ពីនេះ ពីនោះ
ត្រីក្បក ធើ្វដំណើរជាង២០០០គីឡូម៉ែត្រ ពីសមុទ្រ ចូលមករស់នៅក្នុងទន្លេមេគង្គ
× ត្រីក្បក មានឈ្មោះវិទ្យាសាស្ត្រ (Tenualosa thibaudeaui) និងឈ្មោះជាភាសាអង់គ្លេស Laotian shad ជាប្រភេទត្រីដែលគេសន្មតថា បានធ្វើចរាចរជាង ២០០០ គីឡូម៉ែត្រពីសមុទ្រ ចូលមករស់នៅតាមដងទន្លេធំៗ តំបន់ទំនាបតាមដៃទន្លេ និងទំនាបលិចទឹក ក្នុងទន្លេមេគង្គ។
-
ត្រីក្បក មានប្រវែងដងខ្លួនអតិបរមា ៣០ ស.ម និងមានទម្ងន់ ១គីឡូក្រាម ជាប្រភេទត្រីស៊ីតែចំណីតូចល្អិតៗ ដែលយើងមិនអាចមើលឃើញដោយភ្នែកទទេបាន ដូចជាផ្លុងតុងរុក្ខជាតិ ផ្លុងតុងសត្វ និងបាក់តេរី និងប្រភេទសត្វតូចល្អិតផ្សេងៗទៀត ដែលរស់ក្នុងទឹក។ ត្រីក្បក ធ្វើចរាចរផ្លាស់ទីចេញពីខ្សែទឹកខាងលើ ក្នុងប្រទេសឡាវ ចុះមកក្នុងប្រទេសកម្ពុជា ក្នុងខែកក្កដា ដោយអាចហូរតាមចរន្តទឹកជំនន់ពីទន្លេមេគង្គ និងចូលទៅក្នុងបឹងទន្លេសាប។ ក្នុងពេលទឹកបឹងទន្លេសាបស្រកចុះ ត្រីក្បក ក៏ធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាបចូលទៅក្នុងទន្លេមេគង្គវិញ។ ខណៈពេលទឹកទន្លេមេគង្គស្រកចុះ វាក៏ចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ល្បាក់ខោន ឆ្ពោះទៅភាគខាងត្បូងប្រទេសឡាវវិញ។ យ៉ាងហោចណាស់ មានតំបន់ពីរដែលត្រីប្រភេទនេះ រស់ច្រើនក្នុងអាងទន្លេមេគង្គ។
ទីមួយ នៅជុំវិញតំបន់សាយ៉ាបូរី ភាគខាងជើងប្រទេសឡាវ និងផ្នែកខ្សែទឹកខាងលើ។ ទីពីរ នៅទន្លេមេគង្គក្រោម ដែលវាធ្វើដំណើរចេញតំបន់ដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម ចូលទៅតំបន់ប៉ាកសាន ភាគខាងក្រោមទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ត្រីក្បក ត្រូវបានគេគិតថា ពងកូននៅភាគកណ្តាលនៃទន្លេមេគង្គ ដោយត្រីជំទង់ៗ រកចំណីនៅទីជម្រកក្នុងតំបន់ទំនាបលិចទឹក និងដៃទន្លេ។ ត្រីក្បក ត្រូវបានគេកត់ត្រាចូលក្នុង បញ្ជីក្រហម IUCNRed List (Vulnerable) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីងាយរងគ្រោះផុតពូជ ។ តំបន់អាងទឹកជ្រៅនៅតាមដងទន្លេមេគង្គ រវាងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ បើមានការសាងសង់ទំនប់វារិអគ្គិសនី នោះដង់ស៊ីតេមច្ឆជាតិប្រភេទនេះ នឹងងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុត។
(អត្ថបទៈ Chhut Chheana រូបភាពៈ Phanara Thach / USAID Wonders of the Mekong).
© រក្សាសិទ្ធិដោយ thmeythmey.com