កីឡាអន្តរជាតិ
អន្តរជាតិ
អាយុ៩២ឆ្នាំទៅហើយ តែលោកយាយ Ramos នៅបង្ហាត់ក្មេងឲ្យលេងបាល់ទាត់
× ជាមួយនឹងកាយវិការរហ័សរហួន សម្តីម៉ាត់ៗ និងវិន័យតឹងរឹងរបស់គ្រូបង្វឹកកីឡាបាល់ទាត់ វ័យចំណាស់អាយុ ៩២ឆ្នាំ អ្នកស្រី Maria Angelica Ramos បានជួយបណ្តុះបណ្តាលឲ្យក្មេងៗជាច្រើនក្លាយជាកីឡាករបាល់ទាត់នៅក្នុងប្រទេសប៉េរូ។ អ្នកស្រីបានចំណាយពេលស្ទើរពេញមួយជីវិតជាមួយវិស័យកីឡាដ៏ពេញនិយមលើពិភពលោកមួយនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយដូច្នេះថា អ្នកស្រី Ramos ដែលត្រូវបានគេស្គាល់ថា «Old Lady» បានក្លាយជាគ្រូបង្វឹកបាល់ទាត់អស់រយៈពេលជិតពាក់កណ្តាលសតវត្សរ៍មកហើយ ដែលភាគច្រើនកូនសិស្សដែលអ្នកស្រីបង្ហាត់ជាកីឡាកររបស់ក្លិបបាល់ទាត់ក្នុងប្រទេសប៉េរ៉ូ America Mimi Sporting Club ស្ថិតនៅក្រុងលីម៉ា។
មានកីឡាករមិនក្រោម ១០០០នាក់ទេ ដែលស្ថិតក្រោមការបង្វឹកដ៏តឹងរឹង និងគោលការណ៍ច្បាស់លាស់របស់អ្នកស្រី។ បើទោះជាមានវ័យជរាទៅហើយក្តី ប៉ុន្តែ Ramos នៅតែមានភាពរឹងមាំក្នុងកិច្ចការរបស់ខ្លួនដដែល រហូតដល់ពេលបច្ចុប្បន្ននេះ។
បើតាមសំដីសិស្សម្នាក់របស់អ្នកស្រីឈ្មោះ Luis Ignacio Ore Marin បានកោតសរសើរអ្នកស្រីថាជាស្ត្រីដែលមានទឹកចិត្តល្អម្នាក់។
«គាត់ប្រៀបដូចជាម្តាយទី២ របស់យើង ហើយនៅពេលគាត់បង្វឹក និងពេលនិយាយមកកាន់យើង គឺជាពាក្យទូន្មានដ៏ល្អដើម្បីឲ្យយើងយល់ និងរឹងមាំ»។
ក្នុងការរស់នៅដោយគ្មានគ្រួសារ Ramos បានលះបង់ពេលវេលាជាច្រើនក្នុងជីវិតរបស់ខ្លួនសម្រាប់ក្មេងៗ ដែលអ្នកស្រីបានហ្វឹកហាត់ក្នុងរយៈពេល៤៩ឆ្នាំមកនេះ។ អ្នកស្រីក៏បានលើកឡើងពីសុខភាពយ៉ាប់យ៉ឺនក្នុងរយៈពេលចុងក្រោយនេះដែរ។
«ខ្ញុំរស់នៅតែម្នាក់ឯង ខ្ញុំមិនមានគ្រួសារ ខ្ញុំគ្មានកូនទេ។ ពីមុនខ្ញុំមិនដែលនឹកនាអំពីរឿងនេះទេ ប៉ុន្តែឥឡូវនេះខ្ញុំឈឺ ដូច្នេះខ្ញុំមើលឃើញពីតម្រូវការដើម្បីមាននរណាម្នាក់នៅជាមួយខ្ញុំនៅពេលនេះ»។ នេះជាការលើកឡើងអំពីអារម្មណ៍សង្វែករបស់ស្ត្រីដែលមានវ័យ៩២ឆ្នាំទៅហើយ ហើយអ្នកស្រីបន្ថែមថា៖«ខ្ញុំនឹងនៅតែបន្តដរាបណាព្រះចង់ឲ្យខ្ញុំនៅ។ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំគិតថាខ្ញុំនឹងស្លាប់នៅលើទីលានណាមួយ ហើយខ្ញុំចង់បានដូច្នេះ»៕
Tag:
បាល់ទាត់
Maria Angelica Ramos
ប៉េរ៉ូ
IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com