អន្តរជាតិ
នាវា​ដឹក​យន្តហោះ​អាមេរិក​ចូល​ចត​នៅ​វៀតណាម​ជា​លើកដំបូង ក្រោយ​សង្គ្រាម​វៀតណាម​
05, Mar 2018 , 3:11 pm        
រូបភាព
នាវាដឹកយន្តហោះអាមេរិក USS Carl Vinson (រូបភាព៖ AFP)
នាវាដឹកយន្តហោះអាមេរិក USS Carl Vinson (រូបភាព៖ AFP)
​នាវា​ដឹក​យន្តហោះ​អាមេរិក USS Carl Vinson បាន​ចូល​ចត​នៅឯ​កំពង់ផែ​ដា​ណា​ង នៅ​ថ្ងៃទី​៥ ខែមីនា​។ នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​៤៣​ឆ្នាំក្រោយ​ចប់​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២ ដែល​នាវា​ដឹក​យន្តហោះ​អាមេរិក​ចូល​ចត​នៅ​ទឹកដី​វៀតណាម​។ វត្តមាន​នាវា​អាមេរិក​ពេលនេះ បង្ហាញ​ពី​ការ​ខិតជិត​គ្នា​រវាង​អតីត​គូសត្រូវ​ទាំងពីរ ខណៈដែល​វៀតណាម​ចង់​ប្រើប្រាស់​អាមេរិក​ដើម្បី​ថ្លឺ​ង​ថ្លែង​ឥទ្ធិពល​ជាមួយ​ចិន ដែល​កំពុង​កើនឡើង​ខ្លាំង​។​



​នាវា​ដឹក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ USS Carl Vinson នឹង​ឈប់​សំចត​នៅ​ទឹកដី​វៀតណាម​រយៈពេល​៥​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៥ ខែមីនា​ទៅ​។ នេះ​ជា​លើកទីមួយ​ចាប់តាំងពី​ឆ្នាំ​១៩៧៥ ដែល​នាវា​ធុន​ធ្ងន់​របស់​អាមេរិក​ចូល​ចត​នៅ​កំពង់ផែ​របស់​វៀតណាម​។ កំពង់ផែ​ដា​ណា​ង គឺជា​ទីតាំង​ឡើងគោក​របស់​ទាហាន​អាមេរិក​កាលពី​ជាង​៤០​ឆ្នាំមុន ដើម្បី​ប្រយុទ្ធ​ក្នុង​សង្គ្រាម​វៀតណាម ដែល​សម្លាប់​មនុស្ស​រាប់​លាន​នាក់​។​

​ទោះ​ធ្លាប់​ប្រយុទ្ធ​ស៊ីសាច់ហុតឈាម​នាពេល​កន្លងមក​ក្ដី ទំនាក់ទំនង​រវាង​វៀតណាម និង​អាមេរិក បាន​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​។ ការ​ទៅដល់​នៃ​នាវា​ដឹក​យន្តហោះ USS Carl Vinson ជាស​ញ្ហា​បង្ហាញ​ពី​ភាព​រីកចម្រើន​ក្នុង​ទំនាក់ទំនង​យោធា​ទ្វេភាគី​ប្រទេស​ទាំងពីរ​នេះ​។ ហើយ​វា​ក៏​ជា​សារ​ជាក់លាក់​មួយ​ទៅកាន់​ក្រុង​ប៉េកាំង ដែល​កំពុងមាន​ជម្លោះ​មិន​ដាចស្រេច​ជាមួយ​ក្រុង​ហាណូយ​លើ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។

​ដូច​ដឹង​ស្រាប់ ចិន​បានទាមទារ​តំបន់​សមុទ្រ​នេះ​ស្ទើរ​ទាំងស្រុង​ទៅហើយ មិន​ថា​តំបន់​ថ្ម​ប៉ប្រះ​ទឹក ឬ​ប្រជុំ​កោះ​ឡើយ​។ ចំណែកឯ​វៀតណាម ដែលជា​ភាគី​មួយ​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​បួន បានទាមទារ​សិទ្ធិ​គ្រប់គ្រង​ប្រជុំ​កោះធំ​ពីរ គឺ Paracel និង Spratly ។ ប៉ុន្តែ​វៀតណាម​មិនអាច​ប្រជែង​ជាមួយ​ចិន ដែលមាន​ឥទ្ធិពល​យោធា​លើសលប់​បានទេ​។ វៀតណាម​បាន​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​អាមេរិក ដោយ​សង្ឃឹមថា អាមេរិក​អាច​ទប់ស្កាត់​មហិច្ឆតា​វាតទី​របស់​ចិន​បាន​។​

​បើ​និយាយ​ពី​ជម្លោះ​នៅ​តំបន់​ប្រទាញប្រទង់​មួយ​នេះ អាមេរិក​មិន​ភាគី​ពាក់ព័ន្ធ​អ្វី​សោះឡើយ​។ ប៉ុន្តែ​ជារឿយៗ អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង ឬ​យន្តហោះ​ទៅកាន់​តំបន់​នោះ​ក្រោម​ហេតុផល​អនុវត្ត​សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​។ សកម្មភាព​របស់​អាមេរិក គឺជា​ការប្រឆាំង​មហិច្ឆតា​យ៉ាងច្បាស់​តែម្ដង​។ នាវា​ដឹក​យន្តហោះ USS Carl Vinson នេះ​ទៀតសោត តែងមាន​មុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ញឹកញាប់ ដែល​ធ្វើ​ឲ្យ​ចិន​មិនសូវ​រីករាយ​ឡើយ​។​

​យ៉ាងណាមិញ ក្រុង​ហាណូយ​បាន​ប្រុងប្រយ័ត្ន​ចំពោះ​ការទំនាក់ទំនង​ជាមួយ​មហាអំណាច​ទាំងពីរ​។ ម្ខាង គឺជា​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ និង​ជា​អ្នកជិតខាង ទោះ​ជាមាន​ជម្លោះទឹកដី និង​ម្ខាង​ទៀត គឺ​អាមេរិក ដែល​វៀតណាម​ត្រូវការ​ដើម្បី​ធ្វើជា​កូនជញ្ជីង​រក្សា​តុល្យភាព​ជាមួយ​ចិន​។ ស្របគ្នា​នឹង​ការព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​ចិន វៀតណាម​បាន​បន្ត​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​ដោយបាន​ទិញ​សម្ភារ​ច្រើន​ពី​អាមេរិក ឥណ្ឌា និង​អ៊ីស្រាអែល​ផងដែរ​៕


Tag:
 វៀតណាម​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com