របាយការណ៍​៖ សព្វាវុធ​លក់ដាច់​ខ្លាំង​ដោយសារ​សង្គ្រាម និង​ជម្លោះ​នៅ​អាស៊ី និង​មជ្ឈិមបូព៌ា​

អន្តរជាតិ
របាយការណ៍​៖ សព្វាវុធ​លក់ដាច់​ខ្លាំង​ដោយសារ​សង្គ្រាម និង​ជម្លោះ​នៅ​អាស៊ី និង​មជ្ឈិមបូព៌ា​
13, Mar 2018 , 8:39 pm         2050
រូបភាព
​របាយការណ៍​ស្រាវជ្រាវ​របស់​ស្ថាប័ន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​នៃ​ក្រុង​ស្តុក​ខុល (SIPRI) បាន​បង្ហាញថា ការ​នាំចូល​អាវុធ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា និង​តំបន់​អាស៊ី​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ​។ ការកើនឡើង​នៃ​ការទិញ​អាវុធ​នេះ ក៏ដោយ​សារ​ក្នុង​តំបន់​សម្បូរ​ជម្លោះ ភាព​តានតឹង និង​សង្គ្រាម​ផងដែរ​។



​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​កន្លងមកនេះ ទំហំ​សព្វាវុធ ៣២ ភាគរយ​នៃ​អាវុធ​នាំ​នាំចូល​ទូទាំង​ពិភពលោក​ត្រូវបាន​គេ​នាំទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ហើយ​ការ​នាំចូល​សព្វាវុធ​នេះ​កើនឡើង​ដោយសារតែ​ជម្លោះ និង​សង្គ្រាមរ៉ាំរ៉ៃ​ដែល​បន្ត​កើតឡើង​ក្នុង​តំបន់​នោះ​ផង​។​

​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ស្រង់​របាយការណ៍​សិក្សារ​បស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​ពិភពលោក​នៃ​ក្រុង​ស្តុក​ខុល​ដូច្នេះ​ថា ចន្លោះ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៨ អាវុធ​ដែល​ត្រូវ​នាំ​ចេញទៅ​មជ្ឈិមបូព៌ា​កើនឡើង​ដល់ ១០៣ ភាគរយ​បើ​ប្រៀបធៀប​រយៈពេល​ប្រាំ​ឆ្នាំមុន​ដែរនោះ​។​

​របាយការណ៍​នោះបាន​រកឃើញ​ទៀតថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្លាយជា​ប្រទេស​ដែល​នាំ​អាវុធ​ចូល​ច្រើនជាងគេ​លំដាប់​ទី​ពី​រលើ​ពិភពលោក បន្ទាប់ពី​ឥណ្ឌា​។ រដ្ឋ​ឈូង​សមុទ្រ​ដែល​ប្រកាន់​សាសនា​ឥស្លាម​ស៊ូ​នី​នេះ​នាំចូល​អាវុធ​ច្រើន​ដោយ​ខ្លួន​ព្យាយាម​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់​ផង និង​បន្តធ្វើ​សង្គ្រាម​នៅ​យេ​ម៉ែន​ប្រឆាំង​ក្រុម​ឧទ្ទាម​ឥស្លាម​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​ហ៊ូ​ធី​ផងដែរ​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ អា​រ៉ា​ប៊ី​សា​អូឌីត​នាំចូល​អាវុធ​ពី​អាមេរិក​រហូតដល់ ៦១ ខណៈដែល​រដ្ឋ​អារ៉ាប់​នេះ​នាំចូល​អាវុធ​ត្រឹម ៣១ ភាគរយ​ប៉ុណ្ណោះ​ពី​ចក្រភព​អង់គ្លេស​។ ចុង​សប្តាហ៍​កន្លងទៅ អា​រ៉ា​ប៊ី​សា​អូឌីត ទើប​ចុះហត្ថលេខា​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប Typhoon ចំនួន ៤៨ គ្រឿង​ពី​អង់គ្លេស ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ី​ល​នាំគ្នា​តវ៉ា និង ថ្កោលទោស​កិច្ចព្រមព្រៀង​នេះ ដោយសារ​អាវុធ​ទាំងនោះ​នឹងត្រូវ​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រើប្រាស់​ដើម្បី​សម្លាប់​ជន​ស៊ីវិល​ជាពិសេស​កុមារ​តែម្តង​នៅ​យេ​ម៉ែន​។ 

​ចំណែក​នៅ​អាស៊ី និង​អូ​សេ​អា​នី​វិញ​នោះ​ក៏​មិនធម្មតា​ដែរ​។ តំបន់​នេះ​នាំចូល​សព្វាវុធ​មាន​ទំហំ​រហូតដល់ ៤២ ភាគរយ​នៃ​សព្វាវុធ​នាំចូល​ទាំងអស់​លើ​ពិភពលោក​។ មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ជា​ប្រទេស​ដែល​នាំចូល​សព្វាវុធ​ច្រើ​ជាងគេ ខណៈដែល​រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​អាវុធ​រហូតដល់ ៦២ ភាគរយ​នៃ​អាវុធ​ដែល​ឥណ្ឌា​នាំចូល​សរុប​ផងដែរ​។

​គេ​អាច​និយាយបានថា​ជម្លោះ និង​ភាព​តានតឹង​តាម​ព្រំដែន​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន រួមជាមួយ​ចិន​ផង​នោះ ធ្វើ​ឲ្យ​ឥណ្ឌា​បន្ត​ពង្រឹង​អំណាច​យោធា​របស់ខ្លួន​ជា​បន្តបន្ទាប់ និង​នាំចូល​អាវុធ​ច្រើនសន្ធឹក​ផង​។ ហើយ បច្ចុប្បន្ន​នោះ ឥណ្ឌា​ក៏​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ផលិត​អាវុធ​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក​បាន​នៅឡើយ​ដែរ​។​

​រីឯ​មហា​យក្ស​ចិន​ឯណោះ​វិញ បាន​ក្លាយខ្លួនជា​ប្រទេស​នាំចេញ​សព្វាវុធ​ទៅកាន់​ទីផ្សារ​អាស៊ី​រួចទៅហើយ ក្រៅពី​អាច​ផលិត​អាវុធ​សម្រាប់​ប្រើប្រាស់​ក្នុងស្រុក​នោះ​។ យោងតាម​របាយការណ៍​ដដែល​នោះ សព្វាវុធ​ដែល​ចិន​នាំចេញ​មានការ​កើនឡើង​រហូត​ដល់ ៣៨ ភាគរយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​មកនេះ ហើយ​អាវុធ​ទាំងនោះ​ត្រូវបាន​នាំចូល​ទៅ​មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស និង​ប៉ា​គី​ស្ថាន​ផងដែរ​។ មី​យ៉ាន់​ម៉ា​នាំចូល​អាវុធ ៦៨ ភាគរយ​ពី​ចិន ខណៈដែល​បង់​ក្លា​ដែ​ស​នាំ​អាវុធ ៧១ ភាគរយ​ពី​ចិន​ដូចគ្នា​។ ចំណែក​សត្រូវ​ឥណ្ឌា ប៉ា​គី​ស្ថាន​ក៏​នាំចូល​អាវុធ​ប្រហែល ៧០ ភាគរយ​ពី​ចិន​ដូចគ្នា​។
 

© រក្សាសិទ្ធិដោយ thmeythmey.com