ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
៨មីនា៖ ស្ត្រីនៅតែត្រូវការការផ្តល់ឱកាស និងការលើកទឹកចិត្តពីក្រុមគ្រួសារ»
08, Mar 2018 ,
6:19 pm
រូបភាព
×
ដោយ:
ខន ចំប៉ា
ភ្នំពេញ៖ ស្ថានទូតអាមេរិកបានប្រារព្ធ«ទិវាសិទ្ធិនារីអន្តរជាតិ» នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត កាលពីល្ងាចថ្ងៃទី ៧ ខែមីនា។ នៅក្នុងឱកាសនេះ ស្ត្រីដែលកំពុងកាន់តំណែងធំនៅក្នុងស្ថាប័នធំៗ ទាំងរដ្ឋ និងឯកជន បញ្ជាក់ថា ការផ្តល់ឱកាសដល់ស្ត្រី ការលើកទឹកចិត្ត និងជ្រោមជ្រែងស្ត្រីពីសំណាក់ក្រុមគ្រួសារ និងសង្គម គឺជាកត្តាសំខាន់ណាស់ ដើម្បីឲ្យស្ត្រីទទួលបានជោគជ័យក្នុងជីវិត និងចូលរួមកាន់តែសកម្មនៅក្នុងការអភិវឌ្ឍន៍សង្គម។ ទន្ទឹមនឹងនេះដែរ ពួកគាត់ក៏យល់ថា ស្ត្រីខ្ឡួនឯង ក៏ត្រូវមានសមត្ថភាព និងចេះចាប់យកឱកាស ក៏ដូចជាត្រូវខំប្រឹងប្រែងប្រកបការងាររបស់ខ្លួនផងដែរ ទើបអាចទទួលបានជោគជ័យ។
ស្ថានទូតអាមេរិកបានប្រារព្ធ«ទិវាសិទ្ធិនារីអន្តរជាតិ» នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូត កាលពីល្ងាចថ្ងៃទី ៧ ខែមីនា។ បើតាម លោកWilliam Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលថ្លែងក្នុងកម្មវិធីនេះ ស្ថានទូតរៀបចំទិវា គឺក្នុងបំណងអរគុណដល់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម ក៏ដូចជាទទួលស្គាល់ថា នារីក៏កំពុងជួបប្រទះឧបសគ្គជាច្រើន។ លោក William Heidt បានបញ្ជាក់ដែរថា បញ្ហាប្រឈមសម្រាប់ស្ត្រី មិនមែនកើតឡើង តែនៅក្នុងប្រទេសកម្ពុជានោះទេ នៅសហរដ្ឋអាមេរិក ក៏កើតមានដែរ ប៉ុន្តែស្ត្រីទាំងនោះ នៅតែអាចជម្នះ និងដោះស្រាយបញ្ហាទាំងអស់នោះបាន។ លោក William Heidt បញ្ជាក់បន្ថែមដូច្នេះ៖« ពីកាលៈទេសៈមួយ ទៅកាលៈទេសៈមួយ យើងកាន់តែបានឃើញថា ស្ត្រីគឺពិតជាកត្តាដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេស នៅក្នុងវិស័យផ្សេងៗ តាមរយៈវិស័យអប់រំ សុខាភិបាល និងសេដ្ឋកិច្ចជាដើម»។
លោកWilliam Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
អ្នកស្រី Sheila Crowley នាយិកាស្តីទីភ្នាក់ងារ Peace corps ប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់នៅក្នុងពិធីនេះថា ទិវានារីអន្តរជាតិ គឺជាទិវាដ៏វិសេសវិសាល ដែលភ្នាក់ងារ Peace corpsទាំងនៅប្រទេសកម្ពុជា និងនៅលើពិភពលោកប្រារព្ធឡើងដើម្បីលើកកម្ពស់ និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីជាពិសេស។ នៅក្នុងសុន្ទរកថាខ្លីរបស់គាត់នៅនិវេសនដ្ឋាន លោកស្រី បានលើកឡើងពីសម្តីឪពុកម្តាយ របស់គាត់ដែលបានទូន្មានថា៖« នៅពេលខ្ញុំនៅតូច ឪពុកម្តាយខ្ញុំ បានប្រាប់ខ្ញុំថា កូន ជាកូនស្រី ប៉ុន្តែកូនអាចធ្វើអ្វីក៏បានដែរ»។ ការទូន្មាននេះ បានធ្វើឲ្យអ្នកស្រីចងចាំ និងជាពាក្យពេចន៍ដែលធ្វើឲ្យលោកស្រីតែងតែមានទំនុកចិត្តលើខ្លួនឯង។
អ្នកស្រី Sheila Crowley នាយិកាស្តីទីភ្នាក់ងារ Peace corps ប្រចាំសហរដ្ឋអាមេរិក
«ខ្ញុំទទួលបានការគាំទ្រ និងការផ្តល់ឱកាស ហើយខ្ញុំបានប្រើប្រាស់ឱកាសនេះ ដ៏មានប្រយោជន៍។ ដូច្នេះ យើងទាំងអស់គ្នាត្រូវចូលរួមផ្តល់ឱកាសឲ្យស្ត្រីទាំងអស់ក្នុងពិភពលោក ទទួលបានដូចខ្ញុំដែរ»។ នេះជាប្រសាសន៍របស់អ្នកស្រី Sheila Crowley ដែលបានបន្តថា ស្ត្រីជាកម្លាំងមួយដ៏មហិមា និងជាសំឡេងអស្ចារ្យបំផុត ប៉ុន្តែយើងក៏ត្រូវជំរុញ និងលើកទឹកចិត្តចំពោះស្ត្រី ក៏ដូចជាផ្តល់ឱកាសឲ្យស្ត្រីដែរ ពីព្រោះនៅពេលដែលស្ត្រីអាចធ្វើការងារដែលពួកគាត់ស្រឡាញ់ពេញចិត្ត នោះទាំងគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល ក៏រីកចម្រើនដែរ។
