បទយកការណ៍ / បទសម្ភាសន៍
ដោយសារ​ចេះ​ខ្មាស​«​មេ​» លោក ចំណាន ក្លាយជា​នាយក​ឥណទាន​នៅ AMK
03, Mar 2018 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គន្លឹះ​មួយចំនួន បានធ្វើ​ឲ្យ​លោក ឡុង ចំណាន ផ្លាស់ប្ដូរ​ពី​បុគ្គលិក​ធម្មតា​ម្នាក់ មកជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​។ សព្វថ្ងៃ លោក ឡុង ចំណាន ជា​នាយក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន នៃ​គ្រឹះស្ថាន​ផ្ដល់​កម្ចី AMK ។



​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ឡុង ចំណាន ខាងក្រោម​នេះ​៖
 

 
 
​លោក ឡុង ចំណាន បាន​ចូល​បម្រើការ​ជា​មន្ត្រី​ឥណទាន​នៅ​គ្រឹះស្ថាន AMK នៅ​ឆ្នាំ​២០០៦ ដែល​កាលនោះ​លោក​នៅ​ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​នៅឡើយ​។ លោក​ត្រូវបាន​ដំឡើង​តំណែង​ជាច្រើន​ដង ហើយ​មុខតំណែង​ចុងក្រោយ​នេះ គឺជា​នាយក​ផ្នែក​ឥណទាន ដែលជា​តួនាទី​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​។ ការពិតទៅ លោក ចំណាន មិនមាន​ក្ដី​ប្រាថ្នា​កាន់​តួនាទី​ជា​ថ្នាក់ដឹកនាំ​អ្វី​ឡើយ កាលពី​ចូលធ្វើការ​ដំបូង ពោលគឺ​លោក​លៃលក​ឲ្យ​តែមាន​ការងារ​ធ្វើ​សិន​។ លុះ​បម្រើការ​បាន​មួយរយៈ លោក​ចាប់ផ្ដើម​មានចិត្ត​ស្រលាញ់​វិស័យ​ធនាគារ និង​ចង់​ក្លាយជា​អ្នកចូលរួម​ធ្វើ​សេចក្ដីសម្រេចចិត្ត​របស់​ក្រុមហ៊ុន​។​
 
​តើ​មាន​ចំណុច​គន្លឹះ​អ្វីខ្លះ ដែល​ដឹកនាំ​ជីវិត​ការងារ​លោក ឡុង ចំណាន ឲ្យ​មាន​ភាពជោគជ័យ​ជា​បណ្ដើរៗ​មកទល់​សព្វថ្ងៃ​?
«​នៅពេល​ថ្នាក់លើ​ដាក់​ការងារ​ឲ្យ​ធ្វើ តែ​ធ្វើ​មិនបាន​ជោគជ័យ ឬ​ធ្វើ​មិនបាន​តាម​ផែនការ​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស​មេ និង​អៀន​បុគ្គលិក​។ ហើយ​អារម្មណ៍​នេះ ធ្វើ​ឲ្យ​ខ្ញុំ​ប្រឹងប្រែង​រក​វិធី​ធ្វើការ​ឲ្យ​បាន​ជោគជ័យ​ដល់​ខ្លួន​ខ្ញុំ និង​ស្ថាប័ន​»​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក ឡុង ចំណាន ។ 
  
 
​តាំងពី​ពេល​នៅ​ជា​បុគ្គលិក​មក​ម្លេះ លោក ចំណាន មាន​ទម្លាប់​ធ្វើការ​ឲ្យ​រួចរាល់ ទើប​ស្រលះ​ចិត្ត​។ «​លុះត្រាតែ​ធ្វើការ​នោះ​ឲ្យ​ចប់ បាន​ខ្ញុំ​មាន​អារម្មណ៍​ស្រួល​ក្នុង​ខ្លួន ហើយ​មិនបាច់​មេ​មក​បង្ខិតបង្ខំ​នោះទេ​»​។ នេះ​ជាការ​ថ្លែង​របស់លោក ចំណាន ដែល​អះអាងថា នេះ​ជា​កត្តា​មួយទៀត​ដែល​ធ្វើ​ឲ្យ​លោក​ធ្វើការ​បាន​រលូន និង​ធ្វើ​ឲ្យ​ថ្នាក់លើ​បាន​មើលឃើញ​ពី​សមត្ថភាព និង​ការប្រឹងប្រែង​របស់លោក​។​
 
