អន្តរជាតិ
ចិន​៖ «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​» ល្អ​ឬ​អាក្រក់ ទុក​ឲ្យ​ប្រទេស​ចូលរួម​ជា​អ្នកសម្រេច​
14, Apr 2018 , 6:00 pm        
រូបភាព
«​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​» របស់​មហា​យក្ស​ចិន បាន​ជះ​លុយរាប់​សិប​ពាន់​លាន​ដុល្លារ​ទៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​អាហ្វ្រិក តាមរយៈ​ការវិនិយោគ​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ កម្ចី និង​ជំនួយ​សម្រាប់​គម្រោង​អភិវឌ្ឍ​ជាដើម​។ ប៉ុន្តែ​បស្ចិម​លោក​បាន​រិះគន់​គំនិត​ផ្ដួចផ្ដើម​នេះ ព្រោះ​ធ្វើ​ឲ្យ​ប្រទេស​ដែល​ទទួល​លុយ​ចិន​ជាពិសេស​រដ្ឋ​អាហ្វ្រិក ជំពាក់​បំណុល​ចិន​វ័ណ្ឌក​ដោះខ្លួន​មិន​រួច ហើយ​ចិន​មិនសូវ​ខ្វល់​ពី​ស្ថានភាព​សិទ្ធិមនុស្ស ឬ​ជំរុញ​ប្រជាធិបតេយ្យ​អ្វី​ដែរ​។ សម្រាប់​ចិន​វិញ «​ល្អ​ឬ​អាក្រក់​» មានតែ​ប្រទេស​សាមីខ្លួន​ទើប​ដឹង​ច្បាស់​។​



​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ ត្រូវបាន​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដាក់ចេញ​នៅ​ឆ្នាំ​២០១៣ និង​បាន​ក្លាយជា​វេទិកា​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដ៏​ធំ​មួយ ព្រោះ​មាន​ប្រទេស​ចូលរួម​ជាច្រើន​។ ជា​រឿង​ពិត​មិនអាច​ប្រកែក​បាន គំនិត​ផ្ដួចផ្ដើម​នេះ​ធ្វើ​ឲ្យ​ចិន​លេចមុខ​លេច​មាត់​លើ​ឆាក​អន្តរជាតិ ទឹកមាត់​កាន់តែ​ប្រៃ ជាពិសេស​ក្នុងចំណោម​ប្រទេស​ក្រីក្រ​នៅ​អាស៊ី និង​អាហ្វ្រិក ដែល​ត្រូវការ​លុយ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ផង​។​

​សម្រាប់​ទ្វីបអាហ្វ្រិក ចិន​បាន​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​យ៉ាងខ្លាំង​នា​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ ហើយ​តាមរយៈ​គម្រោង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ចិន​បាន​ក្លាយជា​តួអង្គ​ថ្មី​នៅ​ទ្វីប​ក្រីក្រ តែ​សម្បូរ​ដោយ​ធនធាន​មួយ​នេះ​។ ចិន​បាន​ក្លាយជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​ធំ​របស់​រដ្ឋ​អាហ្វ្រិក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ការកាន់កាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ដូចជា​ផ្លូវ​រថភ្លើង​នៅ​កេ​ន​យ៉ា និង​រោងចក្រ​នៅ​ឡេ​សូ​តូ ណា​មី​ប៊ី និង​អេ​ត្យូ​ពី​ជាដើម​។

​ការ​បោះទុន​រាប់លាន​ដុល្លារ​នេះ មិនមែន​មានន័យថា ចិន​មិន​ទទួលបាន​អ្វី​មក​ឡើយ​។ ធនធាន​រ៉ែ​ដ៏​សម្បូរបែប​របស់​អាហ្វ្រិក បាន​ជំរុញ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ចិន​ឲ្យ​ងើប​ស្ទុះ​កាន់តែខ្លាំង​។ និយាយ​ស្រួល​យល់ រដ្ឋ​អាហ្វ្រិក​បាន​របស់​ដែល​ខ្លួន​ត្រូវការ គឺ​ផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ក្នុងស្រុក ការងារ​សម្រាប់​ប្រជាជន និង​កំណើនសេដ្ឋកិច្ច ឯ​ចិន​វិញ​ក៏​ទទួលបាន​ប្រភពធនធាន​ដើម្បី​បន្ត​កំណើនសេដ្ឋកិច្ច និង​មុខមាត់​ជា​មហាអំណាច​ពិភពលោក​ថ្មី​។​

