ជាតិ
អ្នករាយការណ៍នៃអង្គការសហប្រជាជាតិ ព្រួយបារម្ភពីដំណើរការដឹកនាំឯកបក្សនៅកម្ពុជា
× ភ្នំពេញ៖ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណាល់ ស្មីត បង្ហាញក្តីព្រួយបារម្ភពីដំណើការដឹកនាំឯកបក្សនៅកម្ពុជា ស្របពេលគណបក្សប្រឆាំងដ៏ធំត្រូវបានតុលាការរំលាយ។
លោកស្រី រ៉ូណាល់ ស្មីត បានលើកយកបញ្ហារៀបចំដំណើការបោះឆ្នោត ពិភាក្សាជាមួយប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៣ មីនានេះ។ ក្នុងជំនួបពិភាក្សាគ្នា លោកស្រី រ៉ូណាល់ ស្មីត បានលើកយកពីការដឹកនាំព្រឹទ្ធសភា ដែលមានតែគណបក្សប្រជាជនទទួលបានអាសនៈ ក្នុងនីតិកាលទី៤នេះ ដែលលោកស្រី ស្មីត ចាត់ទុកថា វាជាសញ្ញាមួយ ដែលគួរឲ្យព្រួយបារម្ភ សម្រាប់ដំណើការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
ឆ្លើយនឹងសំនួរអ្នកសារព័ត៌មាន ដែលសួរអំពីកង្វល់ពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជានោះ អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំគិតថា បើឈានទៅរកការដឹកនាំបែបឯកបក្សនោះ ខ្ញុំយល់ថា វាជារឿងដែលគួរឲ្យបារម្ភសម្រាប់ប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញមួយ ដែលបានចែងនិងធានាឲ្យរបបប្រជាធិបតេយ្យ សេរីពហុបក្សហើយនោះ»។
ជាមួយគ្នានេះលោកស្រី រ៉ូណាល់ ស្មីត បានស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធានាដល់ដំណើការបោះឆ្នោត ឲ្យប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីអាចផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការសម្រេចចិត្តជ្រើសរើសគណបក្សនយោបាយ ដែលពួកគេពេញចិត្ត។
ត្រង់ចំណុចនេះលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត បាននិយាយថា គជប ប្ដេជ្ញារៀបចំការបោះឆ្នោត ឲ្យមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ដើម្បីផ្ដល់សេចក្តីទុកចិត្តដល់ប្រជាពលរដ្ឋ។ ចំពោះក្តីព្រួយបារម្ភរបស់លោកស្រី រ៉ូណាល់ ស្មីត វិញ លោក ហង្ស ពុទ្ធា បានពន្យល់ថា អាសនៈព្រឹទ្ធសភា ដែលមានតែគណបក្សប្រជាជនកម្ពុជា ក្នុងនីតិកាលទី៤នេះ វាកើតចេញពីលទ្ធផលបោះឆ្នោត ដូច្នេះគ្មានអ្វីដែលអាចជំទាស់លទ្ធផលបោះឆ្នោតនេះឡើយ។ លោក ពុទ្ធា បានបន្ថែមថា គ.ជ.ប គឺជាស្ថាប័នរៀបចំការបោះឆ្នោត ដោយអនុវត្តតាមច្បាប់ ហើយមិនជាប់ពាក់ព័ន្ធនឹងការដោះស្រាយលើបញ្ហានយោបាយនោះទេ។
អ្នកនាំពាក្យគជបរូបនេះ បានស្រង់សម្តីក្នុងជំនួបពិភាក្សាគ្នានោះ ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖«គ.ជ.ប មានតួនាទីរៀបចំការបោះឆ្នោត ដូច្នេះបើសិនជាមានសំឡេងបក្សតែមួយនៅក្នុងព្រឹទ្ធសភា នោះគឺជាផលដែលទទួលបានជាក់ស្ដែងពីការបោះឆ្នោត។ ហើយសម្រាប់ពេលអនាគត គ.ជ.ប មានការប្ដេជ្ញារៀបចំការបោះឆ្នោតមួយ ឲ្យពលរដ្ឋទទួលយកបាន… ដែលគណបក្សទាំងអស់ស្មើភាពគ្នាចំពោះមុខច្បាប់ ស្មើភាពគ្នាក្នុងការធ្វើសកម្មភាពផ្សេងៗស្របតាមច្បាប់»។
បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប នឹងចាប់ផ្ដើមទទួលពាក្យចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ មេសា ខាងមុខ សម្រាប់ការចូលរួមប្រកួតប្រជែងសន្លឹកឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា ។ បន្ថែមពីនេះលោក ហង្ស ពុទ្ធា ស្នើឲ្យលោកស្រី រ៉ូណាល់ ស្មីត ត្រៀមដាក់មន្ត្រីសង្កេតការណ៍ ឬដាក់ការិយាល័យមួយ នៅទីស្នាក់ការ គ.ជ.ប ដើម្បីឃ្លាំមើលពីភាពអព្យាក្រឹត្យរបស់ គ.ជ.ប ក្នុងដំណើរការរៀបចំការបោះឆ្នោតខាងមុខនេះ៕
Tag:
រ៉ូណាល់ ស្មីត
គជប
© រក្សាសិទ្ធិដោយ thmeythmey.com