ជាតិ
ព័ត៍មានសុខភាព
សុខភាព
ការផ្អាក​សេវា​ស្ម័គ្រចិត្ត​តាម​ភូមិ​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​ករណី​ជំងឺគ្រុនចាញ់​កើនឡើង​ទ្វេ​
04, Mar 2018 , 10:30 pm        
រូបភាព
ហ្វេវប៊ុកក្រសួងសុខាភិបាល
ហ្វេវប៊ុកក្រសួងសុខាភិបាល
ដោយ: ថ្មីៗ &
នៅ​ឆ្នាំ ២០១៧ ពលរដ្ឋ​កម្ពុជា កើត​ជំងឺគ្រុនចាញ់ សរុប​ចំនួន ៤៥,៩៩១​ករណី ពោលគឺ​កើនឡើង ៩៥​ភាគរយ នេះ​បើ​បៀ​ប​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ អ្នកជំងឺ​មាន​ចំនួន​ត្រឹមតែ ២៣,៦២៧​ករណី​។ ការផ្អាក​សេវាកម្ម​អ្នកស្ម័គ្រចិត្ត​ភូមិ​នៅតាម​សហគមន៍ គឺជា​កត្តា​ចម្បង​មួយ​។​

 
​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នៃ​ក្រសួងសុខាភិបាល បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ខ្លួន កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ កន្លងមក នៅ​ខេត្តសៀមរាប​។ លទ្ធផល​សរុប​កាលពី​ឆ្នាំ​២០១៧ បាន​បង្ហាញថា តួលេខ​អ្នក​កើត​ជំងឺគ្រុនចាញ់ បាន​កើនឡើង​ជិត​ទ្វេដង ពោលគឺ​រហូតដល់​ទៅ​៩៥​ភាគរយ​។​
 
​លទ្ធផល​បែបនេះ បាន​តម្រូវ​ឲ្យ​មន្ត្រី​ត្រូវ​ពង្រឹង​ការងារ​ខ្លួន​បន្ថែមទៀត ក្នុងការ​អនុវត្ត​ការងារ​នៅ​ឆ្នាំ​២០១៨​។ «​សេវា​អ្នកស្ម័គ្រចិត្ត​ភូមិ​នៅ​សហគមន៍​ត្រូវបាន​ផ្អាក​ស្ទើរតែ​ទាំងស្រុង​នៅ​ទូទាំងប្រទេស ដែល​អាចជា​ហេតុ​ធ្វើ​ឲ្យ​អ្នកជំងឺ នៅ​សហគមន៍​ទៅ​ទទួល​សេវា​ព្យាបាល​យឺតយ៉ាវ និង​បង្កលក្ខណៈ​ឲ្យ​អត្រា​ចំលង​ប៉ារ៉ាស៊ីត ដោយ​មូស​ដែកគោល​កើនឡើង​ខ្ពស់​»​។ នេះ​បើតាម​ការលើកឡើង​ក្នុង​របាយការណ៍​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ ប្រសិទ្ធភាព​មុង​ជ្រលក់​ថ្នាំ​ដល់​អាយុកាល បន្ទាប់ពី​ប្រើប្រាស់​ប្រាស់​រយៈពេល ៣​ឆ្នាំ និង​មានការ​រហែក​ច្រើន​។ អាកាសធាតុ​មានការ​ប្រែប្រួល ដោយមាន​ភ្លៀង​ធ្លាក់​អូសបន្លាយ​ពេល​យូរ ដែល​អាចជា​កត្តា​ធ្វើ​ឲ្យ​មាន​ភាព​អំណោយផល ដល់​ការកកើត​របស់​ភ្នាក់ងារ​ចម្លង​ផងដែរ​។ ម្យ៉ាងវិញទៀត ប្រជាជន​ចល័ត មានការ​តាំងទី​លំនៅស្ថាន​ថ្មី​នៅ​តំបន់​អភិវឌ្ឍន៍​ថ្មីៗ នៅ​កន្លែង​ប្រឈម​ការចំលង​ជំងឺគ្រុនចាញ់​ខ្ពស់​។ 
 
«​ការផ្លាស់ប្តូរ​ថ្នាំ​ថ្មី​ជំនួស​ថ្នាំ​ចាស់ ដែល​ស៊ាំ​មានការ​យឺតយ៉ាវ​ប្តូរ​ពី DHA-PIP ទៅ AS-MQ និង​ការងារ​អប់រំ​សុខភាព​នៅ​ឆ្នាំកន្លងមក មិនសូវមាន​សន្ទុះ​ខ្លាំងក្លា ដោយ​កញ្ចប់​ថវិកា​មិនមែន​គ្រប់គ្រង​ផ្ទាល់​ដោយ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​»​។ នេះ​តាម​ការបញ្ជាក់ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ ។​
 
​លោក ហ៊ុយ រ៉េ​កុល បាន​បញ្ជាក់ថា កម្ពុជា​នឹង​លុបបំបាត់​ជំងឺគ្រុនចាញ់ ដោយ​ធ្វើ​ឲ្យ​អត្រា​អាំង​ស៊ី​ដង់​ជំងឺ​មក​នៅត្រឹម ម្នាក់​ក្នុងចំណោម​មនុស្ស ១,០០០​នាក់ ចាប់ពី​ឆ្នាំ​២០១៨​ទៅ នៅ​ខេត្ត​ចំនួន​៦ គឺ​ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ធំ សៀមរាប ប៉ៃលិន និង​កំពង់ស្ពឺ​។​
 
​បន្ថែម​ពីលើ​នេះ លោក​បានលើកឡើង​ពី​កិច្ចសហការ និង​ជំរុញ​ឲ្យ​សេវា​សហគមន៍ (​អ្នកស្ម័គ្រចិត្ត​ភូមិ​ព្យាបាល​ជំងឺគ្រុនចាញ់ និង​សេវា​ឯកជន​) ឲ្យ​បាន​ដំណើការ​ប្រក្រតី​ឡើងវិញ ១០០​ភាគរយ រួមទាំង​ការរៀបចំ​ចែក​មុង​ជ្រលក់​ថ្នាំ​ប្រសិទ្ធភាព​បានយូរ ក្នុងនោះ​មាន​មុង​គ្រែ និង​មុង​អង្រឹង ដល់​ប្រជាជន​គោលដៅ និង​ប្រជាជន​ចល័ត​ស្រុក​៕
 

Tag:
 គ្រុនចាញ់​
  ហ៊ុយ រ៉េ​កុល
© រក្សាសិទ្ធិដោយ thmeythmey.com