១. អាមេរិក រិះគន់​វី​ធី​សាស្ត្រ​ចិន​នៅ​អាហ្វ្រិក​

​មុន​ដំណើ​ទស្សនកិច្ច ៥​ប្រទេស​នៅ​អាហ្វ្រិក រដ្ឋមន្ត្រីការបរទេស​អាមេរិក រិច ធី​ល័​រ​សិន បាន​រិះគន់​របៀប​រកស៊ី​រប​ស់​ចិន​នៅ​អាហ្វ្រិក ទោះជា​លោក​ទទួលស្គាល់ថា ការវិនិយោគ​របស់​ចិន​បាន​ជួយ​អាហ្វ្រិក​ក្ដី​។ លោក ធី​ល័​រ​សិន និយាយថា វិធីសាស្ត្រ​របស់​ចិន គឺ​លើកទឹកចិត្ត​ឲ្យ​មានការ​ពឹងផ្អែក​គេ តាមរយៈ​ការប្រើប្រាស់​កិច្ចសន្យា​ដែល​ស្រពេចស្រពិល ការផ្តល់​កម្ចី​ដែលមាន​ការ​កេង​ប្រ​វ័​ញ្ជ និង​កិច្ចព្រមព្រៀង​ពុករលួយ ដែល​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់ចូល​ក្នុង​បំណុល និង​បាត់បង់​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។

​ជារឿយៗ ចិន​ត្រូវបាន​រិះគន់ថា គិតតែ​រឿង​ប្រយោជន៍​ខ្លួន តែ​មិនសូវ​គិត​បញ្ហា​ឡើយ ព្រោះ​ចូលចិត្ត​រកស៊ី​តែ​ជាមួយ​ប្រទេស​ផ្ដាច់ការ ប្រើប្រាស់​កម្មករ​ខ្លួន​ឲ្យ​ធ្វើការ​នៅតាម​ការដ្ឋាន​សាងសង់​នានា​នៅ​អាហ្វ្រិក និង​បណ្ដាក់ទុន​នៅ​ប្រទេស​សម្បូរ​ធនធាន​ប៉ុណ្ណោះ​។ ខុសពី​ចិន អាមេរិក​វិញ​បាន​អះអាងថា ខ្លួន​ផ្តោត​សំខាន់​ទៅលើ​ការប្រឆាំង​អំពើ​ភេរវកម្ម លើកកម្ពស់​សន្តិភាព អភិបាលកិច្ច​ល្អ ការគោរព​សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​យូរអង្វែង​។​

​ឆ្លើយតប​ពាក្យរិះគន់​របស់​ប្រមុខ​ការទូត​អាមេរិក លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​និយាយថា ការគាំទ្រ​អាហ្វ្រិក គឺជា​ការទទួលខុសត្រូវ​រួម​របស់​សហគមន៍​អន្តរជាតិ​។ និយាយ​ពី​ទំនាក់ទំនង​ចិន និង​អាហ្វ្រិក អ្នកនាំពាក្យ​ដដែល​នេះ​បញ្ជាក់ថា ចិន​ជួយ​អាហ្វ្រិក​ឲ្យ​រីកចម្រើន ហើយ​ចិន​ស្វាគមន៍​ប្រទេស​ផ្សេង​ចូលរួម​អភិវឌ្ឍ​អាហ្វ្រិក និង​ធ្វើជា​មិត្តភក្តិ​របស់​ប្រទេស​អាហ្វ្រិក​ដូចដែល​ខ្លួន​កំពុង​ធ្វើ​ដែរ​។​

២. ចិន មិនមែនជា​ម្ចាស់បំណុល​ធំ​របស់​អាហ្វ្រិក​ឡើយ​

​និយាយ​ដល់​រឿង​បំណុល​នេះ ចិន​អះអាងថា ខ្លួន​មិនមែនជា​ម្ចាស់បំណុល​របស់​អា​ហ្វ្រិ​កឡើ​យ តែ​ការ​ជំពាក់​បំណុល​វ័ណ្ឌក​របស់​ប្រទេស​អាហ្វ្រិក គឺជា​ការ​បូកផ្សំ​កំចី​ពី​អតីតកាល​ជា​យូរ​មកហើយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចិន​ក្លាយជា​ម្ចាស់ជំនួយ​ដ៏​ធំ​របស់​ទ្វីប​នេះ​បន្តិច​ម្ដងៗ​។ ក្រុង​ប៉េកាំង​បាន​និយាយ​ការពារ​ខ្លួន​ថា ការ​ផ្ដល់ជំនួយ​ហិរញ្ញវត្ថុ ជា​រឿង​ចាំបាច់​សម្រាប់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ស្ថិតនៅ​ដំណាក់កាល​ងើបឡើង ពិសេស​ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៃ​ឧស្សាហកម្ម​។​

