យ​វិស័យ​សិប្បកម្ម​សូត្រ​បែប​ប្រពៃណី​រីកចម្រើន​។​

​ទី​២, គម្រោង​សាងសង់​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​ទទួលបាន​ជំនួយ​ជាង ១១​ម៉ឺន​ដុល្លារ​។ សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​អះអាងថា មជ្ឈមណ្ឌល​នេះ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ប្រមូលផ្ដុំ ត្រួតពិនិត្យ និង​ចែកចាយ​បន្លែ​ដំបូង​គេ​នៅ​កម្ពុជា ដែលមាន​មន្ទីរពិសោធន៍ ដើម្បី​ពិនិត្យមើល​ការជាប់​សេសសល់​នៃ​ថ្នាំ​សម្លាប់សត្វ​ល្អិត​នៅលើ​បន្លែ ដោយសារ​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​។  គម្រោង​នេះ​នឹង​រួមចំណែក​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព និង​ទំនុកចិត្ត​ទៅកាន់​ទីផ្សារ ហើយនឹង​បង្កើត​យីហោ​បន្លែ​របស់​ខេត្តកណ្ដាល​។​

​ទី​៣, គម្រោង​សាងសង់​ទ្វារ​ទឹក និង​ជួសជុល​សំណង់​លូ​ទោល​សម្រាប់​ប្រព័ន្ធធារាសាស្ត្រ​ដំរែក ខេត្ត​កំពង់​ឆ្នាំ​។ ក្រោម​ជំនួយ​ជិត ៩​ម៉ឺន​ដុល្លារ​នៃ​គម្រោង​នេះ ទំនប់ទឹក​ប្រវែង ១៥០០​ម៉ែត្រ​នឹងត្រូវ​ស្ដារ និង​ជួសជុល​នៅក្នុង​ស្រុក​រលាប្អៀរ​។ ក្រោយ​បញ្ចប់​គម្រោង​ពលរដ្ឋ​ប្រហែល ៣០០០​នាក់​នឹង​ទទួលបាន​ទឹកជា​ប្រចាំ ហើយ​ទំនប់ទឹក​នេះ​នឹងត្រូវ​ប្រើប្រាស់​ជា​ផ្លូវថ្នល់​។

​ទី​៤, គម្រោង​សាងសង់​ផ្លូវ​បេតុង នៅ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ដែល​ជប៉ុន​ផ្ដល់ជំនួយ​ជិត ៩​ម៉ឺន​ដុល្លារ​៕


© រក្សាសិទ្ធិដោយ thmeythmey.com