សិង្ហ​បុរី​មិន​បង្កើន​ប្រាក់ខែ​ឲ្យ​រដ្ឋមន្ត្រី ព្រោះ​ប្រាក់ខែ​ខ្ពស់​ស្រាប់​ហើយ​

អន្តរជាតិ
សិង្ហ​បុរី​មិន​បង្កើន​ប្រាក់ខែ​ឲ្យ​រដ្ឋមន្ត្រី ព្រោះ​ប្រាក់ខែ​ខ្ពស់​ស្រាប់​ហើយ​
16, Apr 2018 , 3:39 pm         5806
រូបភាព
គណៈរដ្ឋមន្រ្តីសិង្ហបុរី-(រូបភាពពីគេហទំព័រការិយាល័យនាយករដ្ឋមន្រ្តីសិង្ហបុរី)
គណៈរដ្ឋមន្រ្តីសិង្ហបុរី-(រូបភាពពីគេហទំព័រការិយាល័យនាយករដ្ឋមន្រ្តីសិង្ហបុរី)
​រដ្ឋាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃទី ខែមីនា បាន​ទាត់ចោល​សំណើ​បង្កើន​ប្រាក់ខែ​សម្រាប់​រដ្ឋមន្ត្រី និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី Teo Chee Hean បាន​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​ថា ប្រាក់ខែ​របស់​រដ្ឋមន្ត្រី​ដែល​ផ្លាស់ប្ដូរ​តាំងពី​ឆ្នាំ​២០១១ មក នឹង​នៅតែ​រក្សា​ដដែល ឯ​លក្ខខណ្ឌ​ដែល​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​ក្នុងការ​បង្កើន​ប្រាក់ខែ ក៏​មិន​ផ្លាស់ប្ដូរ​ដែរ​។ ទោះជា​មិន​ត្រូវបាន​បង្កើន​ប្រាក់ខែ​ក្ដី រដ្ឋមន្ត្រី​នៅ​សិង្ហ​បុរី ក៏ដូចជា​មន្ត្រី​ផ្សេងទៀត មាន​ប្រាក់ខែ​ដ៏​ខ្ពស់​រួចស្រេច​ហើយ​។​


​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១ ខែមីនា សមាជិកសភា​សិង្ហ​បុរី​បាន​ចោទសួរ​លោក​ឧបនាយករដ្ឋមន្ត្រី Teo Chee Hean ពី​ការវាយតម្លៃ​លើ​ប្រាក់ខែ​របស់​រដ្ឋមន្ត្រី ដែល​ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ឯក​រាជ្យ​។ គណៈកម្មាធិការ ដែល​បង្កើត​ក្នុង​ឆ្នាំ​២០១៧ បានស្នើ​ឲ្យ​មានការ​បង្កើន​ប្រាក់បៀវត្សរ៍​សម្រាប់​រដ្ឋ​មន្ត្រី និង​មន្ត្រី​នានា​ចំនួន​៩​ភាគរយ ដ្បិត​ទំហំ​ប្រាក់បៀវត្សរ៍​បច្ចុប្បន្ននេះ ត្រូវបាន​កំណត់​តាំងពី​ឆ្នាំ​២០១១ មកម្ល៉េះ​។ 

​យ៉ាងណាមិញ រដ្ឋាភិបាល​សិង្ហ​បុរី មិនបាន​ទទួលយក​សំណើ​ឲ្យ​បង្កើន​ប្រាក់បៀវត្សរ៍​រដ្ឋមន្ត្រី​ចំនួន​៩​ភាគរយ​ឡើយ​។ លោក Teo Chee Hean និយាយថា ចំនួន​ប្រាក់បៀវត្សរ៍​របស់​រដ្ឋ​មន្ត្រី​នឹង​រក្សា​ដដែល ហើយ​ការវាយតម្លៃ​លើ​ការដំឡើងប្រាក់បៀវត្សរ៍​នេះ​នឹង​ត្រូវធ្វើ​នៅ​៥​ឆ្នាំក្រោយ ឬ​នៅពេល​ចាំបាច់​។ បើតាម​សារព័ត៌មាន Strait Times លោក Teo បន្តថា រដ្ឋាភិបាល​សម្រេចចិត្ត​បែបនេះ ព្រោះ​ផែនការ​សម្រាប់​កំណត់​ប្រាក់បៀវត្សរ៍​មិនបាន​ផ្លាស់ប្ដូរ ខណៈ​សេដ្ឋកិច្ច​ស្ថិតនៅ​ដំណាក់កាល​អន្តរកាល​។​

​រដ្ឋមន្ត្រី​នៅ​សិង្ហ​បុរី ត្រូវ​បានដឹង​ជាទូទៅ​ថា ជា​មន្ត្រី​ដែល​ទទួលបាន​ប្រាក់បៀវត្សរ៍​ខ្ពស់បំផុត បើ​ប្រៀបធៀប​ទៅនឹង​តំណែង​ដូចគ្នា​នៅ​ប្រទេស​ផ្សេង​។ ក្នុងការ​វាយតម្លៃ​ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​សិង្ហ​បុរី​ទទួលបាន​ប្រាក់ខែ​ប្រចាំឆ្នាំ​ចំនួន​៨៣​ម៉ឺន​ដុល្លារ ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ទទួលបាន​ប្រាក់ខែ​ប្រចាំឆ្នាំ​ចំនួន​១,៧​លាន​ដុល្លារ​ឯណោះ​។ ប្រាក់បៀវត្សរ៍​របស់លោក លី គឺ​ខ្ពស់ជាង​ប្រាក់បៀវត្សរ៍​របស់​ប្រធានាធិបតី​អាមេរិក ដែលមាន​ប្រហែល​៤០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​

​តាមពិតទៅ ប្រាក់ខែ​របស់​រដ្ឋមន្ត្រី​សិង្ហ​បុរី ចែកជា​បួន​ផ្នែក គឺ MR1, MR2, MR3, MR4 ហើយ​ប្រាក់បៀវត្សរ៍​ចំនួន​៨៣​ម៉ឺន​ដុល្លារ​នេះ គឺជា​ប្រាក់ខែ​នៅ​កម្រិត MR4 ប៉ុណ្ណោះ ដែលជា​កម្រិត​ទាប​ជាងគេ​។ រដ្ឋមន្ត្រី​នៅ​កម្រិត​ខ្ពស់​ជាងគេ គឺ​MR1 ទទួលបាន​ប្រាក់បៀវត្សរ៍​ចំនួន​១,៣​លាន​ដុល្លារ​, នៅ​កម្រិត​MR2 ទទួលបាន​១,១​លាន​ដុល្លារ ឯ​កម្រិត​MR3 ទទួលបាន​៩៩​ម៉ឺន​ដុល្លារ​។​

​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​របស់​សិ​ង្ហ​បុរី​បានមកពី​ប្រភព​មួយចំនួន​ដូចជា​ប្រាក់ខែ​ចំនួន​១២​ខែ​, ប្រាក់​លើកទឹកចិត្ត​ខែ​ទី​១៣, ប្រាក់​លើកទឹកចិត្ត​សម្រាប់​ការបំពេញ​ការងារ​បី​ខែ និង​ប្រាក់​បន្ថែម​ជាតិ​។ ការទទួលប្រាក់​បៀវត្ស​រ៍​ច្រើនសន្ធឹក​សន្ធាប់​ដូចនេះ ត្រូវបាន​រដ្ឋាភិបាល​សិង្ហ​បុរី​អះអាងថា ជាការ​ទប់ស្កាត់​អំពើពុករលួយ ក៏ដូចជា​ទាក់ទាញ និង​រក្សាទុក​អ្នកជំនាញ​ដើម្បី​បម្រើការ​ក្នុង​រដ្ឋាភិបាល​។​

​ក្នុង​របាយការណ៍​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០១៧ សិង្ហ​បុរី​ឈរ​នៅ​លេខ​ទី​៦ គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​អត្រា​អំពើពុករលួយ​តិចតួច​បំផុត​។ សិង្ហ​បុរី​មាន​លេខ​រៀង​ល្អ​ជាងគេ​ក្នុងចំណោម​ប្រទេស​ទាំង​១០ នៃ​សមាជិក​អាស៊ាន​។   

​សម្រាប់​តំណែង​ផ្សេងទៀត​ក្រៅពី​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ក៏​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ខ្ពស់​ដែរ​។ ប្រធានាធិបតី​សិង្ហ​បុរី​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន​១,១​លាន​ដុល្លារ ឯ​ប្រធានសភា​វិញ​ទទួលបាន​៤១​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ចំណែកឯ​តំណែង​ឧបនាយករដ្ឋមន្ត្រី​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​ចំនួន​១,៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕
Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next