អ្នកនេសាទ​ផាន់ សុភឿន​៖ បើ​ខ្ញុំ​លក់​ត្រី​គល់រាំង ដូច​ខ្ញុំ​លក់​អត្តសញ្ញាណ​ជាតិ​កម្ពុជា​
ជាតិ
អ្នកនេសាទ​ផាន់ សុភឿន​៖ បើ​ខ្ញុំ​លក់​ត្រី​គល់រាំង ដូច​ខ្ញុំ​លក់​អត្តសញ្ញាណ​ជាតិ​កម្ពុជា​
10, Mar 2018 , 11:39 am        
រូបភាព
អ្នកនេសាទ ផាន់ សុភឿន (​អ្នក​បើកទូក​) ហេង សារ៉េត (​រូប​ពាក់មួក​) និង ជុំ សុភ័ណ ក្នុង​ដំណើរ​ឆ្ពោះទៅ​លើក​លប​ឡុ​ក ក្នុង​បឹង​ទន្លេសាប​
អ្នកនេសាទ ផាន់ សុភឿន (​អ្នក​បើកទូក​) ហេង សារ៉េត (​រូប​ពាក់មួក​) និង ជុំ សុភ័ណ ក្នុង​ដំណើរ​ឆ្ពោះទៅ​លើក​លប​ឡុ​ក ក្នុង​បឹង​ទន្លេសាប​
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ លោក ផាន់ សុភឿន អាយុ ៣៥ ឆ្នាំ ជា​អ្នកនេសាទ រស់នៅក្នុង​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ជា​ឪពុក​ដែល​មានកូន​ប្រាំ​នាក់​ក្នុងបន្ទុក ស្រី​បីនាក់ ប្រុស​ពីរ​នាក់ លោក ផាន់ សុភឿន គឺជា​អ្នកនេសាទ​គំរូ​ម្នាក់ ដែល​តែងតែ​ចូលរួម​គ្រប់​សកម្មភាព​ក្នុងភូមិ និង​សហគមន៍ ក៏ដូចជា​ក្នុង​សង្គមជាតិ​ផងដែរ​។

 
​ក្នុង​រដូវ​នេសាទ​ឆ្នាំ ២០១៧ កន្លងទៅនេះ សុភឿន ធ្លាប់​ចាប់បាន​ត្រី គល់រាំង ចំនួន​ពីរ​ក្បាល ដោយ​ឧបករណ៍​នេសាទ «​លប​ឡុ​ក​» ដែល​គាត់​ដាក់​ក្នុង​បឹង​ទន្លេសាប​។ សុភឿន បាន​បញ្ជាក់ថា ត្រី​គល់រាំង​ ដែល​គាត់​ចាប់បាន ឈ្មោល​ទម្ងន់​១១០​គីឡូក្រាម មាន​ពណ៌​ទង់ដែង​ខ្ចី និង​ញី​ទម្ងន់​១៣០​គីឡូក្រាម មាន​ពណ៌​ក្រហម​ក្រ​ម៉ៅ​។ ដោយ​ធ្លាប់​ទទួលបាន​ការផ្សព្វផ្សាយ​ពី​ខាង​រដ្ឋបាល​ជលផល​ថា ត្រី​គល់រាំង ជា​ត្រី​កម្រ និង​ជិត​ផុត​ពូជ ហើយក៏​ជា​ត្រី​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​កម្ពុជា​ផង​​នោះ ក្រោយ​ចាប់បាន​ភ្លាម ផាន់ សុភឿន ក៏បាន​រាយការណ៍​ ទៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​ក្រគរ រួច​ក៏​ធ្វើ​ពិធី ដុត​ធូប បាញ់​ទឹកអប់ បន់ស្រន់​សុំ​សេចក្តីសុខ រួច​ព្រលែង​ចូលទៅក្នុង​ទន្លេ​វិញ​។ 
 
​លោក ផាន់ សុភឿន មានប្រសាសន៍ថា​៖ «​ត្រី​គល់រាំង គឺជា​ប្រភេទ​ត្រី ​ដែល​ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​។ ក្នុង​ត្រី​មួយ​ក្បាល​ទម្ងន់​៥០​គីឡូ ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ចាប់ពី ៥០-៧០​ដុល្លារ​ទៅ ក្នុង​មួយ​គីឡូក្រាម​។ បើ​ទម្ងន់​ត្រី​មួយ​ក្បាល ១០០​គីឡូក្រាម​ឡើងទៅ ឈ្មួញ​ក៏​ហ៊ាន​ឲ្យ​តម្លៃ ថ្លៃ​ជាង​១០០ ទៅ ១៥០​ដុល្លា​រ ក្នុង​មួយ​គីឡូក្រាម​ដែរ​។ ករណី​ដូច​ខ្ញុំ​អ៊ីចឹង ដែល​បាប់​បាន​ត្រី​គល់រាំង​ពីរ​ក្បាល ទម្ងន់​សរុប ២៤០​គីឡូក្រាម បើ​ខ្ញុំ​លក់​ឲ្យ​ឈ្មួញ ខ្ញុំ​នឹង​ទទួលបាន​ប្រាក់​ជាង​ពីរម៉ឺន​ដុល្លារ​»​។​
 