អ្នកស្រី ឡុង សុឃាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានយល់ស្របដែរថា ការផ្តល់ឱកាសឲ្យស្ត្រី និងការគាំទ្រពីមិត្តភក្តិ សាច់ញាតិ បងប្អូន ពិសេសពីក្រុមគ្រួសារ គឺពិតជាសំខាន់ ដែលឲ្យស្ត្រីស្វែងរកនូវភាពជោគជ័យក្នុងជីវិត ទាំងនៅក្នុងកិច្ចការងារដឹកនាំ និងការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សង្គម។ ប៉ុន្តែសម្រាប់អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីដដែល ស្ត្រីខ្លួនឯងក៏ត្រូវមាន និងពង្រឹងសមត្ថភាពរបស់ខ្លួនដែរ។
អ្នកស្រី ឡុង សុឃាវី ( កណ្តាល)កំពុងថ្លែងសុន្ទរកថា
អ្នកស្រី តុប ធីតា នាយិកាវិទ្យាល័យសម្តេច ជាស៊ីម អគ្គរជ័យ ក្នុងខេត្តកំពត បានលើកឡើងពីពិសោធន៍ផ្ទាល់ដែលបានខំប្រឹងជម្នះលើពាក្យបន្តុះបង្អាប់ស្ត្រីថាបង្វិលចង្ក្រានមិនជុំ ឬស្ត្រីមិនអាចទៅដឹកនាំគេបានដូចបុរស។ អ្នកស្រី តុប ធីតា រៀបរាប់ថា៖ «មុននឹងក្លាយបានជានាយិកាដូចសព្វថ្ងៃ ក៏មានមតិមួយចំនួនតែងនិយាយថា នាយិកាស្រីមិនអាចដឹកនាំបានល្អទេ ប៉ុន្តែនៅពេលដែលធ្វើកិច្ចការ ខ្ញុំបានសម្រេចជោគជ័យជាច្រើន វាផ្ទុយនឹងទស្សនៈខាងលើ»។
អ្នកស្រី តុប ធីតា
ទន្ទឹមនឹងនេះ អ្នកស្រី ក៏ឆ្លៀតផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ជាពិសេសស្ត្រីឲ្យខំប្រឹងរៀនសូត្រ ចាប់យកឱកាស និងតាមទៅឲ្យដល់សេចក្តីប្រាថ្នារបស់ពួកគេ។ «ត្រូវចង់ចាំថា កាលណាយើងមានសមត្ថភាព គឺយើងអាចធ្វើការបានដូចបុរសដែរ»។ នេះជាប្រសាសន៍របស់អ្នកស្រី តុប ធីតា ដែលបន្តថ្លែងអំណរគុណដល់ភ្នាក់ងារ Peace Corps ដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តទៅកាន់សហគមន៍របស់គាត់។ សម្រាប់អ្នកស្រី តុប ធីតា អ្នកស្ម័គ្រចិត្តPeace Corp គឺជាដៃគូអភិវឌ្ឍដ៏ល្អ ដែលពួកគេមិនត្រឹមតែបង្រៀនភាសាអង់គ្លេសដល់សិស្សានុសិស្សនៅក្នុងថ្នាក់នោះទេ ប៉ុន្តែពួកគេក៏បានបង្កើតសិក្ខាសាលាខ្លីៗស្តីពីភាពជាអ្នកដឹកនាំរបស់ស្ត្រី តួនាទីរបស់ស្ត្រីនៅក្នុងសង្គមនៅក្នុងសហគមន៍ដែរ។
សូមបញ្ជាក់ថា ទីភ្នាក់ងារ Peace Corps បានបញ្ជូនអ្នកស្ម័គ្រចិត្តមកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦ មកដែលពួកគេបានធ្វើការនៅក្នុងវិស័យអប់រំ និងសុខាភិបាល ពោលគឺបង្រៀនភាសាអង់គ្លេស បណ្តុះបណ្តាលគ្រូ និងអ្នកអប់រំសុខភាពតាមសហគមន៍។ រហូតមកដល់ពេលនេះ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps មានជាង ៥០០ នាក់ហើយ ដែលបានមកធ្វើការនៅបណ្តាខេត្តនានារបសកម្ពុជា។ ទីភ្នាក់ងារ Peace Corps នៅបង្កើតឡើងនៅឆ្នាំ១៩៦១ ដោយអតីតប្រធានាធិបតីអាមេរិក John F. Kennedy ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក។ គោលបំណងរបស់ទីភ្នាក់ងារ Peace Corps គឺកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសដែលមានការពាក់ព័ន្ធ និងលើកកម្ពស់ ការយល់គ្នា រវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
6 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
5 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម