ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន រិះគន់​ទូរទស្សន៍​ជាតិ ដែល​ផ្សាយ​ព័ត៌មាន​ខុស​បច្ចេកទេស​
04, Mar 2018 , 10:09 am        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ទូរទស្សន៍​ជាតិ ដែល​ចេញផ្សាយ​ព័ត៌មាន​ខុស​បច្ចេកទេស ជុំវិញ​ដំណើរ​របស់​សម្ដេច ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅក្នុង​ខេត្ត​ព្រះសីហនុ ។ បញ្ហា​ដែល​សម្ដេច ហ៊ុន សែន បាន​តាមដាន និង​កត់សម្គាល់​នោះ គឺ​ខ្លឹមសារ​ព័ត៌មាន​របស់​ទូ​រទស្ស​ន៍​ជាតិ ផ្ទុយ​ពី​សកម្មភាព​ជាក់ស្ដែងរ​បស់​សម្ដេច ពោលគឺ​ផ្សាយ​ខុស​បច្ចេកទេស ត្រង់​ថា នាយករដ្ឋមន្ត្រី ជួប​កម្មករ​នៅ​ខេត្ត​ព្រះសីហនុ បែរជា​ផ្សាយ​នៅ​ខេត្តកំពង់ស្ពឺ​ទៅវិញ​។​


 
​រីឯ​ចំណុច​ខ្វះខាត​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​បញ្ហា​ចាប់​ប្លង់​រូបភាព​វិ​ដេ​អូ ដែល​សម្ដេច ហ៊ុន សែន មើលឃើញថា មាន​បច្ចេកទេស​អន់ នៃ​ការកាត់ត​រូបភាព​វិ​ដេ​អូ​ផ្ទុយ​ពី​ខ្លឹមសារ ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​៤ មីនា​នេះ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖«​អត់​កែ​ម៉​ង ផ្លាស់​អា​មេ​មួយ​ហើយ ចូល​អា​មេ​មួយទៀត នៅ​ដដែល​។ អត់​ទេ ថែមលុយ​ឲ្យ​ប៉ុន្មាន​នៅតែ​ប៉ុណ្ណឹង ដូចនេះ​គ្រាន់តែ​ដាស់តឿន​។ ហេតុអ្វី​ឯង​និយាយ​នៅ​កំពង់សោម ចេញផ្សាយ​ព័ត៌មាន​នៅ​កំពង់ស្ពឺ អញ​ដូច​អត់​យល់​…​។ សូម​បង្អាប់​ទូរទស្សន៍​ជាតិ​បន្ថែមទៀត​ចុះ អត់​ឡើង​តែម្ដង ហើយ​វា​អស់ហើយ កម្រិត​មេដឹកនាំ​អំណាច​ខ្ពស់បំផុត​របស់​ប្រទេស គឺ​អំណាច​នាយករដ្ឋមន្ត្រី ។ ពិតមែនតែ​លំដាប់​វិធី​ការ​របស់​វា​គឺ​ផ្សេង ប៉ុន្តែ​លំដាប់​អំណាច​គឺ​លំដាប់​កំពូល​ហើយ គេ​យកចិត្តទុកដាក់​(​ផ្សព្វផ្សាយ​)​ណាស់ លើ​បញ្ហា​នេះ​។ ទី​២ បើ​ថា Montage (​កាត់ត​រូបភាព​វីដេអូ​) គឺថា Montage ឲ្យ​វា​ត្រូវ ។ ព្រោះ Montage ពេលខ្លះ ដាក់​ចំ​មុខ​គេ​ចំហ​មាត់ ហើយ​នៅពេល​គេ​សើច ដាក់​ចំ​អា​មុខ​ក្រ​ម៉ូ​វ​មួយ​មកវិញ​»​។​
 
​បន្ថែម​ពីនេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាស់តឿន​ដល់​ទូរទស្សន៍​ដទៃទៀត ឲ្យ​ប្រុងប្រយ័ត្ន​ដល់​ការចេញផ្សាយ​អត្ថបទ​ព័ត៌មាន​ផងដែរ លើ​បញ្ហា​បច្ចេកទេស​កាត់ត​វីដេអូ​នេះ​៕

Tag:
 ​ហ៊ុន សែន​
  ទូរទស្សន៍​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com