​យោងតាម​របាយការណ៍​របស់ AidData រដ្ឋ​អាហ្វ្រិក គឺជា​ប្រទេស​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ធំជាងគេ​របស់​ចិន​។ ក្នុងចំណោម​ប្រទេស​ទទួល​ជំនួយ​ចិន​ធំ​ទាំង​១០ គេ​ឃើញ​មាន​ប្រទេស​មកពី​តំបន់​អាហ្វ្រិក​ចំនួន​៧​ទៅហើយ​។ ជាក់ស្ដែង ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ កូត​ឌី​វ័រ​ទទួល​ជំនួយ​អភិវឌ្ឍ​របស់​ចិន​ច្រើនជាងគេ​ដល់​ទៅ​៤​ពាន់​លាន​ដុល្លារ​ឯណោះ​។ ហើយ​នេះ​មិនទាន់​គិតពី​ទំហំ​កំចី​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ក្រោមរូបភាព​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឬក៏​គម្រោង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​ផង​។​

​ចិន​ផ្ដល់​សារសំខាន់​ខ្លាំង​ជុំវិញ​ស្ថានភាព​បំណុល​របស់​អាហ្វ្រិក​។ នេះ​ជាការ​លើកឡើង​របស់លោក Geng Shuang ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សប្ដាហ៍​នេះ​។ សម្រាប់​ចិន គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ តែង​ធ្វើឡើង​ស្របតាម​គោលដៅ​អភិវឌ្ឍ​របស់​អាហ្វ្រិក គឺ​ចិន​ជំរុញ​ការទាញយក​ប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ពី​គម្រោង​ទាំងឡាយ​ផង និង​ធ្វើយ៉ាងណា​ឲ្យ​រដ្ឋ​អាហ្វ្រិក​មាន​ឯករាជ្យ​ម្ចាស់ការ​ខ្លួនឯង​ផង ដើម្បី​កាត់បន្ថយ​អ​ម្រែ​ក​បំណុល​៕

៣. ចិន​៖ ប្រទេស​ចូលរួម​ផ្ទាល់​ទើប​ដឹង «​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» មាន​ផល​ល្អ​ឬ​អាក្រក់

​ក្នុងការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​ស​ម្រា​ប់​ការអភិវឌ្ឍ​សកល​ដែល​ទើប​ចេញផ្សាយ​ថ្មីៗ​នេះ ការផ្ដល់​ប្រាក់កំចី​រប​ស់​ចិន​ក្រោមរូបភាព​នៃ​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ បាន​បង្កើន​បំណុល​នៅ​ប្រទេស​មួយចំនួន​ដូចជា​ប៉ា​គី​ស្ថាន ជី​ប៊ូ​ទី និង​ម៉ុង​តេ​ណេ​ហ្ក្រោ​ជាដើម​។ ប៉ុន្តែ​ចិន​បាន​និយាយ​ការពារ​គំនិត​ផ្ដួចផ្ដើម​របស់ខ្លួន​ថា ជា​គម្រោង​ដែល​ជួយ​ប្រទេស​មាន​ខឿនសេដ្ឋកិច្ច​អន់ថយ ឲ្យ​កា្ល​យ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន ជំរុញ​ការតភ្ជាប់ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​លោក Geng Shuang ពន្យល់ថា ការប្រឹក្សា​គ្នា​ទៅវិញទៅមក និង​ការបែងចែក​ប្រយោជន៍​រួម​ក្រោម​ក្របខណ្ឌ​នៃ​គំនិត​ផ្ដួចផ្ដើម​ខាងលើ ធ្វើ​ឲ្យ​ប្រទេស​មាន​សេដ្ឋកិច្ច​ទាប​ឆក់យក​ឱកាស​ថ្មី​ដើម្បី​ពង្រឹង​ភាពទន់ខ្សោយ​របស់ខ្លួន លើកកម្ពស់​ការរស់នៅ ព្រមទាំង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​ផង​។ ហេតុនេះហើយ ទើបបានជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​នេះ អាច​ទាក់ទាញ​ប្រទេស​ជាច្រើន​ឲ្យ​ចូលរួមបាន​នោះ​។​

​ជុំវិញ​បញ្ហា​ដែលថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ នេះ​អាច​ផ្ដល់​ប្រយោជន៍​ពិតៗ​មែនឬ​អត់​នោះ អ្នកនាំពាក្យ​រូបនេះ​ទុក​ឲ្យ​ប្រទេស​ដែល​ចូលរួម​ផ្ទាល់ និង​ប្រជាជន​ប្រទេស​ទាំងនោះ​ជា​អ្នកសម្រេចចិត្ត​។ យ៉ាងណាមិញ លោក​ជឿថា ប្រទេស​ដែល​ចូលរួម​ជាមួយ​ចិន​នឹង​គិតពី​ប្រយោជន៍​របស់ខ្លួន​នៅពេល​សម្រេចចិត្ត ដើម្បី​ឲ្យ​ស្របតាម​គោលដៅ​អភិវឌ្ឍ​រៀងៗ​ខ្លួន​៕
 

Tag:
 ចិន​
  អាមេរិក​
  OBOR
© រក្សាសិទ្ធិដោយ thmeythmey.com