ពីនេះ ពីនោះ
ពាក្យ​ណាខ្លះ​ដែល​មានន័យ​ដូចនឹង​«​ស្រី​» ?
07, Mar 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ស្រី​» មានន័យ​ម្យ៉ាង​ទៀតថា​ជា «​ស្ត្រី​» ឬ​«​នារី​»​។ ពាក្យ​ទាំងនេះ សម្គាល់ថា​ជា មនុស្ស​មាន​ភេទ​ទីទៃ​ពី​ប្រុស ឬ​ទីទៃ​ពី​ខ្ទើយ​។ វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងនេះ សម្រាប់​ប្រើ​ក្នុងន័យ​ជា​ស្រី​ប្រុស ឬ​ប្រុស​ស្រី មិនមែន ស្រី្ត​ប្រុស ឬ​ប្រុស​ស្ត្រី​ទេ​។

 

​ក្រៅពី​ពាក្យ «​ស្រី្ត​»​ឬ​«​នារី​» ដែល​មានន័យ​ដូចនឹង​ពាក្យ «​ស្រី​» ក៏​នៅមាន​ពាក្យ​ផ្សេងទៀត​ដែល​បញ្ជាក់​ន័យ​ដូចនឹង​ពាក្យ «​ស្រី​» ផងដែរ​។ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា «​សិរី​» ខ្មែរ​យើង​ប្រើ​ជា​ពាក្យ​រួមជាមួយ​ដើម​សព្ទ​ដទៃ​គឺ សិរីសោភា ប្រែ​មក​ថា ស្រី​សោភា​។​

 វចនានុក្រម​ខ្មែរ​បានបញ្ជាក់ និង​កំណត់​ពាក្យ​ម្យ៉ាង​ទៀតថា  កន្យា ឬ​កញ្ញា ជា​ស្រី​ក្រមុំ​តូច​, ស្រី​ជំទង់​។ «​ទេវី , ទេពី ឬ​រាជិនី​» សំដៅ​ដោយ ស្ត្រី​ជា​ភរិយា​នៃ​ក្សត្រ​ទ្រង់​រាជ្យ ឬ​មហេសី ឬ​អគ្គមហេសី​។

«​បុត្រី​» ជា​កូន​ស្តេច​។ ពាក្យ​ថា «​ធីតា​» សំដៅ​ដោយ​កូនស្រី​រាស្ត្រ​ធម្មតា​។ ពាក្យ​ទាំងនេះ សុទ្ធតែ​សម្គាល់ថា​ជា​កូនស្រី​។ ចំណែកឯ​ពាក្យ «​នាង​» សម្គាល់ថា​ជាម​នុស្ស​ស្រី​ផង និង​ប្រុស​ផង​។ ដូចជា នាង​ទៅណា​? អានាង​ទៅណា​?

​ន័យ​ម្យ៉ាង​ទៀតថា «​ញី​» ដែលមាន​ភេទ​ជា​ស្រី តែ​ប្រើ​ចំពោះតែ​សត្វ​តែប៉ុណ្ណោះ​។ ចំណែក​ពាក្យ យុវតី​, យុវនារី​, កុមារី​, បេ​ក្ខ​នារី​, កម្មការិនី​, អ្នកស្រី​, លោកស្រី​, លោកជំទាវ​, មីង​, អ៊ី​, យាយ​, ម៉ាក់​, បងប្អូន​ស្រី​។​ល​។ ពាក្យ​ទាំងអស់នេះ​បង្ហាញថា​ជា​ភេទ​ស្រី​។

​ភាសា​សាមញ្ញ​ស្ត្រី​ដែលមាន​គ្រួសារ មាន​នាម​ជា​«​ប្រពន្ធ​»​។ នៅក្នុង​ពាក្យកាព្យ​របស់​សម្តេចព្រះ​សង្ឃរាជ ជួន ណាត បាន​លើកឡើងថា​៖«​ស្រី​ប្រុស​ទាំង​ទ្វី ជា​គូ​មាន​ពី​បុរាណ​ព្រេងនាយ ស្រី​ជា​ប្រពន្ធ ប្រុស​ទោះ​សម្ទាយ បណ្ឌិត​ទាំងឡាយ ឲ្យ​ឈ្មោះថា​ប្ដី​។ សំណាប​យោង​ដី រីឯ​ស្រីៗ យោង​ប្រុស​សាមាន្យ ទោះ​មារយាទ​ខ្សោយ ក៏ដោយ​បើ​បាន​ស្រី​មាន​សន្តាន ខ្ជាប់ខ្ជួន​មួន​មាំ តែង​បាន​ចម្រើន ទ្រព្យា​កើត​កើន ព្រោះ​ស្រី​ថែទាំ ចាត់ចែង​ទុកដាក់ ចេះ​លាក់​សន្សំ សង្វាត​ខិតខំ រក្សា​ឲ្យ​គង់​។ ប្ដី​ជា​អ្នករក ទ្រព្យធន​បានមក ប្រពន្ធ​ទុកដាក់ ចាស់ទុំ​បុរាណ បាន​ពោល​បញ្ជាក់ ឲ្យ​នាង​ឲ្យ​អ្នក ចងចាំ​គ្រប់​ប្រាណ​»៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com