​លោក​មានប្រសាសន៍​បន្ត​ទៀតថា​៖ «​ខ្ញុំ​មិន​ហ៊ាន​លក់ដូរ​ត្រី​ប្រភេទ​នេះ​ទេ ព្រោះ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ត្រី​គល់រាំង និង​ត្រី​រាជ ក្រៅពី​ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ និង​ជា​អត្តសញ្ញាណ​ជាតិ​កម្ពុជា វា​ក៏​ជា​ប្រភេទ​ត្រី​ធំ ដែល​ពពួក​អារក្ស អ្នកតា ម្ចាស់​ទឹក​ម្ចាស់​ដី តាម​ថែរក្សា​ផងដែរ​។ ដូច្នេះ ទោះបី​ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​ខ្ពស់​យ៉ាងណា ក៏​ខ្ញុំ​មិន​ហ៊ាន​លក់ដូរ​ដែរ ព្រោះ​ប្រាក់​ទាំងនោះ មិនអាច​ដោះស្រាយ​បញ្ហា ឬ​គ្រោះ​អកុសល ដែល​កើតចេញពី​ការលក់ដូរ​ត្រី​នោះ មកលើ​គ្រួសារ​ខ្ញុំ​បានទេ សេចក្តីសុខ​ក្នុង​គ្រួសារ​ខ្ញុំ​សំខាន់​ជាង និង​មានតម្លៃ​ជាង​។ ម្យ៉ាងទៀត បើ​ខ្ញុំ​លក់​វា ស្មើនឹង​ខ្ញុំ​លក់​អត្តសញ្ញាណ​ជាតិ​កម្ពុជា​អ៊ីចឹង​ដែរ​»​។ 


​អ្នកស្រី ឆែម ស្រី​ណែ​ត និង​លោក ផាន់ សុភឿន ព្រមទាំង​កូន​ទាំងបី នៅលើផ្ទះ​បណ្តែត​ទឹក​របស់​ពួកគាត់​
 
​ជា​ស្ត្រី​មេផ្ទះ ជា​ម្តាយ និង​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់ អ្នកស្រី​ឆែម ស្រី​ណែ​ត អាយុ​៣១​ឆ្នាំ បាន​យល់ស្រប​គ្រប់​សកម្មភាព និង​កិច្ច​ការជួយ​សង្គម​ទាំងឡាយ ដែល​លោក ផាន់ សុភឿន ជា​ប្តី បានធ្វើ និង​បាន​ចូលរួម​។ អ្នកស្រី ស្រី​ណែ​ត មានប្រសាសន៍ថា​៖ «​ខ្ញុំ​គាំទ្រ​គ្រប់​សកម្មភាព​របស់គាត់​។ ខ្ញុំ​មិន​ចង់បាន​ប្រាក់​ដែល​បានមកពី​ការលក់ដូរ​ត្រី​ទាំង​នោះទេ​»​។​
 
​យោងតាម គេហទំព័រ https://km.wikipedia.org/wiki/​ត្រី​គល់រាំង អត្តសញ្ញាណ​ជាតិ​នៃ​កម្ពុជា មានដូចជា​៖ ទង់ជាតិ​កម្ពុជា​, ព្រះ​ឆាយា​ល័​ក្ខ​កម្ពុជា (​ព្រះ​សិ​ង្ហា​), បទ​នគររាជ (​ភ្លេងជាតិ​), អង្គរវត្ត​, ផ្ការំដួល (​បុ​ផ្ផា​) ដើមត្នោត​, ចេកពងមាន់​, ត្រី​គល់រាំង​, សត្វ​ត្រ​យ៉ង​, អណ្ដើក​ហ្លួង និង គោព្រៃ​។​
 
 
​ត្រី​គល់រាំង មានឈ្មោះ​វិទ្យាសាស្ត្រ (Catlocarpio siamensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស giant barb  ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered)​ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ​។ ត្រី​ប្រភេទ​នេះ ត្រូវបាន​គេ​គិតថា ការអភិវឌ្ឍន៍​ទំ​បន់​វារិីអគ្គិសនី​ នៅ​ដង​ទន្លេ​មេ ក្នុង​ទន្លេមេគង្គ ការនេសាទ​ហួស​កម្រិត ការប្រើប្រាស់​ឧបករណ៍​នេសាទ​ឆក់​ដោយ​ចរន្តអគ្គិសនី ការចាប់​កូន​ត្រី​ធ្វើ​ពាណិជ្ជកម្ម​ ក្នុង​រដូវ​ត្រី​ពង​-​កូន អាច​នឹងធ្វើ​ឲ្យ​មានការ​ថយចុះ​ចំនួន​ត្រី ដែល​នៅ​សេសសល់​នេះ​បន្ថែមទៀត​។​
 
(​អត្ថបទ និង​រូបភាព​៖ Chhut Chheana  USAID Wonders of the Mekong)
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម