ជាតិ
សង្គមជាតិ
រដ្ឋាភិបាល ហាម​ក្រុមហ៊ុន​នាំចូល​ផលិតផល​ម្សៅ Buckwheat Flour ពី​បារាំង
04, Mar 2018 , 2:29 pm        
រូបភាព
ដោយ:
 ​ក្រសួងពាណិជ្ជកម្ម ហាម​ក្រុមហ៊ុន និង​អាជីវករ នាំចូល និង​ចែកចាយ​ផលិតផល​ម្ស៉ៅ Buckwheat Flour ដែលជា​ផលិតផល​របស់​បារាំង នៅ​លី​ទីផ្សារ​ប្រទេស​កម្ពុជា​។ ការហាមឃាត់​នេះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម រកឃើញថា ផលិតផល​ម្ស៉ៅ Buckwheat Flour មាន​ផ្ទុក​សារធាតុពុល ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​។​

 
​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន និង​អាជីវករ ប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​ម្សៅ buckwheat flour ដែល​ផលិត​នៅ​ប្រទេស​បារាំង និង​មាន​ម៉ាក​យីហោ Natur’Avenir បន្ទាប់ពី​រកឃើញថា ផលិតផល​នេះ​មាន​សារធាតុ Tropane alkaloids ដែលមាន​ប្រភពពី​រុក្ខ​ជាតិពុល Datura​។​
 
 
​តាម​សេចក្តីជូនដំណឹង​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា​៖« ម្សៅ Buckhwheat Flour  ដែលជា​ផលិតផល​របស់​បារាំង មាន​ផ្លាក​យីហោ​ឈ្មោះថា Natur’Avenir  សម្រាប់​ប្រើប្រាស់​ជា​វត្ថុធាតុដើម ដូចជា គុយទាវ មី នំ នំ​បុ័ង ស្រា​បៀរ និង​ភេសជ្ជៈ​។​ល​។  ការដែល​បរិ​ភាគ​អាហារ​ដែលមាន​ផ្ទុក​សារធាតុ​ទាំងនេះ នឹង​បណ្តាលឱ្យ​គ្រោះ​ថា្នក់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​»​។​
 
​ជាមួយគ្នា​អគ្គនាយកដ្ឋាន​កាំកុងត្រូល កំពុង​ចាត់វិធានការ​រាំងខ្ទប់​ការនាំ​ចូល​ផលិតផល​ម្ស៉ៅ buckwheat flour​នេះ តាមរយៈ​ផ្តល់ព័ត៌មាន ដល់​ក្រុមហ៊ុន​នាំចូល​អាជីវករ​លក់ដុំ និង​រាយ​នៅលើ​ទីផ្សារ​កម្ពុជា​។ អគ្គនាយដ្ឋាន​កាំកុងត្រូល នឹង​ត្រួតពិនិត្យ​នៅតាម​ទីផ្សារ​ធំ​-​តូច ផ្សារ​ទំនើប ហើយ​ប្រសិនបើ​ក្រុមហ៊ុន និង​អា​ជីករ បន្ត​ដាក់តាំង​លក់​ផលិតផល​ប្រភេទ​ខាងលើនេះ អាជ្ញាធរ​នឹង​ប្រើ​វិធានការ​តាម​នីតិវិធី​។​
 
​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់​ពលរ​ដ្ឋ​កម្ពុជា កុំឱ្យ​ប្រើប្រាស់​ម្សៅ Buckweat Flour ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ជា​ជាយថាហេតុ​ផងដែរ​៕
 
 

 

Tag:
 អគ្គនាយកដ្ឋាន​កាំកុងត្រូល​
  Buckwheat Flour
© រក្សាសិទ្ធិដោយ thmeythmey.com