ជាតិ
សេដ្ឋកិច្ច
ឱកាសការងារជាង ១២០០កន្លែង នឹងជ្រើសដោយក្រុមហ៊ុនចំនួន១២នៅខែមីនានេះ! រូបពីទីភ្នាក់ងារជាតិមុខរបរ និងការងារ
× ភ្នំពេញ៖ ក្រុមហ៊ុនចំនួន១២ តាមរយៈការសម្របសម្រួល ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងជ្រើសរើសបុគ្គលិកចំនួន ១២៧៩ កន្លែងក្នុងខែមីនានេះ។
ការជ្រើសរើសបុគ្គលិករបស់ក្រុមហ៊ុនទាំងនេះ នឹងធ្វើឡើងនៅក្នុងវេទិកាការងារចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី១៥ និងទី២ នៅថ្ងៃទី២៩ ខែមីនានេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ បេក្ខជន ត្រូវរៀបចំប្រវត្តិរូបសង្ខេប និងត្រៀមខ្លួនសម្រាប់សម្ភាសន៍ការងារ។
ក្រុមហ៊ុនទាំងនេះ រួមមាន ក្រុមហ៊ុន GFX investment, GFG investment, G-Gear, Naga world, Express Food Group, Chok Chey Finance, ក្រុមហ៊ុន មេហ្គាលីស៊ីង, ក្រុមហ៊ុន ស៊ីងហាក់ហួត, ធនាគារ ABA, ផ្សារទំនើប Aeon, ភោជនីយដ្ឋានជប៉ុន សាគី ស៊ុគីស៊ុប និងអង្គការ Digital Divide Data ។ នេះបើតាមការផ្សព្វផ្សាយនៅគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ។
ក្នុងរយៈពេល២ខែដើមឆ្នាំ កន្លងទៅ ភ្នាក់ងារជាតិមុខរបរ និងការងារ បានជួយសម្របសម្រួលលើការជ្រើសរើសបុគ្គលិកចំនួនជិត ១៥០០នាក់នៅក្នុងវេទិកាការងារទាំង៥លើករបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com