​ជាជាង​ការ​ប្រកែក មិន​ព្រមធ្វើ​គម្រោង​ការងារ​ថ្មីៗ លោក ចំណាន​និយាយ​ពី​ពិសោធន៍​របស់ខ្លួន​ថា ទទួល​ធ្វើ​សិន ហើយ​បើ​រកឃើញ​ចំណុច​ខ្វះខាត ចាំ​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ឲ្យ​កែប្រែ​។ លោក​លើកឡើង​ដូចនេះ​ថា​៖«​អ្វីដែល​ដាក់​មកពី​ថ្នាក់លើ ខ្ញុំ​មិន​ព្យាយាម​ប្រកែក​នោះទេ ខ្ញុំ​យកទៅអនុវត្ត ហើយ​បើ​ជួប​បញ្ហា​ត្រង់ណា​ត្រូវ​យកមក​និយាយ​ជាមួយ​ថ្នាក់លើ​វិញ​។ ខ្ញុំ​មិន​ជឿថា ក្រុមហ៊ុន​មួយ​មិន​កែ​ផលិតផល​ដើម្បី​ឲ្យ​សមស្រប​អាច​លក់បាន​នោះទេ​»​។ ផ្ទុយ​មកវិញ បើ​បុគ្គលិក​បដិសេធ​គម្រោង​ថ្មី គេ​នឹង​គ្មានអ្វី​ទៅ​ជជែក​ជាមួយ​ថ្នាក់​គ្រប់គ្រង​ឡើយ ព្រោះថា​គេ​មិនទាន់បាន​ចុះ​អនុវត្ត​ផង​នោះ​។ លោក ចំណាន បន្ថែម​បែបនេះ​។​
 
​មិន​ត្រឹមតែ​ចាំ​ទទួល​ផែនការ​ពី​ថ្នាក់លើ តែ​លោក ចំណាន ហ៊ាន​ស្នើ​ធ្វើ​លើស​ផែនការ បើសិន​ឃើញ​ឱកាសល្អ​ដល់​ក្រុមហ៊ុន​។ 
 
​តើ​មាន​ឧបសគ្គ ដែល​លោក ឡុង ចំណាន ជួបប្រទះ​ក្នុង​រយៈពេល ១១​ឆ្នាំ​នេះដែរ​ទេ​? លោក​ដោះស្រាយ​ដូចម្ដេច​?
​មុន​បានមក​អង្គុយ​ក្នុង​ការិយាល័យ​មាន​ម៉ាស៊ីនត្រជាក់ លោក ចំណាន ដែលជា​អ្នកទីក្រុង បាន​ជម្នះ​ចិត្ត​ម្ដាយ ទៅធ្វើ​ការ​នៅ​តំបន់​ដាច់ស្រយាល​តាម​ទីជនបទ​ក្នុងនាម​ជា​ភ្នាក់ងារឥណទាន​។ 
 
​ទំនងជា​ងាយស្រួល​ជាង​បើ​រៀន​ផ្នែក​ធនាគារ ហើយ​មក​ធ្វើការ​ក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ តែ​ចំពោះ​លោក ចំណាន មិនបាន​រៀន​ផ្នែក​នេះ​ពីមុនមក​ទេ​។ ទោះយ៉ាងណា អតីត​និស្សិត​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​រូប​នេះ ឲ្យ​ដឹងថា សំខាន់​បុគ្គល​ផ្ទាល់ខ្លួន​ប្រឹង​ខ្នះខ្នែង​ចាប់យក​អ្វីដែល​ថ្មី​។ លោក​មានប្រសាសន៍​យ៉ាងនេះ​ថា​៖«​តើ​យើង​បើក​ចិត្ត​រៀន ឬ​អត់​ទេ​? បើក​ចិត្ត​ទទួល (​អ្វី​ថ្មី​) ដែរ​ទេ​? ព្រោះ​ចូលធ្វើការ​ក្នុង​ស្ថាប័ន​ណា ក៏​គេ​បង្រៀន​យើង​ដែរ​។ ពេល​ខ្ញុំ​ចូលធ្វើការ​ដំបូង អាច​ដល់​ម៉ោង​២​ម៉ោង​៣​ជិត​ភ្លឺ ដើម្បី​ប្រឹងរៀន ប្រឹង​ធ្វើឯកសារ​ឲ្យ​ត្រូវ ព្រោះ​ខ្ញុំ​មិនមាន​ជំនាញ​នេះ​ពីមុនមក​ទេ​»​។ នេះ​ជា​ឧបសគ្គ ពេល​លោក​ចូលធ្វើការ​ក្នុង​ឆ្នាំ​បូ​ងៗ​។ 
 
​លោក ចំណាន ក៏បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ​ផងដែរ​។ នេះ​បើ​និយាយ​ពី​កម្រិត​សញ្ញាបត្រ​របស់លោក​។​
​តែ​ក្រោយមក​លោក ចំណាន ត្រូវបាន​ផ្ដល់​តំណែង​កាន់តែ​ខ្ពស់ជាង​មុន ហើយ​ការទទួលខុសត្រូវ​ក៏​ធំ​ជាង​មុន ពោលគឺ​មិន​ត្រឹមតែ​ចាំ​ទទួល​ផែនការ តែ​ត្រូវយក​ផែនការ​ទៅ​ពន្យល់​បុគ្គលិក​ក្រោម​មុខងារ​របស់ខ្លួន​។ លោក​ចាត់ទុក ការបង្ហាញ​ផ្លូវ​ដល់​បុគ្គលិក​មុននឹង​ដាក់​ឲ្យ​ធ្វើ​គម្រោង គឺជា​ភាពចាំបាច់ ក្នុងការ​ជំរុញ​ការងារ​ឲ្យ​ទៅមុខ​។​
 
​ឧបសគ្គ​ធំ​មួយ តែ​ក្រោយមក​ក៏​ក្លាយជា​សមិទ្ធផល​មិនអាច​បំភ្លេចបាន ដែល​លោក ចំណាន សម្រេចបាន​ជូន​ក្រុមហ៊ុន នោះ​គឺ​ការលក់​ផលិតផល​ឥណទាន ដែល​ធ្លាប់តែ​ផ្ដល់​សេវា​នៅ​ជនបទ តែ​ត្រូវ​យកមក​ភ្នំពេញ​។ ពេលនោះ​លោក​ត្រូវបានតែងតាំង​ជា​ប្រធាន​សាខា​របស់ AMK ដំបូង​នៅ​ភ្នំពេញ​។ លោក ចំណាន ឲ្យ​ដឹងថា ជាការ​លំបាក ចំពោះ​ការផ្ដល់​សេវាកម្ម​ឥណទាន​តូចៗ ដែល​ធ្លាប់តែ​ពេញនិយម​នៅ​ស្រុកស្រែ  សម្រាប់​បម្រើ​ឲ្យ​អ្នកទីក្រុង​។ តែ​ពេលនោះ​លោក​ធ្វើបាន​ជោគជ័យ ដោយ​លោក​បានឃើញ​ឱកាស​ពី​អ្នករស់នៅ​ក្នុង​សំណង់​អនាធិបតេយ្យ ដែល​ត្រូវការ​កម្ចី​ស្ដួច​ស្ដោ​ង​ទាំងនេះ​។​
 
​លោក ចំណាន និយាយ​ដូចនេះ​ថា​៖«​ពេលនោះ​ជា​ឧបសគ្គ តែ​ផ្គួប​ផ្សំ​នឹង​ការសប្បាយ​ចិត្ត​ព្រោះ​ក្រុមហ៊ុន​ទុកចិត្ត​រូបខ្ញុំ​។ តែ​ខ្ញុំ​អត់​ទាន់​និយាយថា​លំបាក​ទេ គឺ​ខ្ញុំ​ធ្វើ​សិន​។ ខ្ញុំ​សប្បាយចិត្ត​ដែល​បានធ្វើ​ឲ្យ​សាខា​ភ្នំពេញ​មួយ​ជោគជ័យ​»​។​
 
«​អ្នក​បោះបង់​មិនដែល​ជោគជ័យ​ទេ តែបើ​យើង​នៅ​អង្គុយ​ធ្វើ អង្គុយ​កែច្នៃ​ទាំងអស់គ្នា រឿង​ប្រាកដជា​ជោគជ័យ​កើតមក​លើ​យើង បើ​មិន​ជោគជ័យ​ក៏បាន​បទពិសោធន៍​ពី​នោះដែរ វា​អត់​មាន​ខាត​ឡើយ​»​។ នេះ​ជា​យល់ឃើញ​របស់​នាយក​ឥណទាន​រូបនេះ​។​
 
​ក្រៅពី​ចំណុច​ខាងលើ លោក ឡុង ចំណាន មាន​ទម្លាប់​ជជែក​សួរ ដេញដោល ក្នុងពេល​ធ្វើការ​។ លោក​សួរនាំ​បុគ្គលិក​ពី​សកម្មភាព​ការងារ និង​សួរ​ទៅ​ថ្នាក់លើ​ជាប្រចាំ​។ លោក​ចាត់ទុក​ការពិភាក្សា​ដេញដោល​ក្នុង​ក្រុមហ៊ុន​ជាប្រចាំ និង​ភ្លាមៗ​តាម​កាលៈទេសៈ គឺជា​រឿង​ល្អ​សម្រាប់​ការរីកចម្រើន​ក្នុង​ក្រុមហ៊ុន​៕
 

 

Tag:
 ឡុង ចំណាន​
  AMK
© រក្សាសិទ្ធិដោយ thmeythmey.com